ជាតិ
បទវិភាគ
វិនាសកម្មព្រៃឈើពិតជាមិនអាចទប់ស្កាត់បានមែនឬ?
× របាយការណ៍ស្តីពីជំនួញឈើប្រណីតខុសច្បាប់ដើម្បីលក់ចេញទៅក្រៅប្រទេសដែលចេញផ្សាយជាថ្មីទៀតកាលពីសប្តាហ៍មុនបង្ហាញឲ្យឃើញថា ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជានៅតែបន្តកើតមានពេញបន្ទុកដដែល។ សារព័ត៌មានក្នុងស្រុកក៏បានផ្សាយជាញឹកញាប់អំពីជំនួញឈើប្រណីតដែលមិនអាចទប់ស្កាត់បានដែរ។ តើហេតុអ្វីបានជាដូច្នេះ?
អ្នកស្រឡាញ់ព្រៃឈើខ្មែរច្បាស់ជាបង្ហូរទឹកភ្នែកនៅពេលដែលគេបានឃើញឈើដ៏មានតម្លៃយ៉ាងមហាសាលត្រូវបានគេកាប់និងដឹកជញ្ជូនជារៀងរាល់ថ្ងៃទៅលក់ឲ្យប្រទេសជិតខាង។ ឈើប្រណីតដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្មែរត្រូវបានក្រុមឈ្មួញឃុបឃិតជាមួយសមត្ថកិច្ចមួយចំនួនកាប់បំផ្លាញជារៀងរាល់ថ្ងៃ។ ទឹកប្រាក់ដ៏សន្ធឹកសន្ធាប់បានហូរចូលក្នុងហោប៉ៅបុគ្គលឯកជនខណៈដែលរដ្ឋក្រីក្ររកលុយចិញ្ចឹមមន្ត្រីរាជការឲ្យសមរម្យមិនបាន។
ជាការពិតណាស់ ប្រទេសកម្ពុជាសម្បូរដោយសម្បត្តិធម្មជាតិមហាសាល៖ រ៉ែមាស ត្បូងពេជ្រ និងរ៉ែលោហធាតុមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងដី។ នៅក្នុងទឹកឯណោះវិញ ក៏មានធនធានមច្ឆជាតិដ៏សម្បូរបែបដែលគ្មានប្រទេសណាដូច។ នៅលើដីមានព្រៃឈើដ៏មានតម្លៃមហាសាល។ ប៉ុន្តែ ទីបំផុតទៅ ធនធានធម្មជាតិទាំងក្នុងដី លើដី និងក្នុងទឹក កំពុងរងការវិនាសហិនហោចស្ទើរអស់ទៅហើយដោយសារតែភាពអនាធិបតេយ្យនៃអាជីវកម្មដែលមិនអាចគ្រប់គ្រងបាន។
ធនធានធម្មជាតិទាំងនោះប្រសិនបើរដ្ឋអាចគ្រប់គ្រងនិងប្រើប្រាស់ឲ្យសមស្របតាមលក្ខណៈបច្ចេកទេសនិងដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិ ម្ល៉េះសមកម្ពុជាមិនបាច់សុំជំនួយពីបរទេសច្រើនឡើយ។ ប៉ុន្តែ គួរឲ្យសោកស្តាយ ធនធានធម្មជាតិមហាសាលទាំងនោះមិនបានបម្រើឲ្យសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋទូទៅឡើយ តែវាបានជាប្រយោជន៍តែចំពោះបុគ្គលមួយក្តាប់តូចដែលជាឈ្មួញ និងសមត្ថកិច្ចមួយចំនួនឃុបឃិតយកលុយចូលហោប៉ៅតែប៉ុណ្ណោះ។ ចំណែកឯសេដ្ឋកិច្ចជាតិនៅតែក្រ រីឯខ្មែរម្ចាស់ស្រុកដែលភាគច្រើនក្រីក្ររកតែកូនឈើធ្វើផ្ទះមិនទាំងបានផង។
និយាយពីវិនាសកម្មព្រៃឈើ ការដឹកជញ្ជូនសឹកជើងស្តើងផ្លូវរបស់ក្រុមឈ្មួញកំពុងបន្តកើតឡើងបើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងការពាររបស់ប្រជាសហគមន៍ក៏ដោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ពលរដ្ឋក្រីក្រ និងជនបរទេសមួយចំនួនបែរជាអ្នកខិតខំធ្វើសកម្មភាពការពារព្រៃឈើខ្មែរ រីឯអាជ្ញាធរមានសមត្ថកិច្ចនិងអ្នកមានឥទ្ធិពលដែលជាម្ចាស់ប្រទេសបែរជាមិនខ្វល់ខ្វាយពីរឿងការពារសម្បត្តិធម្មជាតិរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេមួយចំនួនបែរជាព្យាយាមរារាំងនិងដាក់ទោសអ្នកការពារធនធានធម្មជាតិទៅវិញក៏មាន។ នេះជាមូលហេតុចម្បងដែលនាំឲ្យបទល្មើសព្រៃឈើមិនអាចបង្ក្រាបបាន។
ប្រឈមមុខនឹងវិនាសកម្មព្រៃឈើបែបនេះ អាជីវកម្មឈើគ្រប់ប្រភេទគួរតែត្រូវបានបញ្ឈប់ជាបន្ទាន់បើទោះជាការនាំចេញក្តីឬជាសិប្បកម្មកែច្នៃក្នុងស្រុកក្តី ពីព្រោះមិនថាការកាប់ឈើដើម្បីបម្រើឲ្យការនាំចេញឬដើម្បីកែច្នៃនោះឡើយវាសុទ្ធតែជាការបំផ្លាញព្រៃឈើទាំងអស់។ ម្យ៉ាងទៀត សិប្បកម្មកែច្នៃជាទូទៅច្រើនតែបង្កើតឡើងគ្រាន់តែដើម្បីបិទបាំងចរាចរណ៍ឈើដើម្បីដឹកចេញទៅក្រៅប្រទេសតែប៉ុណ្ណោះ។ លុះដល់ពេលមានរឿងអាស្រូវផ្ទុះឡើង ពួកគេក៏បញ្ចេញសិប្បកម្មឲ្យឃើញថាឈើដែលខ្លួនកាប់និងដឹកជញ្ជូននោះគឺសម្រាប់បម្រើឲ្យសិប្បកម្មកែច្នៃដើម្បីបំពេញសេចក្តីត្រូវការក្នុងស្រុកតែប៉ុណ្ណោះ។
ដូច្នេះ បើបំណាច់នឹងគ្រប់គ្រងមិនបានដដែល រដ្ឋាភិបាលគួរតែបិទមិនឲ្យធ្វើអាជីវកម្មឈើគ្រប់ប្រភេទតែម្តងទៅជាការល្អជាងពីព្រោះការកាប់បំផ្លាញជារៀងរាល់ថ្ងៃបែបនេះ គ្មានឈើណាដុះទាន់នោះឡើយ។ សូមកុំភ្លេចថា ស្រុកខ្មែរយើង បើអស់ឈើមួយទៀត គឺគ្មានអ្វីសេសសល់ទៀតឡើយ។ កូនខ្មែរជំនាន់ក្រោយក៏ប្រាកដជាមិនបានស្គាល់អ្វីទៅជាក្រញូង បេង ឬនាងនួន ទៀតឡើយ។ ការបាត់បង់ព្រៃឈើក៏បង្កបញ្ហាសង្គមជាច្រើនទៀតដល់សង្គមដូចជា ទឹកជំនន់ និងបាត់បង់ជម្រកសត្វជាដើម។
ប្រសិនបើឈ្មួញឈើទាំងឡាយចេះអាណិតអាសូរប្រទេសជាតិរបស់ខ្លួន ពួកគេត្រូវតែបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ ចំណែកមន្ត្រីអ្នកមានអំណាចគ្រប់លំដាប់ថ្នាក់ ប្រសិនបើពួកគេស្រឡាញ់ជាតិមែន ត្រូវប្តូរផ្តាច់ធ្វើរឿងនេះឲ្យបានជាដាច់ខាតទោះជាក្នុងតម្លៃណាក៏ដោយ។ ការបណ្តែតបណ្តោយនឹងផ្តល់ផលអាក្រក់ដល់រដ្ឋាភិបាលវិញ។ ម្យ៉ាងទៀត រដ្ឋាភិបានអាណត្តិទី៥បានដាក់ចេញកំណែទម្រង់ស៊ីជម្រៅជាច្រើន។ កំណែទម្រង់ទាំងនោះនឹងគ្មានប្រសិទ្ធភាពទេប្រសិនបើរដ្ឋាភិបាលនៅតែមិនអាចលុបបំបាត់ប្រព័ន្ធឃុបឃិតគ្នាបាន។
ការឃុបឃិតជាខ្សែបណ្តាញនេះហើយដែលជាប្រភពនៃបរាជ័យនៃកំណែទម្រង់របស់រដ្ឋាភិបាលរាប់ទាំងបរាជ័យនៃកំណែទម្រង់ព្រៃឈើផង។ ប្រសិនបើការកាប់បំផ្លាញព្រៃឈើមិនអាចលុបបំបាត់បានទេ កម្ពុជានឹងក្លាយជាទីរហោស្ថានក្នុងពេលមិនយូរខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com