ជាតិ
គណៈកម្មាធិការអចិន្ត្រៃយ៍សភា សម្រេចកាត់ប្រាក់ខែលោក អ៊ុំ សំអាន និងបណ្តេញមិនឲ្យប្រជុំ
× នៅទីបំផុតទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានសម្រេចដាក់ទណ្ឌកម្មផ្នែករដ្ឋបាលលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដោយសំឡេង ៧ លើ១៣ សំឡេង ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រនេះ។
ពិន័យផ្នែករដ្ឋបាលនោះ គឺលោក អ៊ុំ សំអាន នឹងមិនអាចចូលរួមប្រជុំក្នុងរដ្ឋសភា ១៥ ពេល កាត់ប្រាក់ខែ ៥០ ភាគរយចំនួន ២ ខែ និងប្រកាសផ្សាយជាសាធារណៈនូវកំណត់ហេតុស្តីបន្ទោស ហើយបោះពុម្ពបិទផ្សាយនៅគ្រប់ឃុំនៃមណ្ឌលសៀមរាបរបស់លោក អ៊ុំ សំអាន។ ទាំងនេះជាការលើកឡើងរបស់លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗក្រោយកិច្ចប្រជុំនោះ លោក ឈាង វុន បានចាត់ទុកការពិន័យរបស់របស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា គឺជារឿងត្រឹមត្រូវ។ លោក បន្ថែមយ៉ាងនេះថា៖ « សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាមកពីបក្សប្រជាជនកម្ពុជា មិនអាចទទួលយកនូវទង្វើរបស់លោក អ៊ុំ សំអាន ធ្វើមកលើសម្តេចប្រធាននោះទេ»។ បើតាមអ្នកនាំពាក្យរដ្ឋសភារូបនេះ ក្នុងកិច្ចប្រជុំសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាមកពីបក្សសង្គ្រោះជាតិ មានលោក កឹម សុខា លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និងលោក យ៉ែម បុញ្ញឫទ្ធិ ជាដើម បានថ្លែងការពារលោក អ៊ុំ សំអាន និងសុំកុំឲ្យសម្រេចដាក់ទណ្ឌកម្មផ្នែករដ្ឋបាលលើលោក អ៊ុំ សំអាន។
តែសំណើនេះ ទទួលលទ្ធផលអវិជ្ជមាន ពីព្រោះសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា មានដល់ទៅ ៧ រូប ក្នុងចំណោមសមាជិកទាំងអស់ ១៣ រូប ដែលអាចមានសំឡេងគ្រប់គ្រាន់ ៥០ ភាគរយបូក ១ ដើម្បីដាក់ទណ្ឌកម្មលើលោក អ៊ុំ សំអាន បាន។
ឆ្លើយតបនឹងការសម្រេចនេះ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ យល់ថា ជាការសម្រចដែលលឿនពេក។« ខ្ញុំមិនខ្លាចនឹងទណ្ឌកម្មនោះទេ តែខ្ញុំគ្រាន់តែហួសចិត្តថា ទណ្ឌកម្មផ្នែករដ្ឋបាលនេះ ធ្វើឡើងដល់ដំណាក់កាលទី ៣ តែម្តង ដោយមិនធ្វើក្នុងដំណាក់កាលទី ១ និងទី ២ ដែលត្រូវហៅខ្ញុំ មកស្តីបន្ទោសសិន មុននឹងសម្រេចបែបនេះ»។ នេះជាការបញ្ជាក់របស់លោក អ៊ុំ សំអាន ។
លោក ឈាង វុន បានលើកឡើងថា ការពិន័យរដ្ឋបាលលើលោក អ៊ុំ សំអាន នេះ ជាដំណាក់កាលទី ១ ប៉ុណ្ណោះ ហើយប្រសិនបើលោក អ៊ុំ សំអាន មិនសម្របសម្រួលជាមួយលោក ហេង សំរិន នោះទេ នឹងឈានដល់តុលាការ។ លោក អ៊ុំ សំអាន ឆ្លើយតបថា រូបលោកនឹងសម្របសម្រួលជាមួយលោក ហេង សំរិន អំពីបញ្ហានេះ។ « បើចង់ឲ្យខ្ញុំសម្របសម្រួលពិភាក្សាជាមួយលោក ហេង សំរិន ខ្ញុំនឹងធ្វើវា បើអាចឲ្យលោក ហេង សំរិន ស្ងប់ចិត្តនោះ»។
Tag:
លោក អ៊ុំ សំអាន
រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com