ជាតិ
ប៉ូលីស​អន្តោប្រវេសន៍​ឃាត់ខ្លួន​វៀតណាម​ខុសច្បាប់​ចំនួន ១៣នាក់​ក្នុង​ខណ្ឌចំការមន
14, Mar 2015 , 12:24 pm        
រូបភាព
ដោយ: ថ្មីៗ


ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ស្នងការ​រាជធានី​ភ្នំពេញ បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ឆ្លងដែន​ខុសច្បាប់​ចំនួន១៣នាក់ ក្នុងនោះ រួមមាន ស្រី្ត ៥នាក់ នៅក្នុង​សង្កាត់​ទន្លេបាសាក់ និង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​រសៀល​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នង​ដ្ឋា​ន​នគរបាលជាតិ។



បើតាម​ការផ្សាយ​របស់​គេហទំព័រ​ព័ត៌មាន​ប៉ូលីស ប្រតិបត្តិការ​ឃាត់ខ្លួន​នោះ គឺ​អនុវត្តតាម​ដីការ​របស់​តុលាការ ចុះបង្ក្រាប​ជនជាតិ​វៀតណាម ដែល​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់។

ប្រភព​លើ​បាន​ស្រង់​សំដី​មន្ត្រី​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការ​រាជធានី​ភ្នំពេញ មក​ផ្សាយ​យ៉ាង​ដូច្នេះ​ថា ជនជាតិ​វៀតណាម​ទាំងនោះ បាន​កាន់​លិខិតឆ្លងដែន​ទេសចរណ៍ ប៉ុន្តែ​ពួកគេ​បែរជា​មក​ប្រកប​របរ​ចិញ្ចឹមជីវិត និង​ដើរ​ស៊ីឈ្នួល​គេ​ខុសច្បាប់ ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ។

គេហទំព័រ​ប៉ូលីស​បាន​ផ្សាយ​បញ្ជាក់ថា កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍ បាន​ចុះទៅ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម ៣នាក់ នៅក្នុង​ហាង​អ៊ុតសក់ តាមផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ប្រភព​ដដែល បាន​បន្ត​ផ្សាយ​ថា បន្ទាប់ពី​ឃាត់ខ្លួន ស្ត្រី​ជនជាតិ​វៀតណាម​បាន៣នាក់​រួច សមត្ថកិច្ច​បាន​បន្តទៅ​ឃាត់ខ្លួន​ជន ជាតិ​វៀតណាម​ចំនួន ១០នាក់​ផ្សេងទៀត ដែល​លួច​សម្ងំ ធ្វើជា​កម្មករ​ជួសជុល​កង្ហា នៅផ្ទះ​ជួស​ជុ​លក​ង្ហា ស្ថិតក្នុង​សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌចំការមន៕


© រក្សាសិទ្ធិដោយ thmeythmey.com