ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ថា CNRP ប្រមូល​ថវិកាបង្កើត​ទូរទស្សន៍ ដើម្បី​ផ្គត់ផ្គង់​ចម្ការ​ម្រេច
26, Aug 2015 , 1:43 pm        
រូបភាព
ពី​ពិធី​ប្រកាស​ផ្សព្វផ្សាយ​និង​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥-២០២៥ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​វិមាន​សន្ដិភាព លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ដំណើរការ ប្រមូល​ថវិកា​សម្រាប់​បង្កើត​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ការប្រមូល​ថវិកានោះ គឺ​ដើម្បី​យកទៅ​ផ្គត់ផ្គង់​ចម្ការ​ម្រេច និង​ទុក​ចំណាយ​លើ​ថ្លៃ​យន្ដហោះ ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ប៉ុណ្ណោះ។



សូម​ស្ដាប់​សំឡេង៖



ឆ្លើយតប​នឹង​ការរិះគន់​របស់លោក ហ៊ុន សែន នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា ថវិកាមូល​និ​ធិ​បង្កើត​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិនដែល​បាត់បង់​នោះទេ សូម្បី​តែមួយ​កាក់ ឬមួយ​សេន។ លោក​ថា ថវិកា​ដែល​ប្រមូលបាន​នោះ គឺ​គណបក្ស​មាន​ហឹប​សម្រាប់​ទុកដាក់​ថវិកា និង​មាន​ឯកសារ​ច្បាស់លាស់​សម្រាប់​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​ប្រមូលបាន។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«លោក ហ៊ុន សែន ចេះតែ​និយាយ នេះ​ជា​ទម្លាប់​របស់គាត់ ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ​ចុះ។ គាត់​គួរតែ​គិតពី​ការបាត់​លុយ​របស់​ជាតិ ដោយសារ​អំពើពុករលួយ ប្រសើរ​ជាង​មក​គិតពី​ការប្រមូល​មូលនិធិ បង្កើត​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ»។

គិត​ត្រឹម​ថ្ងៃទី២៥ សីហា គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​វិភាគទាន និង​ទុនវិនិយោគ​ពី​សប្បុរសជន​ជិត ៥០ម៉ឺន ដុល្លារ​អាមេរិក​ហើយ សម្រាប់​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ ក្រោយពី​គណបក្ស​ចាប់ផ្ដើម​ប្រមូល តាំងពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥មក។ បើតាម​គម្រោង​បង្កើត​ទូរ​ទ្ស​សន៍​ព្រះអាទិត្យ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវការ​ប្រមូល​វិភាគទាន និង​ទុនវិនិយោគ​ចំនួន ៣លាន​ដុល្លារ ដើម្បី​សម្រេច​គោលដៅ​ដែល​បានកំណត់​ថា​បុ​ស្តិ៍​ទូរទស្សន៍​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ចុងឆ្នាំ២០១៥ ។


Tag:
 ហ៊ុន សែន
 យឹម សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com