ជាតិ
បទវិភាគ
ទម្រង់មានតម្លៃជាងខ្លឹមសារ ឬខ្លឹមសារមានតម្លៃជាងទម្រង់?
× ភ្នំពេញ៖ ជាទូទៅនៅក្នុងសង្គមខ្មែរ យើងសង្កេតឃើញថា មនុស្សមួយចំនួនឱ្យតម្លៃលើទម្រង់ សំបកខាងក្រៅ ឬ មុខមាត់ជាងខ្លឹមសារ, គុណភាព, សមត្ថភាព, សារជាតិ និង គុណតម្លៃ។ គោរពឋានៈជាងគោរពច្បាប់, គោរពច្បាប់ចរាចរណ៍តែពេលដែលមាននគរបាលប្រចាំការ, ឱ្យតម្លៃទ្រព្យជាងសេចក្ដីស្រឡាញ់ពិតរបស់កូនក្នុងការជ្រើសរើសគូស្រករ, ឱ្យតម្លៃអ្នកមានទ្រព្យនិងអ្នកធំ ជាងអ្នកខ្សត់ទ្រព្យនិងអ្នកតូច, ឱ្យតម្លៃមនុស្សចាស់ជាងមនុស្សដែលមានវ័យក្មេង...។
ជាការណ៍ពិត នៅក្នុងក្របខណ្ឌរដ្ឋបាលកម្ពុជា យើងបានឃើញមនុស្សភាគច្រើនគោរពបុគ្គលដែលមានឋានៈជាងគោរពច្បាប់, មានករណីជាច្រើនដែលយើងអាចលើកយកមកបង្ហាញដើម្បីគាំទ្រទឡ្ហីករណ៍នេះ ដូចជា បើទោះបីជាច្បាប់ចែងយ៉ាងណាក៏ ប្រសិនបើអ្នកធំដាក់បញ្ជាណាមួយខុសពីខ្លឹមសាររបស់ច្បាប់នោះ ក៏អ្នកតូចត្រូវតែធ្វើតាមដែរ។ មានករណីជាច្រើនទៀត អ្នកធ្វើច្បាប់មួយចំនួនតែងតែបង្កើតច្បាប់តាមសម្ដីដែលអ្នកធំនិយាយសន្យាជ្រុលមាត់ ឬ និយាយតាមឆន្ទៈរបស់ខ្លួនដោយមិនផ្អែកលើច្បាប់ដែលមានស្រាប់។
លើសពីនេះទៀត ករណីជាក់ស្ដែងខ្លះ អ្នកធំក្នុងស្ថាប័ន ឬ ក្រសួងមួយចំនួន អាចចេញសេចក្ដីសម្រេច ឬ សេចក្ដីជូនដំណឹងមួយដែលខុស ឬ ផ្ទុយពីអនុក្រឹត្យ, ព្រះរាជក្រឹត្យ ឬ ច្បាប់ បានដោយគ្មានទោស។ មិនតែប៉ុណ្ណោះ អ្នកធំមិនដែលទទួលទោសទេ ទោះបីជាពួកគេមានកំហុសធំឬតូចក៏ដោយ។ ចំណែកឯអ្នកតូចវិញ ដូចជា នគរបាល, អាជ្ញាធរមូលដ្ឋាន, មន្ត្រីតុលាការ, មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ជាដើម ក៏កម្រហ៊ានដាក់ទោស ឬ ចាត់វិធានការលើអ្នកធំដែរ, ផ្ទុយទៅវិញជារឿយៗ ពួកគេត្រូវបានមហាជនមើលឃើញថា ថែមទាំងបានជួយការពារ ឬ បិទបាំងកំហុសឱ្យអ្នកធំទៀតផង។
ចំពោះសង្គមខ្មែរទូទៅវិញ គេគោរពនិងឱ្យតម្លៃមនុស្សចាស់ច្រើនជាងក្មេង ដោយមិនសូវគិតពីចំណេះដឹង, បទពិសោធ, គំនិតច្នៃប្រឌិត, ទេពកោសល្យ, សីលធម៌, ឧត្តមគតិ, ភាពជាអ្នកដឹកនាំ និង គុណធម៌ ឡើយ។ លើសពីនេះទៅទៀត ប្រសិនបើមនុស្សចាស់នោះ ជាអ្នកមានឋានៈខ្ពស់ និង/ឬ មានទ្រព្យច្រើនទៀត ពួកគេនិយាយអ្វី ឬ ធ្វើអ្វីមួយក៏ត្រូវដែរ បើទោះបីជាសម្ដី ឬ ទង្វើនោះមិនសមហេតុផល មិនត្រឹមត្រូវតាមបច្ចេកទេ និង មិនស្របតាមគោលករណ៍ច្បាប់ ឬ សីលធម៌ក៏ដោយ ក៏វានៅតែត្រូវបានគេសរសើរថា ល្អណាស់ ប្រកបដោយភាពឈ្លាសវៃ និង គតិបណ្ឌិតដែរ។
ឯក្នុងជីវិតសាមញ្ញវិញ បុរស ឬ ស្ដ្រីខ្លះ សុខចិត្តរៀបការជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់ពីព្រោះតែទ្រព្យសម្បត្តិនិង/ឬឋានៈ, ប្រជាជនខ្លះសុខចិត្តលក់ផ្ទះដើម្បីទិញឡាន, លក់ដីដើម្បីទិញរបស់ទំនើប ឬ ខ្ចីលុយគេដើម្បីប្រារព្ធធីបុណ្យ ឬ ពិធីអាពាហ៍ពិពាហ៍ឱ្យបានគគ្រឹកគគ្រេងដូចអ្នកដែលមានទ្រព្រច្រើនដែរ។ សកម្មភាពទាំងអស់នេះ កើតឡើងដោយសារតែមនុស្សចង់បានមុខមាត់និងកិត្តិយសនេះឯង។
តាមពិត ទម្រង់ សំបកខាងក្រៅ ឬ មុខមាត់មិនមែនមិនសំខាន់ទេ វាពិតជាកត្តារួមផ្សំមួយដែលធ្វើមនុស្ស ឬ អ្វីមួយមានតម្លៃពេញលេញ ឬ តម្លៃបន្ថែម។ ប៉ុន្តែ វាត្រូវតែស្រប ឬ សមាមាត្រទៅនឹងខ្លឹមសារ សារជាតិ គុណភាព លទ្ធភាព និង គុណតម្លៃដែរ។ ឧទាហរណ៍ អ្នកធំដែលមានអំណាចច្រើន គេត្រូវតែមានភាពជាអ្នកដឹកនាំ, ការទទួលខុសត្រូវ, មានសីលធម៌, យុត្តិធម៌ និង ការគោរពច្បាប់កាន់តែច្រើនដែរ។ ឧទាហរណ៍ផ្សេងទៀត របាយការណ៍ល្អ ត្រូវតែមានលទ្ធផលការងារល្អដែរ, មនុស្សដែលមានរូបស្អាតឬវ័យចាស់ ក៏ត្រូវតែមានគំនិតល្អ មានចរិតល្អ មានចំណេះដឹងជ្រៅជ្រះ មានគតិបណ្ឌិត សមត្ថភាពសីលធម៌...សមស្របតាមនោះដែរ។ បើពុំដូច្នោះទេ វានឹងនាំឱ្យបាត់បង់តម្លៃទៅវិញ ដូចសុភាសិតខ្មែរពោលថា«ល្អតែរាងដូចឈ្នាងកណ្ដាច អាក្រក់តែរូបតែម្ហូបគ្រាន់ស៊ី»៕
© រក្សាសិទ្ធិដោយ thmeythmey.com