ជាតិ
លោក ស៊ីន ច័ន្ទ​ឆាយា ស្លាប់​ក្រោយ​បាន​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​របស់​ឪពុក៧៣បទ
21, Jan 2015 , 9:12 am        
រូបភាព
លោក ស៊ីន ច័ន្ទឆាយា និងម្តាយ ក្នុងពិធី​ទទួល​ច្បាប់កម្ម​សិទ្ធិ​បញ្ញានៅ​ក្រសួងពាណិជ្ជកម្ម​
លោក ស៊ីន ច័ន្ទឆាយា និងម្តាយ ក្នុងពិធី​ទទួល​ច្បាប់កម្ម​សិទ្ធិ​បញ្ញានៅ​ក្រសួងពាណិជ្ជកម្ម​
លោក ស៊ីន ច័ន្ទ​ឆាយា បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល​ក្រោយ​រអិលដួល​បោក​នឹង​ថ្ម​នៅមុខ​ផ្ទះ​ខ្លួនឯង​ក្នុង​សង្កាត់​ទឹកល្អក់៣ រាជធានី​ភ្នំពេញ។ មរណភាព​ក្នុង​អាយុ៥៧ឆ្នាំ​របស់លោក ច័ន្ទ ឆាយា បាន​កើតឡើង​ត្រឹមតែ​ជាង១ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោក និង​ក្រុមគ្រួសារ​ទទួល​សិទ្ធិ​លើ​បទ​ចម្រៀង​ចំនួន៧៣បទ​ដែលជា​ស្នាដៃ​និពន្ធ ទំនុកច្រៀង និង​បទ​ភ្លេង​ដោយ​អធិរាជ​សំឡេង ស៊ីន ស៊ី​សាមុត។



លោក ស៊ីន ច័ន្ទ​ឆាយា កើត​នៅ​ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៥៣ ជា​កូន​ម្នាក់​ក្នុងចំណោម៤នាក់​របស់​អធិរាជ​សំឡេង​មាស​ខ្មែរ លោក ស៊ីន ស៊ី​សាមុត (កើត​នៅ​ឆ្នាំ១៩៣៥ និង​ស្លាប់​នៅ​សម័យ​ខ្មែរក្រហម) ជាមួយ​អ្នកស្រី ខាវ ថង​ញ៉ុ​ត។ លោក​មាន​បងស្រី​ម្នាក់ គឺ​អ្នកស្រី ស៊ីន យុទ្ធណា។ លោក ច័ន្ទ​ឆាយា មានកូន៣នាក់ (ប្រុស២ ស្រី១ ) ជាមួយ​ភរិយា​ឈ្មោះ សំ សាន ដែលជា​អតីត​អ្នកចម្រៀង​ផងដែរ។

ក្នុង​គោលបំណង​អភិរក្ស​ស្នាដៃ​របស់លោក ស៊ីន ស៊ី​សាមុត ដែលជា​ឪពុក លោក ស៊ីន ច័ន្ទ​ឆាយា និង​ក្រុមគ្រួសារ​បានរួម​គ្នា​បង្កើត «សមាគម ស៊ីន ស៊ី​សាមុត»។ លោក​ធ្លាប់បាន​លើកឡើងថា ចន្លោះ​ពី​ឆ្នាំ១៩៥០ ដល់​ឆ្នាំ១៩៧៥ លោក ស៊ីន ស៊ី​សាមុត បាន​ច្រៀង​សរុប​ប្រមាណ១ម៉ឺន​បទ។

កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ពោលគឺ​ជាង​មួយខែ​កន្លងមក តាមរយៈ​ពិធី​មួយ​នៅ​ក្រសួងពាណិជ្ជកម្ម លោក ស៊ីន ច័ន្ទ​ឆាយា អ្នកស្រី ខាវ ថង​ញ៉ុ​ត ដែល​ម្តាយ និង​សមាជិកគ្រួសារ បានទទួល​ច្បាប់​កម្មសិទ្ធិបញ្ញា​លើ​បទ​ចម្រៀង​ចំនួន៧៣បទ​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត។ ច្បាប់​កម្មសិទ្ធិ​ដែល​ប្រគល់​ដោយ​ផ្ទាល់ដៃ​ពី​សំណាក់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានអនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​លោក ស៊ីន ស៊ី​សាមុត ទទួលបាន​អត្ថប្រយោជន៍​ពី​ការធ្វើ​ពាណិជ្ជកម្ម​លើ​បទ​ចម្រៀង​ទាំងនោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com