ជាតិ
បណ្តេញ​ជនជាតិ​វៀតណាម​ជាង១៥០០នាក់ ក្នុង​រយៈពេល៨ខែ
29, Aug 2015 , 1:19 pm        
រូបភាព
 
ជនជាតិ​វៀតណាម ចំនួន១៥៣៣នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា បណ្តេញ​ចេញទៅ​ប្រទេស​របស់​ពួកគេ​វិញ ក្នុង​ឆ្នាំ២០១៥នេះ។ ជនជាតិ​វៀតណាម​ទាំងនោះ បាន​លួច​ឆ្លងដែន​មក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា។    

 
ក្នុង​រយៈពេល៨ខែ​ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​បណ្តេញ ជនជាតិ​វៀតណាម​ចំនួន១៥៣៣នាក់ ក្នុងនោះ​ស្រី២១៣នាក់ ចេញពី​ប្រទេស​កម្ពុជា។ នេះ​ជា​បញ្ជាក់ របស់លោក អ៊ុក ហៃ​សិឡា​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា។
 
លោក អ៊ុក ហៃ​សិឡា បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗយ៉ាង​ដូច្នេះ​ថា ជនអន្តោប្រវេសន៍​ទាំងនេះ គឺ​បានមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ នៅតាម​ការដ្ឋាន​សំណង់ សិប្បកម្ម​ធ្វើ​តុទូ កាត់​កញ្ចក់ និង​ខ្លះ​ក៏​រកស៊ី​ដោយ​ខ្លួនឯង​ដែរ ដូចជា​អូស​រទេះ​លក់​អ៊ី​វ៉ាន់ និង​អេតចាយ​ជាដើម។
 
ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បើ​គិតតែ​ក្នុង​ខែសីហា​នេះ មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន២៧០នាក់ ត្រូវបាន​អាជ្ញាធរ​រកឃើញ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម​ចំនួន២៥០នាក់។ នៅក្នុង​ខែសីហា​នេះដែរ មាន​ជនជាតិ​វៀតណាម​ចំនួន១២៩នាក់ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា ក្នុងនោះ​មាន​ស្រី៣២នាក់។
 
ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​តាម​ស្វែងរក​ជនអន្តោប្រវេសន៍ លោក អ៊ុក ហៃ​សិឡា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ជួយ​សហការ​ជាមួយ​សមត្ថកិច្ច ក្នុងការ​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍ ដែល​លួច​មក​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។ នាយកដ្ឋាន​អន្តោប្រវេសន៍ ក៏​អំពាវនាវ ទៅដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​សិប្បកម្ម ឲ្យ​ប្រើប្រាស់​កម្លាំង​ក្នុងស្រុក​ឲ្យ​អស់​លទ្ធភាព មុននឹង​សម្រេចចិត្ត​ជួល​កម្មករ​ជំនាញ​ពី​បរទេស និង​កុំ​ជួល​កម្លាំង​ពលកម្ម​ខុសច្បាប់ ត្រូវ​ឲ្យ​ពួកគាត់​បំពេញបែបបទ​ស្របតាម​ច្បាប់។
 
សូមបញ្ជាក់ថា រយៈពេល​ជាង១ ឆ្នាំ​មកនេះ  អាជ្ញាធរ​រកឃើញ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន៣,០២១នាក់ រួមមាន៤៦សញ្ជាតិ ក្នុងនោះ​ស្រី​ចំនួន៥០០នាក់។ ប៉ុន្តែ​បើ​រាប់​តែ​ជនជាតិ​វៀតណាម មាន​ចំនួន២,៥៩២នាក់ ក្នុងនោះ​ស្រី​ចំនួន៤៥៨នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com