ជាតិ
អាដហុក មិនយល់ពីស្រីមុំ
× ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ធន សារាយ ហាក់មិនពេញចិត្តចំពោះទង្វើររបស់កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ឡើយ។ លោក ធន សារាយ អះអាងថា សមាគមអាដហុក ជួយជ្រោមជ្រែងបញ្ហាស្រីមុំ កន្លងមកនេះ គឺធ្វើតាមការស្នើសុំជួយអន្តរាគមន៍ពីសាមីខ្លួន ដោយស្របតាមគោលការណ៍ច្បាប់ការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
លោក ធន សារាយ ដែលចាត់ទុកករណីនេះជារឿងអយុត្តិធម៌សម្រាប់សមាគមអាដហុកលោកនោះ បានដាក់ការងឿងឆ្ងល់ថា ហេតុអ្វីបានជាស្រីមុំ ផ្ដល់ចម្លើយ២ផ្សេងគ្នា ដល់អាដហុក និងតុលាការ? ព្រោះដើមឡើយកញ្ញាស្រីមុំ និងម្ដាយនាង បានមកសុំឲ្យអាដហុកជួយដោះស្រាយបញ្ហានាង។ នៅពេលនោះ ស្រីមុំ អះអាងថា នាងមិនស្គាល់ឯកឧត្តម កឹម សុខា ឡើយ តែក្រោយមកស្រីមុំ បែរជាទទួលស្គាល់ការពិត ហើយចោទមន្ត្រីអាដហុក ជាអ្នកបង្គាប់ឲ្យនាងផ្ដល់ចម្លើយមិនពិតដល់សមត្ថកិច្ចទៅវិញ។
ថ្លែងនៅសន្និសីទកាសែតព្រឹកនេះ ប្រធានសមាគមអាដហុករូបនេះ បានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖«ដំបូងគាត់(ស្រីមុំ)មកប្រាប់យើង ដូច្នេះថាការប្រឹក្សាយោបល់ ការណែនាំខាងផ្នែកច្បាប់ គឺណែនាំដោយផ្អែកទៅលើការពិតមួយដែលគាត់មកប្រាប់យើង ដល់គាត់មានការពិតមួយទៀតទៅតុលាការ ហើយគាត់ថាយើងមិនឲ្យគាត់និយាយមួយទៀតទៅតុលាការ អយុត្តិធម៌ដល់យើងហើយ ព្រោះយើងមិនដឹងថាការពិតគាត់មានប៉ុន្មាន បើគាត់មកប្រាប់យើងថាការពិតនេះ»។
ក្នុងសន្និសីទកាសែត អាដហុកក៏បានបង្ហាញពីវីដេអូឃ្លីប ដែលកញ្ញា ស្រីមុំ មកពន្យល់ប្រាប់ហេតុផល ដើម្បីសុំអន្តរាគមន៍ពីអាដហុកផងដែរ។ ជាមួយគ្នាសមាគមអាដហុក ក៏បានបញ្ចេញលិខិតស្នើរបស់កញ្ញាស្រីមុំ ដែលធ្លាប់បានសុំឲ្យអាដហុកជួយឧបត្ថម្ភលើថ្លៃដំណើរ កន្លែងស្នាក់នៅ និងជួយអន្តរាគមន៍ ទៅបំភ្លឺទៅក្រសួងមហាផ្ទៃ និងតុលាការជាដើម។ ក្នុងលិខិតសុំអន្តរាគមន៍ពីអាហុកនោះ បានសរសេរដូច្នេះថា៖«ដោយសារនាងខ្ញុំ និងម្ដាយជាជនក្រីក្រ រងគ្រោះដោយសារការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្នែកនយោបាយ និងរងការចោទប្រកាន់ និងបរិហារកេរ្តិ៍ខ្លាំងហួសហេតុមកលើរូបនាងខ្ញុំយ៉ាងអយុត្តិធម៌»។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីរបស់ស្រីមុំនេះ មន្ត្រីសមាគមន៍អាដហុកចំនួន៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតកោះហៅ ដោយមានខ្លឹមសារដូចគ្នា។ មន្រ្តីទាំង៥រូបនោះ រួមមានអតីតមេធាវីស្រីមុំ ឈ្មោះ អ្នកស្រី ទ្រី ឈួន លោក លឹម មុនី មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត។ តាមលិខិតកោះហៅរបស់ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិលោក នួន សុធីមន្តនោះ អ្នកស្រី ទ្រី ឈួន ត្រូវបង្ហាញខ្លួននៅអង្គភាពនៅថ្ងៃទី២៧ ខែមេសា វេលាម៉ោង៨ព្រឹក លោក នី សុខា នៅម៉ោង៩ព្រឹក លោក យី សុខសាន្ត នៅម៉ោង២រសៀលនិងលោកណៃ វ៉ងដា នៅម៉ោង៣រសៀល។ ចំណែកលោក លឹម មុនី ត្រូវបង្ហាញខ្លួននៅថ្ងៃទី២៨ ខែមេសា វេលាម៉ោង១០ព្រឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com