ជាតិ
​រថយន្ត​​​បែក​​​កង់​​​នាំ​​ឲ្យ​​មនុស្ស ​​៥​នាក់​ស្លាប់​​និង​​១៩​​​នាក់​របួសធ្ងន់​ស្រាល ​​​​
20, Jan 2016 , 11:45 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​ចំនួន ៥​នាក់បាន​ស្លាប់ និង១៩នាក់​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយបង្កឡើង​ដោយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​រស្មី​ភ្នំពេញ បែក​កង់​ក្រោយ​ខាងឆ្វេង ​រួច​រេ​ចង្កូត​ទៅបុក​រថយន្ត​ដឹក​អង្ករ​ម៉ាក​នីសា​ន់ ដែល​ចរាចរ​បញ្ចៀស​ទិសដៅ​គ្នា​។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​។


 
​បើ​យោងតាម​ការផ្សាយលើគេហទំព័រប៉ូលីស ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅវេលា​ម៉ោង ​១២​យប់ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៤៨-១៤៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​
 
​បើតាម​ការដកស្រង់​​​សម្តី​​​សាក្សី​​​នៅ​កន្លែងកើត​​ហេតុ​​របស់​​ប្រភព​​ខាង​​លើ​​  រថយន្តក្រុង​បង្ក​ម៉ាក​ហ៊ី​យាន​​​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3C 1265 របស់​ក្រុមហ៊ុន​រស្មី​ភ្នំពេញ​ដឹក​អ្នកដំណើរ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៤៨-១៤៩ រថយន្ត​បែក​កង់ ក្រោយ​ខាងឆ្វេង​រួច វេ​ចង្កូត​ទៅបុក​រថយន្ត​ដឹក​អង្ករ​ម៉ាក នីសា​ន់​ពណ៌​ក្រហម​ស ពាក់​ស្លាក​តាកែវ 3A 0759 ក្នុងទិសដៅ​ច្រាស​គ្នា​។ ហើយ​ប​ណ្តោ​ល​ឲ្យ​រថយន្ត​ផ្ទុក​អង្ករ​ពេញ​រថយន្ត ក្រឡាប់​បះជើង​។ រីឯ​អ្នកដំណើរ​ក្នុង​រថយន្តក្រុង​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង​ក និង​០៤​នាក់​ទៀត​បាន​ស្លាប់​ជា​បន្តបន្ទាប់ នៅពេល​បញ្ជូន​មកដល់​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​។ ដោយឡែក អ្នកដំណើរ​ចំនួន​១៩​នាក់​ទៀត បាន​រងរបួស​ធ្ងន់​ស្រាល​។​
 
​លោក ឃុន សា​រៀម នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តពោធិ៍សាត់ បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ខេត្ត បាន​សហការ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ តាម​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដោយ​យក​ទុកដាក់​បំផុត​ពី​ក្រុមគ្រូពេទ្យ​។ រីឯ អត្តសញ្ញាណ​ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក ឃុន សា​រៀម និយាយថា សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់​នៅឡើយ​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com