ជាតិ
សាលាក្រុងមិនអាចអនុញ្ញាតឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ៦០០អង្គ/នាក់ដង្ហែក្បួនមាឃបូជាឡើយ
× នៅថ្ងៃទី២២ កុម្ភៈ វត្តបទុមវតីនឹងរៀបចំពិធីបុណ្យមាឃបូជា ហើយក៏មានក្បួនដង្ហែមាឃបូជាផងដែរ ដែលប្រព្រឹត្តិទៅនៅវេលាម៉ោង៣៖៣០នាទីរសៀល ដោយមានការចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទ្ធ សិស្ស និងនិស្សិត ប្រមាណពី៤០០ទៅ៦០០អង្គ/ នាក់។ ប៉ុន្ដែសំណើសុំដង្ហែក្បួនមាឃបូជានេះ ត្រូវបានសាលារាជធានីភ្នំពេញ បដិសេធមិនអាចអនុញ្ញាតនោះឡើយ។
លោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានលិខិតស្នើសុំដង្ហែក្បួនមាឃបូជា ពីសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សាលារាជធានីក៏បានសម្របសម្រួលជូនដំណឹងទៅសម្ដេចសង្ឃវិញថា មិនអាចផ្ដល់ការដង្ហែក្បួនបាននោះទេ ដោយសារតែការដង្ហែក្បួននេះ គឺមានការជាន់គ្នាជាមួយកម្មវិធីរបស់រដ្ឋាភិបាល ក្នុងនោះមានការទទួលការយាងមករបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន មកកម្ពុជា។
បើតាមលោក ឡុង ឌីម៉ង់ បើទោះជាមិនមានការដង្ហែក្បួន តែវត្តបទុមវតី អាចរៀបចំពិធីបុណ្យមាឃបូជា ជាធម្មតា។
គួរបញ្ជាក់ថា បុណ្យមាឃបូជា គឺជាថ្ងៃដែលព្រះពុទ្ធបរមគ្រូនៃយើងទ្រង់ដាក់ចុះនូវព្រះជន្មាយុសង្ខារ ពោលគឺទ្រង់កំណត់ថ្ងៃ ដែលព្រះអង្គនឹងរំលត់ខន្ធចូលកាន់មហាបរិនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការវិលត្រឡប់វិញ ជាការលាចាកសង្សារវដ្ដ ដោយពុំមានអាឡោះអាល័យ ព្រោះផ្លូវដែលព្រះអង្គយាងទៅ ជាផ្លូវសុខស្ងប់ប្រាសចាកទុក្ខទាំងពួង៕
© រក្សាសិទ្ធិដោយ thmeythmey.com