ជាតិ
កម្សោយ​របស់​សមត្ថកិច្ច​និង​ខ្វះ​ការអនុវត្ត​ច្បាប់ ជាហេតុ​បណ្តាល​ឲ្យ​អំពើចោរកម្ម សម្លាប់ កើនឡើង
14, Dec 2015 , 5:11 pm        
រូបភាព
 
​អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើងថា អំពើចោរកម្ម ការ​ប្លន់​ហើយ​សម្លាប់ គឺ​បណ្តាលមកពី ភាពទន់ខ្សោយ​របស់​ស​ម​ត្ថ​កិច្ច និង​ការខ្វះខាត​នៃ​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល គួបផ្សំ​នឹង​ការធ្លាក់ចុះ​នៃ​សីលធម៌​សង្គម​។ យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បដិសេធ​ការលើកឡើង​របស់​ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ ដោយ​លោក​អះអាងថា សមត្ថ​កិច្ចខិតខំ​ខ្លាំងណាស់ ដើម្បី​គ្រប់គ្រង​និង​បង្ក្រាប​អំពើ​ទាំងនេះ​។​


​អង្គការក្រៅរដ្ឋាភិបាល​សង្កេតឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ពោលគឺ ចាប់ពី​ដើមខែ​ធ្នូ ឆ្នាំ​២០១៥ អំពើចោរកម្ម ការ​ប្លន់​និង​សម្លាប់ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ដែល​បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​ដល់​សុ​វត្តិភាព​របស់​ប្រជាពលរដ្ឋ រួមទាំង​អ្នករកស៊ី ជាពិសេស​អ្នកជំនួញ​ធំៗ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅថ្ងៃនេះ លោក អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ មានប្រសាសន៍ថា ការកើនឡើង​នូវ​អំពើចោរកម្ម​ក្នុង​រយៈកាល​ចុងក្រោយ​នេះ បាន​បង្ក​ការព្រួយបារម្ភ ផ្នែក​សន្តិសុខ សុវត្ថិភាព របស់​ប្រជាពលរដ្ឋ អាជីវករ អ្នករក​ស៊ីធំៗ​។ លោក​បន្ថែ​ថា រដ្ឋាភិបាល​គប្បី​ពង្រឹង​និង​បង្កើន​កម្លាំង​សមត្ថកិច្ច ដើម្បី​ទប់​ស្តា​ត់​អំពើ​ទាំងនេះ​ឲ្យ​បាន​ទាន់ពេលវេលា​។ 
 
​លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​អាជ្ញាធរ​គួរតែបង្កើត​កិច្ចការពារ និង​ប​ង្រា​ប​ឲ្យ​បានការ​លេងល្បែង​ខុសច្បាប់ ការលក់​និង​សេព​គ្រឿងញៀន ព្រោះ​អំពើ​ទាំងនេះហើយ ដែលជា​មូលហេតុ​ចម្បង បណ្តាល​ឲ្យ​មាន​អំពើ​លួច​ឆក់ និង​ប្លន់ រហូតដល់​សម្លាប់​ទៀត​។ រដ្ឋាភិបាល​គួរតែ​ពង្រឹង​គោលនយោបាយ​នៅតាម​ភូមិ​-​ឃុំ ដោយ​បន្ថែម​កម្លាំង​សមត្ថកិច្ច ដើម្បី​ធានា​ពី​សុ​វត្ថិភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​»​។​
 
​ទាក់ទង​នឹង​ប​ញ្ហ​នេះ​ផងដែរ លោកស្រី រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) បាន​មើលឃើញ​បញ្ហា​ធំៗ​ពីរ ដែល​បណ្តាល​ឲ្យ​សង្គម​ខ្មែរ​កើត​អំពើចោរកម្ម​និង​អំពើ​ឃោរឃៅ​ផ្សេងៗ គឺ​ការធ្លាក់ចុះ​នៃ​សីលធម៌​សង្គម បូកផ្សំ​នឹង​ភាពទន់ខ្សោយ​នៃ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ លោកស្រី​បន្ថែមថា ចំណុច​អវិជ្ជមាន​មួយចំនួន​របស់​អាជ្ញាធ​រ ដូចជា​ការអនុវត្ត​ច្បាប់​មិន​តឹងរឹង ភាពទន់ខ្សោយ​នៃ​ការស៊ើបអង្កេត​រក​ជន​ល្មើស និង​ការយឺតយ៉ាវ​ក្នុង​ការចាប់​ជនល្មើស​មក​ផ្តន្ទាទោស សុទ្ធតែ​ជាហេតុ​បណ្តាល​ឲ្យ​ជនល្មើស​បានចិត្ត និង​មានឱកាស​ក្នុង​ប្រព្រឹត្ត​អំពើចោរកម្ម​។​
 
​នាយិកា​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖« ខ្ញុំ​យល់ថា ឲ្យ​តែ​សម​ត្ថិ​កិច្ចពង្រឹង​ការអនុវត្ត​ច្បាប់​និង​យកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប​ជនល្មើស នោះ​អំពើ​លួច​ប្លន់ កាប់សម្លាប់ ប្រាកដជា​មានការ​ថយចុះ​»​។​
 
​យ៉ាងណាក៏ដោយ ការលើកឡើង​របស់​ម​ន្ត្រី​សង្គម​ស៊ីវិល​បែបនេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ  ច្រានចោល ដោយ​លោក​អះអាងថា ជាការ​ប្រាសចាក​ពី​អ្វីដែល​សមត្ថកិច្ច​បាន​ខិតខំ​កន្លងមក​។ លោក​បន្ថែមថា ការលើកឡើង​របស់​ស​ង្គ​ម​ស៊ីវិល​ទាំងនេះ គឺ​គ្រាន់តែ​ជា​សិទ្ធិ​បញ្ចេញមតិ​ប៉ុណ្ណោះ តែ​មិនមែនជា​ការពិត​នោះទេ ។​
 
​លោក​បញ្ជាក់​បែបនេះ​ថា​៖«​ទោះបីជា​អំពើចោរកម្ម ការ​ប្លន់ ការសម្លាប់ នៅតែ​កើតមាន ហើយ​បង្ក​ការព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ​ក៏ពិតមែន តែ​មិនមែន​រហូតដល់​សមត្ថ​កិច្ច​គ្រប់គ្រង​មិនបាន​នោះទេ​។ សមត្ថ​កិច្ចខិតខំ​ខ្លាំងណាស់​ដើម្បី​គ្រប់គ្រង​ស្ថានភាព​នេះ រហូត​ចាប់បាន​ជនល្មើស​ជា​បន្តបន្ទាប់ ហើយ​ជនសង្ស័យ​ផ្សេងទៀត កំពុងតែ​ស្ថិតក្នុង​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​»​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​បន្តថា កម្លាំង​សមត្ថកិច្ច​តែងតែ​ពង្រឹងសមត្ថភាព​របស់​ខ្លួន និង​មានការ​យកចិត្តទុកដាក់​ក្នុងការ​ការពារ​សុ​វត្ថិភាព​របស់​ប្រជាពលរដ្ឋ​។ ជាងនេះទៅទៀត រូបលោក ក៏បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​និង​ចេះ​ការពារ​សុ​វត្ថិភាព​ផ្ទាល់ខ្លួន ផងដែរ​៕
 
 
 
 

Tag:
 ចោរកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com