អន្តរជាតិ
អាជ្ញាធរ​​វៀតណា​ម​ កប់​​ឆ្មា​​ដឹក​​មក​ពី​​ចិន​​រាប់​ពាន់​ក្បាល​ ទាំង​​រស់​
05, Feb 2015 , 10:51 am        
រូបភាព
ដោយ:
ឆ្មា​រាប់ពាន់​ក្បាល​ដែល​ដឹក​មកពី​ចិន​⁣​ចូល​ស្រុក​វៀតណាម​ដោយ​ខុសច្បាប់​⁣⁣⁣ កាលពី​ថ្ងៃ​អង្គារ​⁣⁣ ត្រូវបាន​អាជ្ញាធរ​វៀតណាម សម្រេចចិត្ត សម្លាប់ចោល​⁣ ដោយ​ប្រើ​វិធី​កប់​ទាំង​រស់​តែម្តង។⁣⁣⁣ សមាគម​អង្គការ​ការពារ​សត្វ​នានា​បាន​បរិហារ​ទង្វើ​វៀតណាម​ថា​អមនុស្សធម៌។⁣⁣ លោកស្រី​⁣ Brigitte Bardot ជា​តួកុន​ជើងចាស់​បារាំង​បាន​សរសេរ​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​វៀតណាម ទាមទារ​អោយ​វៀតណាម​អនុម័ត​ច្បាប់​ហាមឃាត់​ការនាំ​ចូល​សត្វ​ឆ្កែ​ឆ្មា​ក្នុងស្រុក អោយបាន​ចប់សព្វគ្រប់។


ម្សិលមិញ ប៉ូលិស​វៀតណាម​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយរូប​⁣⁣⁣ បាន​ពន្យល់​ទៅ​សារ​ព័ត​មានបារាំង​AFP ទាក់ទង​នឹង​ការ​កប់​ឆ្មា​រាប់ពាន់​ក្បាល​ទាំង​រស់​នេះ​ថា​⁣ ឆ្មា​ទាំងនេះ ត្រូវបាន​នាំមក​ពី​ចិន​⁣​ដោយ​គ្មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​⁣ ហើយ​ថែមទាំង​មិនបាន​ត្រូវគេ​ដាក់​ដាច់ដោយឡែក​⁣​ស្របតាម​វិធានការ​សុខភាព​អនាម័យ​ទៀតផង។⁣ ឆ្មា​ច្រើន​ក្បាល​បាន​ស្លាប់។ ដោយសារតែ​ធំ​ក្លិនស្អុយ​⁣ និង​ខ្លាច​ឆ្លង​ជំងឺ ទើបបានជា​អាជ្ញាធរ​កប់​ទាំង​រស់​តែម្តងទៅ។

គួររំលឹកថា​⁣ កាលពី​ថ្ងៃ​អង្គារ​⁣ នៅ​ក្រុង​ហាណូយ ប៉ូលិស​បាន​រកឃើញ​ឡាន​កាំ​ម្ញ៉ុ​ង​ទំងន់៣តោន​⁣​មួយគ្រឿង​⁣ ដឹក​ឆ្មា​រាប់ពាន់​ក្បាល។ ដ្បិតថា​វៀតណាម​បាន​កប់​ឆ្មា​ទាំង​រស់​មែន​⁣⁣ ប៉ុន្តែ​ទង្វើ​នេះ​ស្របតាម​និ​តី​វិធី​ច្បាប់​វៀតណាម​ស្តីពី​ទំនិញរត់ពន្ធ​ខុសច្បាប់។⁣⁣ កន្លងមក​⁣ វៀតណាម ក៏​ធ្លាប់ប្រើ​វិធី​បែបនេះ​កំចាត់​មាន់​ខុសច្បាប់​⁣​ដូចគ្នា​ច្រើនសន្ធឹក​សន្ធាប់​ផងដែរ។

នៅ​វៀតណាម​⁣ គេ​និយម​បរិភោគ​សាច់​ឆ្មា។⁣ សត្វ​ឆ្មា​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​កូន​ខ្លា។⁣ ផ្ទុយទៅវិញ​⁣⁣ ការបរិភោគ​ឆ្មា​គឺ​ផ្ទុយ​នឹង​ច្បាប់​វៀតណាម​ទាំងស្រុង។ ទោះ​យ៉ាងនេះ​ក្តី ភោជនីយដ្ឋាន​ប្រហែល​ជាង១០កន្លែង​⁣​នៅ​ហាណូយ បានធ្វើ​ម្ហូប​ជាមួយ​សាច់​ឆ្មា​បំរើ​អតិ​ផិ​ជន​ទៀតផង។⁣ ប្រជាជន​វៀតណាម​ដែល​ចិញ្ចឹម​ឆ្មា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ មិនអោយ​ឆ្មា​ចេញពីផ្ទះ​⁣​ព្រោះ​ខ្លាច​ចោរលួច​យកទៅ​ស៊ី៕


© រក្សាសិទ្ធិដោយ thmeythmey.com