ជាតិ
ក្រសួងអប់រំកំណត់ម៉ោងចូលនិងចេញពីរៀន សម្រួលដល់ការសិក្សារបស់សិស្សនៅរដូវក្តៅ
× ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំសាលាទាំងអស់ អនុវត្តន៍ពេលវេលារៀន និងបង្រៀនក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំងនេះ។ តាមរយៈលិខិតរបស់ក្រសួងអប់រំពេលព្រឹកសិស្សត្រូវចូលរៀននៅម៉ោង៧ព្រឹក ដល់ម៉ោង១០កន្លះ និងពេលរសៀលចូលរៀនម៉ោង១កន្លះ ដល់ម៉ោង៥ល្ងាច។ លិខិតណែនាំរបស់ក្រសួងអប់រំបានសរសេរដោយបង្ហាញការកត់សម្គាល់ថា អាកាសធាតុក្តៅនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានស្ថានភាពគួរឲ្យព្រួយបារម្ភ។
ការអនុវត្តពេលវេលាសិក្សាបែបនេះ គឺដើម្បីបង្ការទប់ស្កាត់ ហានិភ័យ និងជំងឺផ្សេងៗ ចំពោះសិស្សានុសិស្ស ដែលបណ្តាលមកពីការឡើងកម្តៅ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ និងដើម្បីសម្រួលដល់ពេលវេលារៀនសូត្រប្រចាំថ្ងៃរបស់សិស្សានុសិស្សតូចៗ ក្នុងពេលឡើងកម្តៅចាប់ពីខែឧសភា រហូតដល់ពេលក្តៅខ្លាំងក្នុងឆ្នាំ២០១៦។
នៅក្នុងលិខិតនោះក្រសួងក៏បានណែនាំដល់គ្រប់សាលា ត្រូវត្រៀមទឹកសម្រាប់គ្រូ និងសិស្សប្រើប្រាស់ ព្រមទាំងណែនាំសិស្សឲ្យយកទឹកឆ្អិនមកញ៉ាំ ហើយក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវឲ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល១៥នាទី និងឲ្យសិស្សលេងក្នុងម្លប់។ ដោយឡែកក្នុងពេលរៀន និងបង្រៀនវិញ ត្រូវបើកទ្វារ បង្អួចបន្ទប់រៀនឲ្យស្រឡះល្អ។
មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវធ្វើរបាយការណ៍បូកសរុបប្រចាំខែ ពីស្ថានភាពសិស្ស ក្នុងរយៈពេលឡើងកម្តៅ និងរបាយការណ៍ពិសេស ក្នុងករណីមានប្រធានស័ក្តិ រួចផ្ញើជូនតាមឋានានុក្រម ដើម្បីសុំអន្តរាគមន៍។ ក្នុងករណី មានរលកកម្តៅលើសប្រក្រតី ត្រូវទាក់ទងការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីសុំគោលការណ៍ និងវិធានការដោះស្រាយទាន់ពេល៕
Tag:
អាកាសធាតុ
ក្រសួងអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com