ជាតិ
តុលាការ​សម្រេច​ឲ្យ​លោក ហ៊ី ណារិន អនុវត្ត​ទោស​តែ ១៨ខែ​ប៉ុណ្ណោះ
11, May 2015 , 12:45 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សាលក្រម​សម្រេច​ឲ្យ​អតីត​អធិការនគរបាល ខណ្ឌមានជ័យ ឈ្មោះ ហ៊ី ណារិន ភេទ​ប្រុស អាយុ ៦០ ឆ្នាំ ជាប់ពន្ធនាគារ​ចំនួន ៣ឆ្នាំ ប៉ុន្តែ​តុលាការ​តម្រូវ​ឲ្យ​អធិការ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​កឹ​ប​កេង​ថវិកា​ពុករលួយ ជាង ៧០ ម៉ឺន​ដុល្លារ​អាមេរិក​រូបនេះ អនុវត្ត​ទោស​តែ ១៨ខែ​ប៉ុណ្ណោះ។



ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កៅ វណ្ឌី បានប្រកាស សាលក្រម​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​ករណី​ពុករលួយ​របស់​អតីត​អធិការនគរបាល​ខណ្ឌ​មានជ័យ លោក ហ៊ី ណារិន នៅ​ថ្ងៃទី១១ ខែឧសភា​នេះ ។ សាលក្រម​នេះ បានសម្រេច​ឲ្យ​លោក ហ៊ី ណារិន ជាប់ពន្ធនាគារ​ព្រៃ​សរ​ចំនួន ៣ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​តែ ១៨ខែ​ប៉ុណ្ណោះ ព្រមទាំង​បង្គាប់ ឲ្យ​អ្នកទោស ហ៊ី ណារិន បង់ប្រាក់​ជូន​រដ្ឋ​ជាង ៥ពាន់​លាន​រៀល​ដែរ។

ក្នុង​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី១០ ខែមេសា​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កន្លងមក ជនជាប់ចោទ​ឈ្មោះ ហ៊ី ណារិន អតីត​អធិការនគរបាល​ខណ្ឌ​មានជ័យ បាន​សារភាព​កំហុស​និង​សុំ​ឲ្យ​ចៅក្រម​បន្ធូរ​បន្ថយទោស ពេលនោះ​ដែរ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញារង វង្ស ប៊ុន ពិ​សិ​ដ្ឋិ បាន​រក្សា​បទ​ចោទ​ចំនួន ៣ ករណី​ដដែល។

ប្រធាន​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​លោក កោ វណ្ឌី ថ្លែងថា លោក ហ៊ី ណារិន ត្រូវ​តំណាង​អយ្យការ​ចោទប្រកាន់​ចំនួន ៣ បទល្មើស រួមមាន​បទ​វិ​តិ​ក្រម ការ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ និង​ការ​គៃបំបាត់​ធ្វើ​ដោយ អ្នករាជការ តាម​មាត្រា ៣៧ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​និង​មាត្រា ៥៩២,៥៩៣,៥៩៧,៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ។

គួរ​បញ្ជាក់ថា ទាក់ទិន​នឹង​សំណុំរឿង​ពុករលួយ​នេះ លោក ហ៊ី ណារិន អតីត​អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស ៨ករណី និង​ការប្រមូល​ព័ត៌មាន​នានា​ជុំវិញ ការប្រព្រឹត្ត​នោះ ហើយ​ថា​អធិការ​រូបនេះ បាន​កិបកេង​លុយ​ជាង ២៧០០ លាន​រៀល ដែល​ប្រព្រឹត្ត​ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១៤ ។ ករណី​ល្មើស​ទាំងនោះ មាន ទី១៖ ទទួល​ប្រាក់​សំណូក​ពី​មន្ត្រីនគរបាល​អសកម្ម និង​មន្ត្រី​អវត្តមាន (ព្យួរ​ឈ្មោះ) ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។ ទី២៖ កិបកេង​ប្រាក់​និង​តម្រូវ​ឲ្យ​បង់លុយ​ចំនួន​ពី ២ ម៉ឺន​រៀល​ទៅ ៥ ម៉ឺន​រៀល សម្រាប់​សៀវភៅ​គ្រួសារ ១ ក្បាល និង​ថ្លៃ​បញ្ចូល​សមាជិក​ថ្មី​នៅក្នុង​សៀវភៅ​នោះ។ ទី៣៖ កិបកេង​ប្រាក់ និង​តម្រូវ​ឲ្យ​មន្ត្រី​ឬ​បុគ្គលិក​ក្រោម​ឱវាទ​ទិញ​អាវ​ចំណាំងផ្លាត និង​ស្រោម​កាំភ្លើង ដែលជា​របប​ឧបត្ថម្ភ ពី​ស្នងការ​នគរបាល​រាជធានី ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។

ទី៤៖ បាន​កិបកេង​ប្រាក់ឧបត្ថម្ភ​សម្រាប់​ហ្វឹកហាត់​ដើម្បី​ទប់ស្កាត់ បាតុកម្ម​ពី​នគរបាល​ក្រោម​ឱវាទ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។ ទី៥៖ បាន​តម្រូវ​ឲ្យ​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ម្ចាស់​រោងចក្រ​និង​ម្ចាស់​អាជីវកម្ម​នានា​នៅក្នុង​ខណ្ឌមានជ័យ បង់ប្រាក់​ប្រចាំខែ​ជូន​គាត់​ជា​រៀងរាល់ខែ។ ទី៦៖ តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​គ្មាន​ស្លាក ឬ កញ្ចក់ បង់ពិន័យ​ចំនួន ២ ម៉ឺន​រៀល ក្នុង ១ថ្ងៃ សម្រាប់​ថ្លៃ​រក្សាទុក​ក្នុង​អធិការ​ខណ្ឌ មានជ័យ និង​បញ្ជា​ឲ្យ​លក់​ម៉ូតូ​ដែល​ចាប់​ផាក​នៅពេល​ម្ចាស់​មិន​ចូលខ្លួន​មក ដោះស្រាយ។ ទី៧៖ បាន​កិបកេង​លុយ​និង​ប្រមូល​លុយ​ពី​ម៉ូតូ ឬ រថយន្ត​ដែល​ផាកពិន័យ​លើស​ច្បាប់​កំណត់ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ទី៨ បាន​តម្រូវ​ឲ្យ​បង់លុយ ១០ ភាគរយ (ឬ ១០ ម៉ឺន​រៀល) ពី​គូភាគី​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​អធិការ​ខណ្ឌមានជ័យ សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន៕





© រក្សាសិទ្ធិដោយ thmeythmey.com