ជាតិ
បទវិភាគ
«រៀនគួរ» កំពុងបំផ្លាញក្តីសង្ឃឹមកូនអ្នកក្រ និងរារាំងកំណែទម្រង់វិស័យអប់រំ!
× ភ្នំពេញ៖ ក្រៅពីទទួលបានប្រាក់បៀវត្សរ៍ គ្រូបង្រៀនមួយចំនួនធំ ឆ្លៀតរកប្រាក់ចំណូលពីការបង្រៀនក្រៅម៉ោង។ ការបង្រៀនក្រៅម៉ោង បានក្លាយជាទម្លាប់ទៅហើយសម្រាប់ ការអប់រំនៅកម្ពុជា ប៉ុន្តែទម្លាប់នេះ បាននឹងកំពុងតែបំផ្លាញក្តីសង្ឃឹមរបស់សិស្សក្រីក្ររាប់ម៉ឺននាក់ ដែលគ្មានលទ្ធភាព និងបានធ្វើឲ្យរាំងស្ទះដល់ការកសាងគុណភាពអប់រំ ផងដែរ។ តើហេតុអ្វីបានជាត្រូវការការបង្រៀនក្រៅម៉ោង? តើរៀនគួរក្រៅម៉ោងបំផ្លាញអនាគតកូនអ្នកក្រយ៉ាងដូចម្តេច?
នៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា កម្មវិធីរៀនគួរបន្ថែម ដោយយកប្រាក់ពីសិស្ស គឺពុំមានទេ ប៉ុន្តែ ការបើកឲ្យមានការបង្រៀនក្រៅម៉ោង គឺតែងតែអនុវត្តន៍នៅគ្រឹះស្ថានអប់រំសាធារណៈ ដោយរាប់ចាប់តាំងពីកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ ការរៀនគួរ ហាក់បានក្លាយជាប្រពៃណីទៅហើយ សម្រាប់ការអប់រំនៅកម្ពុជា ព្រោះទម្លាប់នេះ បានកើតឡើងដដែលៗ និងតាំងពីយូរយារមកហើយ។
ជាការពិត ការបង្រៀនគួរនៅក្នុងសាលារដ្ឋ បានជួយបំប៉នចំណេះដឹងបន្ថែមដល់សិស្សានុសិស្ស ហើយក៏អាចឲ្យគ្រួ មានលទ្ធភាពទទួលបានប្រាក់ចំណួលបន្ថែម បន្ទាប់ពីទទួលបានប្រាក់បៀវត្សរ៍ដ៏តិចស្តួចស្តើងនេះ។ មិនខុសទេ សម្រាប់ការបង្រៀនគួរក្រៅម៉ោង ប៉ុន្តែការបង្រៀនគួរនៅក្នុងគ្រឹះស្ថានសាធារណៈ បាននឹងកំពុងជះឥទ្ធិពលអាក្រក់ ដល់ប្រព័ន្ធអប់រំរបស់រដ្ឋ។ ឥទ្ធិពលអាក្រក់ទាំងនោះរួមមាន៖ ទី១) គ្រូ លាក់ចំណេះម៉ោងរដ្ឋ ដើម្បីទុកបង្រៀនគួរ ហើយការបង្រៀនម៉ោងរដ្ឋ ហាក់ដូចជាគ្មានការទទួលខុសត្រួវ ពោលគឺម៉ោងរដ្ឋបង្រៀនតែទ្រឹស្តីបន្តិចបន្តួច ឯចំណេះពិតប្រាកដគឺទុកបង្រៀនក្រៅម៉ោង។ មានដែរគ្រូមួយចំនួន ដែលមានមនសិការ និងការទទួលខុសត្រួវ ក្នុងការបង្រៀនដោយគ្មានលាក់លៀម។ ទី២) សិស្សខ្លួនឯង មិនបានប្រឹងប្រែងពេលរៀននៅក្នុងម៉ោងរដ្ឋ ហើយបណ្តោយខ្លួនរងចាំតែរៀនគួរ ដែលធ្វើឲ្យម៉ោងរដ្ឋកាន់តែគ្មានប្រសិទ្ធភាព។ ថវិការរដ្ឋដែលយកទៅបើកប្រាក់ខែជូនគ្រូបង្រៀន ប៉ុន្តែគ្រួបង្រៀនបែរជាយកពេលបង្រៀនរដ្ឋទៅបង្រៀនបែបលាក់បាំង ឬបង្រៀនឲ្យតែរួចពីដៃ ដោយគ្មានទទួលខុសត្រូវចំពោះពលរដ្ឋដែលខិតខំបង់ពន្ធជូនរដ្ឋ ហើយយកថវិការទាំងនេះទៅបើកប្រាក់ខែឲ្យគ្រូបង្រៀននោះទេ។ ទី៣) សិស្សក្រីក្រីជាច្រើន បានបង្ខំចិត្តឈប់រៀន ដោយសារតែគ្មានប្រាក់ចំណាយលើការរៀនក្រៅម៉ោង។ ទី៤) ការខាតបង់ពេលវេលាជាច្រើនដល់សិស្សានុសិស្ស ពីព្រោះពួកគេត្រួវរៀនម៉ោងរដ្ឋផង និងរៀនគួរផង។ ពេញមួយថ្ងៃសម្រាប់សិស្សដែលរៀនគួរផង និងម៉ោងរដ្ឋ គឺពួកគេត្រូវចំណាយពេលច្រើន ពោលគឺចេញពីផ្ទះព្រលឹម និងចូលផ្ទះល្ងាចឬយប់។ ពួកគេគ្មានពេលវេលាចូលបណ្ណាល័យស្រាវជ្រាវ គ្មានពេលស្វ័យសិក្សាដោយខ្លួនឯងទេ។ ស្ទើរគ្រប់មុខវិជ្ជាដូចជា គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និងជីវវិទ្យាជាដើម មុខវិជ្ជាទាំងនេះ មានភាពពេញនិយមខ្លាំងណាស់ សម្រាប់ការរៀនគួររបស់សិស្ស។
សរុបមក ការបង្រៀនគួរក្រៅម៉ោងនេះ បាននឹងកំពុងរារាំងបំណងប្រាថ្នាសិស្សក្រីក្រី និងបានធ្វើឲ្យគុណភាពម៉ោងរដ្ឋ កាន់តែទន់ខ្សោយទៅៗ។ លើសពីនេះ ការបង្រៀនក្រៅម៉ោង បានបង្កើតឲ្យមានវិសមភាពក្នុងទទួលបានចំណេះដឹងរបស់សិស្ស ពោលគឺកូនអ្នកមានមធ្យម និងខ្ពស់ មានឱកាសទទួលចំណេះល្អ ជាងកូនក្រីក្រ បើទោះបីជាត្រូវបង់ពន្ធជូនរដ្ឋស្នើគ្នាក៏ដោយ។ កន្លងមក គេគួរស្តីបន្ទោសដល់ ក្រសួងអប់រំ យុវជន និងកីឡា ដែលមិនព្រមដំឡើងប្រាក់ខែ ដល់គ្រូបង្រៀន ឲ្យរស់នៅក្នុងជីវភាពមួយសមរម្យ ទើបបណ្តាលឲ្យមានការបើកបង្រៀនគួរក្រៅម៉ោង។ ប៉ុន្តែដើមខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ប្រាក់ខែគ្រួបង្រៀននឹងមានការកើនឡើងនៅឆ្នាំ២០១៦ ។
គ្រួនៅថ្នាក់បឋមសិក្សា នឹងទទួលបានប្រាក់បៀវត្សរ៍ ទាបបំផុត៨០ម៉ឺនរៀល គ្រូមធ្យមសិក្សាប្រហែល១លានរៀល និងគ្រូបង្រៀនឧត្តមសិក្សានឹងទទួលបានប្រាក់បៀរ៍ប្រហែលជិត១លាន២០ម៉ឺនរៀល។ ការតំឡើងនេះ ទោះបីជាមិនច្រើន ប៉ុន្តែអាចឲ្យគ្រូបង្រៀនរស់នៅបានសមរម្យ និងអាចបន្តមនសិការ បណ្តុះបណ្តាលកូនខ្មែរ ប្រកបដោយការទទួលខុសត្រួវ និងមានក្រមសីលធម៌ខ្ពស់។ លើសពីនេះ ប្រាក់បៀវត្សរ៍ នឹងជំរុញឲ្យគ្រួបង្រៀន ងាកមកគិតគូរ និងចំណាយពេលច្រើន ក្នុងការពង្រឹងគុណភាពសិស្ស ជាជាងការគិតតែពីការងារក្រៅម៉ោង ឬបង្រៀនគួរក្រៅម៉ោង។
ដូច្នេះ ទន្ទឹមនឹងការតំឡើងបៀវត្សរ៍ដល់គ្រូបង្រៀនឲ្យមានការរស់នៅសមរម្យ ក្រសួងអប់រំ យុវជន និងកីឡា គួរតែលុបបំបាត់ការបង្រៀនគួរនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ពីព្រោះ ការបង្រៀនគួរកំពុងតែរារាំងកំណែទម្រង់របស់រដ្ឋាភិបាល ជាពិសេស ការបង្រៀនគួរ បានទាញទម្លាក់គុណភាពអប់រំនៅកម្ពុ និងធ្វើឲ្យកូនអ្នកក្រីក្រជាច្រើនម៉ឺននាក់ មិនទទួលបានឱកាសក្នុងការសិក្សារៀនសូត្រ ដោយសារគ្មានប្រាក់ចំណាយលើម៉ោងរៀនគួរ។ មិនត្រឹមតែប៉ុណ្ណោះ ទម្លាប់នៃការបង្រៀនគួរក្រៅម៉ោងនេះ មិនបានធ្វើឲ្យកម្ពុជាចំណេញនោះទេ តែផ្ទុយទៅវិញ ការបង្រៀនគួរ បាននឹងកំពុងតែពន្យឺត ការអភិវឌ្ឍប្រព័ន្ធអប់រំសាធារណៈផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com