ជាតិ
បទវិភាគ
សេ្ន​ហា​ក្នុង​វ័យ​សិក្សា តើ​ជា​គុណសម្បត្តិ ឬ​ជា​គុណវិបត្តិ?
01, Oct 2016 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
ពី​ខ្ញុំ រ៉ឹ​ម ភា​រី និស្សិត​សកល​វិទ្យាល័យ​ភ្នំពេញ



ពាក្យ​ថា ស្នេហា​គឺជា​សេចក្តីស្រលាញ់​ដ៏​បរិសុទ្ធ​ដែលមាន​ភាពស្និទ្ធស្នាល ការលះបង់ ការយកចិត្តទុកដាក់ ការ​ថ្នាក់​ថ្ម​ម ការយល់​ចិត្ត និង​ចំណាយ​ពេលវេលា​ចំពោះ​គ្នា​ទៅវិញទៅមក។ ស្នេហា​មាន​ច្រើន​ប្រភេទ​ដូចជា ស្នេហា​រវាង​ម្តាយ​និង​កូន មិត្តភក្តិ​និង​មិត្តភក្តិ បងប្អូន​និង​បងប្អូន ស្នេហា​រវាង​ប្រុស​ស្រី ជនរួមជាតិ និង​ស្នេហា​ចំពោះ​មនុស្សជាតិ​ទូទៅ។ ប៉ុន្តែ​អ្វីដែល​លើកឡើង​នៅទីនេះ​គឺជា​ប្រភេទ​ស្នេហា​រវាង​ប្រុស​ស្រី។ ពាក្យ​សង្សារ​ត្រូវបាន​ក្លាយជា​ពាក្យ​ពេញនិយម តែ​ក៏មាន​ការអនុវត្តន៍​ផងដែរ​ពី​សំណាក់​យុវវ័យ​ខ្មែរ។ នៅពេល​ជួបគ្នា​ដំបូង​រវាង​ប្រុស​ស្រី​គេ​តែង​សួរ​គ្នា​ថា តើ​មាន​សង្សារ​ហើយ​នៅ?

ទំនាក់​ទំនាក់​ស្នេហា​របស់​យុវវ័យ​ខ្មែរ មាន​សន្ទុះ​កើនឡើង​ជា​លំដាប់​បន្ទាប់ពី​ប្រពៃណី​ខ្មែរ “នំ​មិនធំ​ជាង​នាឡិ” ត្រូវបាន​រលប់​ចេញពី​សង្គម​ខ្មែរ​ដោយសារ​ឥទ្ធិពល​សម្ភារៈ​និយម​ដូចជា         ស្មា​ត​ហ្វូ​ន  បណ្តាញ​សង្គម និង​បច្ចេកវិទ្យា​កាន់តែ​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ស្នេហា។     យុវវ័យ​ខ្លះ​មិនដែល​ស្គាល់មុខ​គ្នា​សោះ គឺ​តែ​សម្លេង​តាម​ទូរស័ព្ទ​ក៏​ដាក់ចិត្ត​ដាក់​កាយ​បង្កើត​ស្នេហា​តាម​រលកធាតុអាកាស។ ឯ​ខ្លះទៀត ប្រើ​ប្រព័ន្ធ​បណ្តាញ​សង្គម(Facebook) ដើម្បី​បង្ហាញ​រូបថត ឬ​ប្រើ​អន​ឡាញ(Line)ទំនាក់​ទំនាក់​គ្នា ព្រោះ​ឃើញ​ទាំងមុខ​ហើយ​អាច​និយាយ​រកគ្នា​បាន​ដូចជា​នៅ​ជិតគ្នា។ ខ្លះ​មាន​ស្នេហា​ឆ្លង​ប្រទេស ឆ្លង​ទ្វីប និង​ឆ្លង​ភព​ទៀតផង ដោយសារ​មាន​ប្រព័ន្ធ​ទំនាក់ទំនង​ងាយស្រួល។

ងាក​មក​និយាយ​ពី​ស្នេហា​របស់​សិស្ស​និស្សិត​ខ្មែរ​វិញ គឺ​កាន់​តែមាន​ភាពល្អូកល្អឺន​បន្ថែម​មួយកម្រិត​ទៀត ព្រោះ​សិស្ស​និស្សិត​មាន​ឳ​កាស​ជួបគ្នា​ច្រើន។ មធ្យោបាយ​ទាក់ទង​គ្នា​របស់​យុវវ័យ សម័យមុន​មាន​តាំងពី​ដាក់​សំបុត្រ​ក្នុង​កន្ត្រក់​កង់ ខ្ចី​សៀវភៅ​រួច​សរសេរ​សំបុត្រ​ដាក់​ក្នុងនោះ​ទើប​សង​ទៅ​នារី​ដែល​ខ្លួន​បាន​លួច​ប្រតិព័ទ្ធ។ ខ្លះទៀត​ឲ្យ​តែ​ឃើញ​ដំបូង​ផ្ទះ​មួយថ្ងៃ​ម្តង គឺ​សប្បាយចិត្ត​ដេកលក់​យ៉ាង​ស្កប់ស្កល់។ ទោះបីជា​យ៉ាងណាក៏ដោយ​ស្នេហា​សម័យបុរាណ      យុវវ័យ​សម័យ​នោះ​មិនសូវមាន​មានការ​ជ្រុលខ្លួន​មុន​រៀបការ​ដូច​សម័យ​បច្ចុប្បន្ន​នោះទេ។

រីឯ​យុវវ័យ សិស្ស​និស្សិត​ខ្មែរ​សម័យ​បច្ចុប្បន្ន​វិញ មាន​មធ្យោបាយ​ជាច្រើន ដូចជា​ណាត់គ្នា​ទៅ​រៀន​គួរ ធ្វើ​ខួបកំណើត មិត្តភក្តិ​ណែនាំ ជាពិសេស ការប្រើ​ទូរស័ព្ទ បណ្តាញ​សង្គម និង​អន​ឡាញ​ជាដើម។ សិស្ស​និស្សិត​ខ្លះទៀត ប្រើ​វិធី​ទៅលេង​ផ្ទះ​ដោយមាន​មិត្តភក្តិ​ច្រើន​ទៅជា​មួយ ក្នុង​គោលបំណង​ទៅ​ស្គាល់​ស្ថានភាព​គ្រួសារ​ផង និង​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ផង។ ឯ​ខ្លះទៀត​ប្រើ​វិធី​ត្រង់​តែម្តង​គឺ​សួរនាំ​ដោយត្រង់ៗ នៅពេល​មាន​ចម្លើយ​ពី​នារី​ដែល​ខ្លួន​ពេញចិត្ត​ថា ទំនងជា​យល់ព្រម​ក៏​ផ្តើម​ស៊ើប​ពី​ប្រវត្តិ ពី​គ្រួសារ​ពី​ការងារ​និង​ឈានទៅរក​ការចូល​ស្តី ដណ្តឹង​តែម្តង។

ស្នេហា​ក្នុង​វ័យ​កំពុង​សិក្សា បាន​ជួយ​ឲ្យ​យុវវ័យ​ខ្មែរ​មាន​កម្លាំង​ជម្រុញ​កាន់តែខ្លាំង​បន្ថែមទៀត ចំពោះ​ការសិក្សា​បន្ទាប់ពី​គ្រួសារ និង​សង្គម។ គូរ​ស្នេហ៍​ដែល​ស្រលាញ់គ្នា ចេះ​លើកទឹកចិត្ត​គ្នា ចេះ​បបួលគ្នា​រៀនសូត្រ    ប្រាប់​ពីនេះ​ពី​នោះ​ដែលមាន​អត្ថប្រយោជន៍​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​ទាំងអស់គ្នា។ គូរ​ស្នេហ៍​ខ្លះ​ខំរៀន ខំ​ស្រាវជ្រាវ ជួយ​ពន្យល់​គ្នា​ទៅវិញទៅមក​ពី​មេរៀន​ក្នុង​សាលា និង​បញ្ហា​ក្នុងសង្គមផ្សេងៗដើម្បី​ផ្តល់​ចំណេះដឹង និង​បទពិសោធ​ឲ្យ​គ្នា​ទៅវិញទៅមក។  មាន​សង្សារ​ក្នុង​វ័យ​សិក្សា​មិនមែនជា​កំហុស​នោះទេ ព្រោះ​មាន​សង្សារ​ក៏​អាចជួយ​គ្នា​ទៅវិញទៅមក​បានដែរ។ នៅពេល​យើង​ជួប​បញ្ហា​អ្វីមួយ ទីប្រឹក្សា​ដែល​ល្អ​គឺ​សង្សារ​របស់​យើង។ ពេល​អត់លុយ​ចាយ សង្សារ​របស់​យើង​ត្រូវបាន​ក្លាយជា​ធនាគារ​ដែ​ល​ផ្តល់​សេវា​កម្ចី​ដោយ​គ្មាន​ការប្រាក់ ឬ​ផ្តល់ប្រាក់​ជំនួយឥតសំណង។

ការស្រលាញ់គ្នា​ក្នុង​វ័យ​សិក្សា បានផ្តល់​ភាពកក់ក្តៅ​ឲ្យ​គ្នា​ទៅវិញទៅមក​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក។ បើ​និស្សិត​មក​រៀន​នៅ​ភ្នំពេញ ឆ្ងាយ​ពី​ផ្ទះ​ផង​គឺ​ការ​មាន​សង្សារ កាន់​តែមាន​ភាពល្អប្រសើ​រ​ខ្លាំងណាស់ ព្រោះ​នៅ​ភ្នំពេញ​ជា​ទឹកដី​ថ្មី មាន​បញ្ហា​ជាច្រើន​ដូចជា ចរាចរណ៍ ចោរកម្ម ប្លន់ និង​ការខ្វះខាតផ្សេងៗ ពេលនោះ​យើង​អាចជួយ​គ្នា​ទៅវិញទៅមក​បាន។ ចុះបើ​យើង​ពឹង​មិត្តភក្តិ ជា​ការពិត​មិត្តភក្តិ​ខ្លះ​យើង​អាច​ពឹង​បាន តែ​ភាគច្រើន​មិត្តភក្តិ​ដែល​រាប់អាន​គ្រាន់តែ​ជា​មិត្តភាព​ដើម្បី​សប្បាយ​តែប៉ុណ្ណោះ ពេល​មាន​កម្មវិធី​សប្បាយ​ទើប​មាន​មិត្តភក្តិ តែ​ពេល​ជួប​បញ្ហា មិត្ត​ពិបាក​ពឹងពាក់​ណាស់។ ខុសពី​មិត្តភក្តិ សង្សារ​ជាម​នុស្ស​ដែល​ស្រលាញ់​យើង មាន​ភក្តីភាព និង​ការយកចិត្តទុកដាក់​ចំពោះ​យើង។

និយាយ​បែប​ហ្នឹង មិនមែន​មានន័យថា មាន​សង្សារ​ក្នុង​វ័យ​សិក្សា​សុទ្ធសឹង​មាន​អត្ថប្រយោជន៍​នោះទេ ព្រោះ​សង្សារ​ក៏បង្ក​ភាពស្មុគស្មាញ​ដល់​យើង​មិនតិច​នោះទេ។ ការរៀនសូត្រ​បាន​ថយចុះ ការចំណាយ​កាន់តែ​ខ្ពស់​ព្រោះ​ត្រូវយក​ពេលវេលា​ទៅ​ជួយ​សង្សារ ខាត​រៀន អស់​លុយ និង ពុំ​ទទួលបាន​ប្រយោជន៍​អ្វី​នោះទេ។ បើ​មាន​សង្សារ​ដែលមាន​ចិត្ត​មិន​ស្មោះត្រង់​ទៀត​នោះ ធ្វើ​ឲ្យ​យើង​រវល់​តែ​តាម​ប្រច័ណ្ឌ តាម​លោង​លោម តាម​អែបអប និង​ធ្វើ​ទង្វើ​គ្រប់យ៉ាង​ដើម្បី​ផ្គាប់ចិត្ត​គេ ព្រោះ​ខ្លាច​គេបោះបង់​ចោល។ មួយវិញទៀត សង្សារ​ខ្លះ​មានបំណង​មិនល្អ​ចំពោះ​យើង សភាព​ខាងក្រៅ​ល្អ តែ​បង្កប់​នូវ​ល្បិចកល ដូចជា អាច​បបួល​យើង​ទៅ​រួមភេទ ឬ​លក់ដូរ​យើង​ក៏មាន ហើយ​បើ​យើង​ប្រគល់​ប្រាណ​ហើយ​នោះ យើង​មិន​ចង់​ឲ្យ​សង្សារ​របស់​យើង​បែក​ពី​យើង​ទេ អីចឹង​ហើយ​យើង​កាន់តែ​តាម​អោប​ជើង​គេ​ទៀត ព្រោះ​បើ​បែក​គ្នា​ក្រែង​ខ្មាស​គេ។ មួយទៀត ទោះបីជា​សង្សារ​យើង​ជា​មនុស្ស​ស្មោះត្រង់ តែ​ជាម​នុស្ស​តាមតែ​ប្រចណ្ឌ​យើង យើង​ក៏​ពិបាក​ដែរ ដូចជា គ្រាន់តែ​និយាយ​ជាមួយ​ប្រុស​ណា​មិនបាន គឺ​រករឿង​រហូត ពេលខ្លះ​អាច​ខូច​ការណ៍​ព្រោះតែ​ការ​ប្រច័ណ្ឌ​មិនដឹងខ្យល់​របស់​សង្សារ​សំណ​ប់​ចិត្ត។
បើទោះបីជា​ស្រលាញ់គ្នា​ផ្អែម     ល្អែ​ម​យ៉ាងណា​នោះ ក៏ត្រូវ​ចំណាយលុយ​ប៉ាវ​គ្នា យកលុយ​ចូល​ហាង កន្លែង​សប្បាយផ្សេងៗ បើ សង្សារ​ហៅ មិន​ទៅ ប្រយ័ត្ន​ដាច់​គ្នា អីចឹង​ទៅ​រហូត ទាល់តែ​រីង​ហើយ​ម៉ែ ខំ​រកលុយ​ឲ្យ​រៀន វា​យកលុយ​ទៅ​ប៉ាវ​សង្សារ​វា​ចំណុច​នេះ​ត្រូវ​ច្រើន​ចំពោះ​ប្រុស។

សរុបមក ស្នេហា​ក្នុង​វ័យ​សិក្សា​មាន​ទាំង​ផល​វិជ្ជមាន​ផង និង​ផល​អវិជ្ជមាន​ផង។ វិជ្ជមាន​ត្រង់​ថា ការចេះ​ជ្រើសរើស​គូរ​សង្សារ​បាន​ត្រឹមត្រូវ និង​ចេះ​កែប្រែ​ពី​ការដើរ​លេង​ឬ​ចូល​កន្លែងថ្លៃៗ បែរ​មកជា​នាំគ្នា​ចូល​បណ្ណាល័យ ចេះ​ជួយ​ពន្យល់​មេរៀន ឬ​ពិភាក្សាគ្នា​រឿង​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ខ្លួន គ្រួសារ និង​សង្គមជាតិ គឺជា​គុណសម្បត្តិ​ដ៏​ប្រពៃ។ ស្នេហា​នេះ​នឹង​បាន​ដល់​កោះ​ត្រើយ បាន​រៀបការ​ជាមួយគ្នា​យ៉ាង​សុខដុមរមនា។ ប៉ុន្តែ​ស្នេហា​ក្នុង​វ័យ​នេះ ភាគច្រើន​មិន​ទទួលបាន​លទ្ធផល​ល្អ​ទេ គឺ​ផល​ល្អ​មាន​តិចជាង​ផល​អាក្រក់​ដូចជា បរាជ័យ​ក្នុងការ​សិក្សា ការ​ជ្រុលខ្លួន​មានកូន​មុន​រៀបការ និង​ការ​ខ្ជះខ្ជាយ​ថវិការ​ឪពុកម្តាយ​ជាដើម ហើយ​ទីបំផុត ត្រី​ឆ្តោរ​ក៏​អត់ ត្រី​រស​ក៏​អត់។ ដូច​ពាក្យចាស់​លោក​ពោលថា ស្នេហា​ក្នុង​វ័យ​សិក្សា​ដូច​ស្រាស់​បន្លា​រារាំង​វិជ្ជា ឬ​ស្រលាញ់​ស្រី ខ្លី​វិជ្ជា  គឺជា​ពាក្យ​ទូន្មាន​ដល់​កូន​ខ្មែរ​ទាំងឡាយ​កុំ​ឲ្យ​ស្រលាញ់គ្នា​ក្នុង​វ័យ​កំពុង​សិក្សា ព្រោះ​វា​ធ្វើ​ឲ្យ​បរាជ័យ​ក្នុងការ​សិក្សា។ ត្បិត​ពាក្យ​លោក​ពោល​នេះ ហាក់ដូចជា​ត្រូវបាន​យុវវ័យ​ប្រុស​ស្រី​បំភ្លេចចោល​នា​សម័យ​បច្ចុប្បន្ននេះ តែ​ពំនោល​នេះ នៅតែ​តាម​លង យុវវ័យ​ខ្មែរ​កុំ​ឲ្យ​ភ្លើតភ្លើន​ភ្លេចខ្លួន​ប្រព្រឹត្ត​កំហុស៕




 

© រក្សាសិទ្ធិដោយ thmeythmey.com