អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ប្រធាន​Wikileaks
04, Jul 2015 , 8:39 pm        
រូបភាព
ដោយ:

នៅ​ថ្ងៃ​សុក្រ ម្សិលមិញ រដ្ឋាភិបាល​បារាំង​បានប្រកាស​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​លោក​Julian Assange ជា​ប្រធាន​វេ​ប​សាយ​Wikileaksឡើយ។ ថ្មីៗនេះ ប្រធាន​Wikileaksរូបនេះ បាន​ទំលាយ​ថា អាមេរិក​លួច​ស្តាប់​ទូរ​សព្ទ​ប្រធានាធិបតី​បារាំង៣រូប ចន្លោះ​ឆ្នាំ២០០៦ដល់​ឆ្នាំ២០១។ ទោះ Assangeមានបំណង​ល្អ​ចំពោះ​បារាំង​ក្តី ក៏​បារាំង​លើកឡើងថា ស្ថានភាព​ផ្លូវច្បាប់​មិន​អាចអោយ​បារាំង​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​គាត់​ឡើយ។



យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌​មានបារាំង Le Monde ពលរដ្ឋ​អូស្ត្រាលី​ដែលជា​ស្ថាបនិក​និង​ជា​ប្រធាន​Wikileaks គឺ​លោក​Julian Assangeបាន​សរសេរ​លិខិត​មួយច្បាប់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ផ្ញើ​ទៅ​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស៊័​រ ហូ​ឡង់ សុំអោយ​លោក​ហូ​ឡង់​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​រូបលោក។ លោក​សរសេរថា បារាំង​ទទួល​លោក បារាំង​នឹង​សម្រេច​នូវ​ទង្វើ​មនុស្សធម៌ អាចជា​ទង្វើ​និមិត្តរូប លើកទឹកចិត្ត​អ្នកសារព័ត៌មាន​គ្រប់រូប ក្នុង​ពិភពលោក ដែល​ប្រថុយ​ជីវិត​ប្រចាំថ្ងៃ​ពួកគេ ដើម្បី​អនុញ្ញាតអោយ​ពលរដ្ឋ​គ្រប់រូប​ឈាន​ជើង​មួយ​ជំហាន​ថែមទៀត ឆ្ពោះទៅរក​ការពិត។

៤៥នាទី​ក្រោយ​ការសុំ​បែបនេះ វិមាន​អេ​លី​ហ្សេ​បាន​បដិសេធ​ភ្លាម​តែម្តង ដោយបាន​គូសបញ្ជាក់ថា លោក​Assange កំពុង​ជាប់​ក្នុង​ដីកាចាប់ខ្លួន​របស់​អឺរ៉ុប។ ដោយឡែក Wikileaksបាន​បដិសេធថា គ្មាន​លិ​ិ​ខិត​សុំ​សិទ្ធិ​ជ្រកកោន​សរសេរ​ទៅ​ប្រធានាធិបតី​បារាំង​ទេ។

ស្ថាបនិក​Wikileaks លោក​Julian Assange អាយុ៤៤ឆ្នាំ ជាប់ចោទ​ពីបទ​បំពាន​ផ្លូវភេទ​លើ​ស្ត្រី២នាក់ នៅ​ប្រទេស​ស៊ុយអែត កាលពី​ឆ្នាំ២០១។ ការចោទប្រកាន់​នៅ​ស៊ុយអែត ធ្វើឡើង​ក្រោយ​Wikileaks ចុះផ្សាយ​ឯកសារ៧៧០០០ច្បាប់ របស់​កងទ័ព​អាមេរិក​ស្តីពី​សង្គ្រាម​អា​ហ្វ​ហ្កា​នី​ស្ថាន។ កាលនោះ អាមេរិក​ខឹង​ខ្លាំងណាស់។ Wikileaksថែមទាំង​ប្រកាស​ចុះផ្សាយ​ឯកសារ​បន្ថែម១៥០០០ច្បាប់​ទៀតផង។

សព្វថ្ងៃនេះ ប្រធាន​Wikileaks កំពុងតែ​ជ្រកកោន​ក្នុង​ស្ថានទូត​អេក្វាទ័រ នៅ​ទីក្រុង​ឡុង​ដ៍។ នៅ​ស្ថានទូត​អេក្វាទ័រ Julian Assange មាន​កន្លែង​ស្នាក់នៅ​ផ្ទាល់ខ្លួន​តែ៥ម៉ែត្រការ៉េ​ប៉ុណ្ណោះ។ លោក​មិនអាច​ចេញទៅ​មន្ទីរពេទ្យ រឺក៏​ធ្វើ​លំ​ហាត់ប្រាណ​បានឡើយ។ រាល់ថ្ងៃ ប៉ូលិស​អង់គ្លេស​ត្រៀម​ចាំតែ​ចាប់ខ្លួន​រូបលោក បញ្ជូនទៅ​ប្រទេស​ស៊ុយអែត​ប៉ុណ្ណោះ អោយតែ​លោក​ហ៊ាន​ឈាន​ជើង​ចេញពី​ស្ថានទូត។

លោក​Assange មាន​គូស្នេហ៍​និង​កូនប្រុស​ជា​ជនជាតិ​បារាំង។ ថ្មីៗនេះ លោក​បាន​ទំលាយ​ព័ត៌មាន​ថា អាមេរិក​បាន​លួច​ស្តាប់​ទូរ​សព្ទ​ប្រធានាធិបតី​បារាំង ៣អាណត្តិ​ចុងក្រោយ​នេះ។ ទោះ​ដូច្នេះ​ក្តី ក៏​រដ្ឋាភិបាល​បារាំង​មិនអាច​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​លោក​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com