ជាតិ
សង្គមជាតិ
ទីបំផុតទៅ ការផ្សាយពាណិជ្ជកម្មលើសេវាកម្មផលិតព្រហ្មចារីស្ត្រី ត្រូវបានហាមឃាត់
× សេវាកម្មអំពីបច្ចេកវិទ្យាវះកាត់ ដេរ ព្រហ្មចារី និងកែរូបរាងប្រដាប់បន្តពូជស្ត្រីរបស់មន្ទីរពេទ្យអន្តរជាតិវ៉ិចតូរៀ មិនត្រូវបានអនុញាត្តឲ្យបន្តផ្សាយពាណិជ្ជកម្មនៅតាមវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្តី និងគេហទំព័រទៀតឡើយ។ នេះបើយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ញើទៅកាន់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ។
លោក ខៀវ កាញារីទ្ធ បានសរសេរនៅក្នុងលិខិតរបស់ខ្លួនថា ការផ្សាយពាណិជ្ជកម្មរបស់មន្ទីរពេទ្យអន្តរជាតិវ៉ិចតូរៀ នៅតាមប្រព័ន្ធផ្សព្វផ្សាយនានាស្តីពីវាកម្មអំពីបច្ចេកវិទ្យាវះកាត់ ដេរ ព្រហ្មចារី និងកែរូបរាងប្រដាប់បន្តពូជស្ត្រី ដោយមានការអត្ថាធិប្បាយពន្យល់ហួសហេតុពេកនាំឲ្យប៉ះពាល់ដល់សីលធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់សង្គមកម្ពុជា។
ដើម្បីចៀសវាងផលអវិជ្ជមានអំពីការផ្សាយពាណិជ្ជកម្មអត្ថាធិប្បាយបកស្រាយពន្យល់អតិថិជនទាក់ទងនឹងសេវាកម្មខាងលើ ក៏ដូចជាប៉ះពាល់អារម្មណ៍របស់ប្រជាជនទូទៅ លោករដ្ឋមន្ត្រី បានស្នើឲ្យថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយទាំងអស់បញ្ឈប់ការផ្សាយបែបនេះជាបន្ទាន់។
ការសម្រេចហាមឃាត់ពាណិជ្ជកម្មរបស់មន្ទីរពេទ្យអន្តរជាតិវ៉ិចតូរៀ ដែលបានផ្សព្វផ្សាយជាច្រើនខែឆ្នាំកន្លងមកនេះ គឺយោងតាមមាត្រា១៤ និង១៦ នៃច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា១៤ ចែងថា សារព័ត៌មានមិនត្រូវបោះពុម្ពផ្សាយនូវអ្វីដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គមជាតិ ហើយអ្នកប្រព្រឹត្តអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀល។
ចំណែកមាត្រា១៦ចែងថា ដំណឹងផ្សាយពាណិជ្ជកម្មអាចចាត់ទុកថាមានលក្ខណៈភូតកុហក បើការផ្សាយនោះមានន័យបំផ្លើសហួសហេតុអំពីគុណភាព ឬគុណសម្បត្តិផលិតផល ឬសេវាណាមួយ បណ្តាលឲ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំអំពីគុណភាព ឬគុណសម្បត្តិនោះ។ ការផ្សាយពាណិជ្ជកម្មរបៀបនេះ ត្រូវហាមឃាត់ ប៉ុន្តែសារព័ត៌មនាដែលចុះផ្សាយដំណឹងភូតកុហកនេះ មិនមែនជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ទេ លើកលែងតែសារព័ត៌មាននេះនៅតែបន្តផ្សាយដំណឹងនេះ ក្រោយពីទទួលការហាមប្រាមជាលាយល័ក្ខណ៍អក្សរពីតុលាការ ឬក្រសួងមានសមត្ថកិច្ចរួចហើយ។ ការផ្សាយពាណិជ្ជកម្មភូតកុហកអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១លានរៀល ទៅ៥លានរៀលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com