ជាតិ
បទវិភាគ
CPP ត្រូវ​បង្ហាញ​សកម្មភាព​ជាជាង​ទ្រឹស្តី​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​មកវិញ!
30, Jan 2015 , 8:30 am        
រូបភាព
ភ្នំពេញ៖ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​តាំងពី​ក្រោយ​ការដួលរលំ​នៃ​របប​ប៉ុលពត​នៅ​ឆ្នាំ១៩៧៩ ។ គណបក្ស​វ័យ​ចំណាស់​ដែលមាន​កំណើត​នៅ​ឆ្នាំ១៩៥១មួយ​នេះ បាន​សម្រេចចិត្ត​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​មិន​ធ្លាប់មាន​ក្រោយ​ការបាត់បង់​អាសនៈ​ដ៏​ច្រើន​ចំនួន២២កៅអី​កាលពី​ឆ្នាំ២០១៣កន្លងមក។ តើ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បី​ទាក់ទាញ​ទំនុកចិត្ត​អ្នកគាំទ្រ​របស់ខ្លួន​មកវិញ?



ពី​ឆ្នាំ១៩៧៩ដល់​ឆ្នាំ១៩៩៣ គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លោក ហ៊ុន សែន ជា ស៊ីម និង​លោក ហេង សំរិន ជា​មេដឹកនាំ​បាន​កាន់​ក្បាលម៉ាស៊ីន​ប្រទេស​កម្ពុជា​តែឯង។ ពី​ឆ្នាំ១៩៩៣ដល់២០០៨ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ដឹកនាំ​ប្រទេស​ដដែល តែ​គណបក្ស​នេះ​ទទួលបាន​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ទី២ ក្រោយ​ការសម្រុះសម្រួល​ចែក​អំណាច​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ពី​ឆ្នាំ១៩៩៨ ដល់២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស ពេលខ្លះ ជា​រដ្ឋាភិបាលចម្រុះ ពេលខ្លះ ដឹកនាំ​តែម្នាក់ឯង ដូច​ពី​ឆ្នាំ១៩៧៩ដល់​ឆ្នាំ១៩៩៣ដែរ។

គួររម្លឹកថា កាលពី​ឆ្នាំ១៩៩៣ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​កៅអី​ចំនួន៥១ ។ នៅ​ឆ្នាំ១៩៩៨ គណបក្ស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន​អាសនៈ៦៤, កើន​ដល់៧៣កៅអី​នៅ​ឆ្នាំ២០០៣និង​កើន​ដល់៩០កៅអី​កាលពី​ឆ្នាំ២០០៨ ។ កំណើន​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ក្បាលម៉ាស៊ីន​ដោយ​លោក ហ៊ុន សែន ទទួលបាន​ជោគជ័យ​ជា​បន្ត​បន្ទាប់ពី​ឆ្នាំ១៩៩៣ដល់២០០៨ ។ តែ​ជា​អកុសល​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៣កន្លងមក​បាន​ទាញ​ទម្លាក់​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា​ពី៩០អាសនៈ​មក​នៅត្រឹមតែ៦៨កៅអី​សម្រាប់​អាណត្តិ​ទី៥(២០១៣-២០១៨)។

ការដាំ​ក្បាល​ចុះ​នៃ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​កំណើត​នៅ​ឆ្នាំ១៩៥១ក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៣កន្លងមក អាច​បណ្តាលមកពី​បញ្ហា​មួយចំនួន ក្នុងនោះ មាន៖ អំពើរ​ពុករលួយ អយុត្តិធម៌​សង្គម អត្រា​ខ្ពស់​នៃ​អ្នកគ្មានការងារ​ធ្វើ គម្លាត​កាន់​ធំ​រវាង​អ្នកមាន និង​អ្នកក្រ បញ្ហាដីធ្លី ការបាត់បង់​ធន​ធន​ធម្មជាតិ ការបែងចែក​កំណើនសេដ្ឋកិច្ច​គ្មាន​សមធម៌ មន្ត្រី​សាធារណៈ​គាបសង្កត់​ពលរដ្ឋ​ក្រីក្រ អ្នកមាន និង​អ្នកមានអំណាច​បង្ហាញ​ឥទ្ធិពល​ខ្លាំងពេក​នៅក្នុង​សង្គម។ល។

ការបាត់បង់​អាសនៈ​ចំនួន២២ក្នុង​រយៈពេល២០ឆ្នាំ(១៩៩៣-២០១៣)បានធ្វើអោយ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស«អាសន្ន»ក្នុង​ក្របខណ្ឌ​ផ្ទៃក្នុង​បក្ស ហើយ​គណបក្ស​ទទួលស្គាល់​ជា​សាធារណៈ​ថា ខ្លួន​ត្រូវតែ​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ។

ជាង​មួយ​ឆ្នាំក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៣កន្លងមក​កំណែទម្រង់ធំៗរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រាស្ត្រ​ខ្មែរ​មើលឃើញ​មុនគេ​គឺ​គណបក្ស​នេះ​បាន​ចាក់​បញ្ចូល​ឈាម​ថ្មី(យុវជន​បក្ស)ទៅក្នុង​ជួរ​រដ្ឋាភិបាល​ចាស់​ដែល​មន្ត្រី​ភាគច្រើន​បាន​ដឹកនាំ​ប្រទេស​តាំងពី​ក្រោយ​ឆ្នាំ១៩៧៩មកម្ល៉េះ។

នៅក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥របស់​គណបក្ស​ប្រជាជន​កម្ពុជា​គេ​សង្កេតឃើញ​មាន​រដ្ឋមន្ត្រី​វ័យក្មេង​និង​វ័យ​កណ្តាល​ដឹកនាំ​ក្រសួង​មួយចំនួន ក្នុងនោះ​មាន លោក សាយ​សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន, លោក ហង់ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ, លោក អូន ព័ន្ធមុន្នីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម។
ល។ ក្រៅពីនោះ​រដ្ឋមន្ត្រី​មួយចំនួនធំ​ស្ថិតក្នុង​វ័យ​ចំណាស់​បន្តិច​ហើយ។ដោយ​មិន​និយាយ​ពី​ធន​ធន​មនុស្ស​ក្នុង​ក្របខ័ណ្ឌ​តំណែង​រដ្ឋមន្ត្រី​គេ​ក៏​សង្កេតឃើញ​ផងដែរ តំណាងរាស្ត្រ​វ័យក្មេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ធនធានមនុស្ស​វ័យក្មេង​មួយចំនួន​ផ្សេងទៀត​ដែល​ត្រូវបានតែងតាំង​នៅក្នុង​តំណែងផ្សេងៗ និងធំៗនៅក្នុង​រដ្ឋបាល​របស់​លោក​ហ៊ុន សែន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ធនធានមនុស្ស​ជំនាន់​ក្រោយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បន្តវេន​ដឹកនាំ​គណបក្ស​និង​ដឹកនាំ​ប្រទេស​បន្តទៀត។

នៅក្នុង​វិស័យ​អប់រំ​កំណែទម្រង់​ពេល​ប្រឡង​បាក់​ឌុប​ត្រូវបាន​មហាជន​ទូទាំងប្រទេស​កម្ពុជា​សាទរ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង។ គុណភាព​សិក្សា​ជាទូទៅ​ត្រូវបាន​កែលម្អរ បើទោះបី​វា​មិនទាន់​ដល់​កម្រិត​ក៏ដោយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រាក់បៀវត្សរ៍​គ្រូបង្រៀន​និង​មន្ត្រីរាជការផ្សេងៗទៀត​ក៏​ត្រូវបាន​រដ្ឋាភិបាល​កែសម្រួល​ដំឡើង​អោយបាន​គួរសម​ផងដែរ។

នៅក្នុង​សេវាសាធារណៈ​ជាទូទៅ​វិញ​មន្ត្រីរាជការ​ថ្នាក់ក្រោម​ចាប់ផ្តើម​បម្រើ​ប្រជាពលរដ្ឋ​សកម្ម​ជាង​មុន​ដោយ​ទារ​កម្រៃជើងសារ​ខុសច្បាប់​តិចជាង​មុន​បើទោះបីជា​អំពើ​ផ្តេសផ្តាស​មួយចំនួន​នៅតែមាន​ក្តី។មន្ត្រីរាជការ​ថ្នាក់ក្រោម ថ្នាក់កណ្តាល​និង​ថា្នក់​លើ​គោរព​ការងារ​រដ្ឋ​ច្រើនជាង​មុន។

មន្ត្រី​ចេះ​ព្រួយបារម្ភ​ពី​ការងារ​រដ្ឋ ពីព្រោះ​ពួកគេ​ខ្លាច​ទទួលទោស​រដ្ឋបាល​ច្រើនជាង​មុន។ មន្ត្រីរាជការ​ខ្លះ​ចាប់ផ្តើម​ចេះ​អៀនខ្មាស​ចំពោះ​មហាជន​នៅពេលដែល​ពួកគេ​នៅ​បន្ត​មាន​វត្តមាន​នៅក្នុង​ហាង​ពិសារ​អាហារ​ពេលព្រឹក​ក្នុងខណៈ​ពេលដែល​ម៉ោង​ការងារ​របស់​រដ្ឋ​បានចាប់ផ្តើម​ហើយ​នោះ។អំពើពុករលួយ​ត្រូវបាន​កាត់បន្ថយ​ខ្លះ និង​លែង​សូវ​សម្ញែង​ដូច​មុន។អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ដំណើរការ​ដោយ​រលូន​និង​បាន​ចាប់ខ្លួន​ជន​ពុករលួយ​មួយចំនួន​ចាប់តាំងពី​ការបង្កើត​ស្ថាប័ន​នេះ​នៅ​ឆ្នាំ២០១០កន្លងមក។

គណបក្សប្រឆាំង​មាន​សិទ្ធិ​កោះហៅ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​មក​សាកសួ​រ​ទៅតាម​កាលវិភាគ​របស់​រដ្ឋសភាជាតិ។រដ្ឋាភិបាល​អនុញ្ញាតអោយ​បង្កើត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​អោយ​ចប់​នៅមុន​ដំណាច់ឆ្នាំ២០១៨ ។ រដ្ឋាភិបាល​បាននិងកំពុង​បន្ត​តែងតាំង​អ្នកនាំពាក្យ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​អោយបាន​ច្រើនជាង​មុន។ លំហូរ​ព័ត៌មាន​កាន់តែ​ទំ​លំ​ទូលាយ​ជាង​មុន។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​រដ្ឋាភិបាល​អនុ​ញ្ញាត​ជាគោលការណ៍​អោយមាន​វត្តមាន​ទូរទស្សន៍​កាន់កាប់​ដោយ​បក្សប្រឆាំង។លើសពីនេះទៅទៀត​មេដឹកនាំ​គណបក្សប្រឆាំង​ត្រូវបានតែងតាំង​អោយមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី​ក្នុងការ​ចរចា​ឬ​សន្ទនា​ពី​កិច្ចការ​ប្រទេសជាតិ​នានា​ជាមួយ​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង។

ចំពោះ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត តាម​សំណើរ​របស់​មហាជន(ម្ចាស់ឆ្នោត) សង្គម​ស៊ីវិល​និង​គណបក្សប្រឆាំង​គណៈកម្មកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវបានធ្វើ​ការកែទម្រង់​ស៊ីជម្រៅ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ។

ងាក​មក​និយាយ​ពី​បញ្ហា​សង្គម​សេដ្ឋកិច្ច​វិញ គេ​សង្កេតឃើញថា​រដ្ឋាភិបាល​បានសម្រេច​បង្ខំ​អោយ​ក្រុមហ៊ុន​ប្រេង​បញ្ចុះតម្លៃ​ប្រេងសាំង។រដ្ឋាភិបាល​ព្យាយាម​ដោះស្រាយ​វិវាទ​ដីធ្លី​និង​ជំរុញ​ការដកហូត​អាជ្ញាប័ណ្ណ​មួយចំនួន​ពី​ក្រុមហ៊ុន​ណា​ដែល​មិន​បានធ្វើ​សកម្មភាព។

ថ្មីៗចុងក្រោយ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​ត្រូវតែ​ដឹកនាំ​ប្រទេស​ដោយ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​អនុវត្តន៍​គោលការណ៍​និតិរដ្ឋ។

បើ​ផ្អែកលើ​ទឡ្ហីករណ៍​ខាងលើ លទ្ធផល​កំណែទម្រង់​នៃ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​បានចេញ​ជា​រូបរាង​មួយចំនួន​មែន។ តែ​ថា តើ​លទ្ធផល​នេះ​អាចធ្វើអោយ​អ្នកគាំទ្រ​របស់ខ្លួន និង​អាច​ទាញ​អ្នក​មិន​សប្បាយ​នឹង​គណបក្ស​មួយ​នេះ​អោយ​ត្រឡប់មក​គាំទ្រ​វិញ​ហើយ​ឬ​នៅ​នោះ? នេះ​ជា​សំណួរ​ដែល​ពិបាក​រក​ចម្លើយ​ពិតប្រាកដ​បន្តិច។

តែ​ទោះជា​យ៉ាងណាក្តី អ្នកវិភាគ​សង្គម​និង​នយោបាយ​ខ្លះ​អត្ថាធិប្បាយ​ថា លទ្ធផល​នៃ​កំណែទម្រង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា បូកផ្សំ​នឹង​ការវិលត្រឡប់​មកកាន់​ឆាកនយោបាយ​ឡើងវិញ​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​វត្តមាន​ថ្មី​នៃ​គណបក្ស​មូលដ្ឋាន​របស់លោក កែម ឡី និង​លោក យ៉ង់ សាំង​កុមារ រួមទាំង​បញ្ហា​កើតមាន​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ទៀត​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កាន់អំណាច​តាំងពី​ឆ្នាំ១៩៧៩មក ទំនងជា​អាច​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ​បាន​ខ្លះ។តែ​វា​មិន​ប្រាកដ១០០ភាគរយ​នោះទេ។

មិន​ប្រាកដ​ដោយសារតែ​អ្នកបោះឆ្នោត​សម័យថ្មី ទទួលបាន​ព័ត៌មាន​កាន់តែច្រើន ចេះ​ពិចារណា​កាន់តែ​ស៊ីជម្រៅ និង​មាន​ភាព​វ័យឆ្លាត​ខ្លាំង​ជាង​ការបោះឆ្នោតមុន។ ជា​លទ្ធផល​ត្រឡប់មកវិញ អ្នកនយោបាយ​ពិបាក​នឹង​ទោះ​ទាយ​ជំហរ​របស់​ពួកគេ​ណាស់។ អ្នកបោះឆ្នោត​កាន់តែ​ចេះ ហើយ​ពេលខ្លះ ពួកគេ​ចេះ​បោក និង​អាច​បោក​អ្នកនយោបាយ​បាន​ថែម​ទៀតផង។ និយាយ​បែប​ផ្សេង មានន័យថា​ពេលវេលា​ដែល​អ្នកនយោបាយ​ធ្វើ​ប្រជាភិថុតិ​ទំនងជា​ត្រូវ​បញ្ចប់​ហើយ​សម្រាប់​ឆ្នាំ២០១៧ និង២០១៨ ។

ទាំង​គណបក្ស​នៅក្រៅ​រដ្ឋាភិបាល ទាំង​គណបក្សកាន់អំណាច ពិបាក​នឹង​បញ្ចុះបញ្ចូល​ពួកគេ​អោយ​គាំទ្រ​ណាស់ ប្រសិនបើ​គណបក្ស​ទាំងនោះ មិនបាន​បង្ហាញ​សកម្មភាព​ជាក់ស្តែង​លើសពី​សកម្មភាព​ធម្មតា។ កាលពី​ពេលមុន អ្នកនយោបាយ​អាច​ប្រើប្រាស់​អំណោយ​ខ្លះ និង​ទ្រឹស្តី​ខ្លះ ដើម្បី​ទាក់ទាញ​ទឹកចិត្ត ឬ​អន្ទង​ចិត្ត​អោយ​ពួកគេ​គាំទ្រ​បាន។ ប៉ុន្តែ ពេលនេះ អ្នកនយោបាយ​ត្រូវ​បង្ហាញ​សកម្មភាព​ជាក់ស្តែង និង​ផ្តល់​ផលប្រយោជន៍​ដល់​ជាតិ និង​ដល់​ពួកគេ​ទើប​ពួកគេ​អាច​បោះឆ្នោត​គាំទ្រ។

តើ​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​ដើម្បី​រក្សា​ប្រជាប្រិយភាព ឬ​ទាញ​ប្រជាប្រិយភាព​យកមក​វិញ​នោះ?

ចម្លើយ​អាច​ថា ធ្វើបាន​ខ្លះ និង​មិនទាន់បាន​ខ្លះ។ អ្វីដែល​ពលរដ្ឋ​ទន្ទឹងរង់ចាំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងកាន់​អំណាច​នោះ គឺថា យុត្តិធម៌​សង្គម​ពិតប្រាកដ, និតិរដ្ឋ​ជាក់ស្តែង, ការ​អនុវត្ត​​គោលការណ៍​ប្រជាធិបតេយ្យ​ត្រឹមត្រូវ, បក្សពួកនិយម និង​គ្រួសារនិយម​ត្រូវ​កាត់បន្ថយ,អំពើរ​ពុករលួយ​ត្រូវ​កាត់បន្ថយ,ប្រាក់ខែ​សមរម្យរ​ស់បាន​ថ្លៃថ្នូរ,ស្ថិរភាព​តម្លៃ​ផ​លិ​ផល​កសិកម្ម, បំពេញ​ក្រពះ​ស្រេកឃ្លាន​របស់​អ្នកក្រីក្រ,ថ្នាក់ដឹកនាំ​រដ្ឋ​គ្មាន​សមត្ថភាព​ត្រូវ​ផ្លាស់ប្តូរ​តំណែង,មន្ត្រី​អសកម្ម​ត្រូវ​ទទួលទោស​រដ្ឋបាល។

ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ជម្នះ​ឧបសគ្គ​ខាងលើនេះ​បាន​តាមរយៈ​សកម្មភាព​ជាក់ស្តែង ពោលគឺ​មិនមែន​ទ្រឹស្តី​នៅលើ​ក្រដាស ឬ​បបូ​មាត់​ពេលនោះ គេ​រំពឹងថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​ទាញ​ប្រជាប្រិយភាព​បានមក​វិញ​បាន​ខ្លះ​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់២០១៧ និង​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៨ ។

ជាការ​ពិត សម្រាប់​ការបោះឆ្នោត​ឆ្នាំ២០១៧ និង២០១៨ ពលរដ្ឋ(ម្ចាស់ឆ្នោត)ត្រូវ​ការអោយ​រដ្ឋាភិបាល​ជួយ​បំពេញ​ក្រពះ​របស់​ពួកគេ ត្រូវការ​យុត្តិធម៌ និង​សេរី​ភាពជា​ចម្បង​តែប៉ុណ្ណោះ។ តែ​សម្រាប់​ការបោះឆ្នោត​ក្រោយពី​ឆ្នាំ២០១៨ទៅ​តម្រូវការ​របស់​អ្នកបោះឆ្នោត​កាន់តែ ខ្ពស់​និង​ធំ​ជាង​មុន និង​ខ្ពស់ជាង​មុន មានន័យថា ក្រោយពី​ពួកគេ​មានអ្វីៗជា​មូលដ្ឋាន​សម្រាប់​រស់​ហើយ ពួកគេ​ត្រូវការ​តម្លៃ​នៃ​ជីវិត​ត្រូវ​ការកម្រិត​យុត្តិធម៌​កាន់តែ​សុក្រឹត​និង​សេរីភាព​កាន់តែ​ទូលាយ​ជាង​មុន។ ហើយ​នេះ គឺជា​អ្វីដែល​អ្នកនយោបាយ​ជាទូទៅ​ត្រូវ​ពិចារណា និង​យកចិត្តទុកដាក់​ទុកជាមុន ប្រសិនបើ​ពួកគេ​ចង់​ទទួលបាន​ការគាំទ្រ​ជា​និរន្តរ៍​ពី​ម្ចាស់ឆ្នោត៕

តារាងសង្ខេបសំឡេងឆ្នោត ១៩៩៣-២០១៣ ឆ្នាំ២០១៣
. ឈ្មោះ ចំនួនអាសនៈ
គណបក្សប្រជាជនកម្ពុជា ៦៨
គណបក្សសង្គ្រោះជាតិ ៥៥
 ឆ្នាំ២០០៨
. ឈ្មោះ ចំនួនអាសនៈ
គណបក្សប្រជាជនកម្ពុជា ៩០
គណបក្សសមរង្ស៊ី ២៦
គណបក្សសិទ្ធិមនុស្ស
គណបក្ស នរោត្តរណឫទ្ធិ
គណបក្សហ្វុនសិនប៉ិច
 ឆ្នាំ២០០៣
. ឈ្មោះ ចំនួនអាសនៈ
គណបក្សប្រជាជនកម្ពុជា ៧៣
គណបក្សសមរង្ស៊ី ២៤
គណបក្សហ្វុនសិនប៉ិច ២៦
ឆ្នាំ១៩៩៨
. ឈ្មោះ ចំនួនអាសនៈ
គណបក្សប្រជាជនកម្ពុជា ៦៤
គណបក្សសមរង្ស៊ី ១៥
គណបក្សហ្វុនសិនប៉ិច ៤៣
 ឆ្នាំ១៩៩៣
. ឈ្មោះ ចំនួនអាសនៈ
គណបក្សប្រជាជនកម្ពុជា ៥១
គណបក្សហ្វុនសិនប៉ិច ៥៨
គណបក្ស ប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា(សឺនសាន) ១០
គណបក្ស ម៉ូលីណាកា និងអ្នកតស៊ូខ្មែរដើម្បីសេរីភាព
 



© រក្សាសិទ្ធិដោយ thmeythmey.com