ជាតិ
EU ថ្កោលទោស​ការ​បំភ័យ និង​ហិង្សា លើ​អ្នកសារព័ត៌មាន និង​អ្នកការពារ​សិទ្ធិមនុស្ស​
03, May 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សហភាព​អឺរ៉ុប បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស ចំពោះ​ការបំភិតបំភ័យ និង​អំពើហិង្សា ចំពោះ​អ្នកសារព័ត៌មាន អ្នកការពារ​សិទ្ធិមនុស្ស និង​បុគ្គល​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក នៅពេលដែល​ពួកគេ​ប្រើប្រាស់​សិទ្ធិសេរីភាព​រប​ស់​ខ្លួន ក្នុងការ​បញ្ចេញមតិ​។ នៅ​ថ្ងៃ​ទិវា​សេរីភាព​សា​ព័ត៌មាន សហភាព​អឺរ៉ុប បានបញ្ជាក់​សាជាថ្មី ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​លើកកម្ពស់ និង​គាំទ្រ​សេរីភាព​ក្នុងការ​បញ្ចេញមតិ ឲ្យ​ក្លាយជា​សិទ្ធិ ដែល​ទាំងអស់គ្នា​អាច​ប្រើប្រាស់​បាន​នៅ​គ្រប់​ទីកន្លែង ស្របតាម​គោលការណ៍​សមភាព មិន​រើសអើង និង​ភាពជា​សកល តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដោយ​គ្មាន​ព្រំដែន​។​



​ថ្ងៃទី​៣​ខែឧសភា ដែលជា​ទិវា​សេរីភាព​សា​ព័ត៌មាន​នេះ លោកស្រី​Federica Mogherini តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប បាន​ផ្តើមសេចក្តី​ថ្លែងការណ៍​រប​ស់​ខ្លួន​ថា​៖«​ថ្ងៃនេះ យើងទាំងអស់គ្នា​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​»​។ លោកស្រី​បាន​ឆ្លៀត​រំ​ឮ​ក​ឡើងវិញ​នូវ​គោលការណ៍​ដែល​បាន​ចែងថា «​ការបង្កើត ការថែរក្សា និង​ការជំរុញ​ឲ្យ​មាន​សារព័ត៌មាន ប្រកបដោយ​ឯករាជ្យភាព ពហុ​និយម និង​សេរីភាព គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុងការ​អភិវឌ្ឍ និង​ថែរក្សា​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេសមួយ និង​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​នោះ​»​។ 

​សិទ្ធិ​ក្នុងការ​ទទួលបាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ រួមមាន​សេរីភាព​ស្រាវជ្រាវ ទទួល និង​ផលិត​ព័ត៌មាន ដែល​វា​គឺជា​ធាតុ​ដ៏​សំខាន់​មួយ នៃ​អភិបាលកិច្ច និង​ការអភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​។ មនុស្ស​ត្រូវការ​ទទួល​បាន​ព័ត៌មាន​ពេញលេញ ដើម្បី​អាចបង្កើត​គំនិត និង​ចូលរួម​ក្នុង ដំណើរ​ការធ្វើ​សេចក្តីសម្រេចចិត្ត ដែល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់ខ្លួន​។ នេះ​បើ​ផ្អែក​តាម​សេចក្តីថ្លែងការណ៍​ដដែល ដែល​បន្តថា  សេរីភាព​សារព័ត៌មាន ក៏​ចូលរួមចំណែក​នៅក្នុង​កា​រ​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​អភិបាលកិច្ច និង​លើកកម្ពស់​តម្លាភាព នៅក្នុង​កិច្ចការ​សាធារណៈ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ជា​ឧបករណ៍​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល មាន​គណនេយ្យភាព​ចំពោះ​សកម្មភាព​របស់ខ្លួន​ផងដែរ ពិសេស​ការទទួលបាន​ព័ត៌មាន ដែល​បង្ហាញ​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស និង​ការប្រព្រឹត្ត​អំពើពុករលួយ​ជាដើម​។ ការធានា​ឲ្យ​មានការ​ទទួលបាន​ព័ត៌មាន អាចជួយ​លើកកម្ពស់​យុត្តិធម៌ និង​ស្ដារ​ស្ថានភាព​ឡើងវិញ ជាពិសេស​បន្ទាប់ពី​រយៈ​ពេល នៃ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​

​សហភាព​អឺរ៉ុប​សូម​ថ្កោលទោស ចំពោះ​ការកើនឡើង​នូវ​ការបំភិតបំភ័យ និង​អំពើហិង្សា​ចំពោះ អ្នកសារព័ត៌មាន អ្នកការពារ​សិទ្ធិមនុស្ស និង​បុគ្គល​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​ជាច្រើន ទូទាំង​ពិភពលោក នៅពេលដែល​ពួកគេ​ប្រើប្រាស់​សិទ្ធិសេរីភាព​រប​ស់​ខ្លួន ក្នុងការ​បញ្ចេញមតិ​ទាំង​នៅក្នុង​បណ្ដាញ​អ៊ីនធឺណិត និង​ក្រៅ​បណ្ដាញ​អ៊ីនធឺណិត​។​

​ក្រៅពី​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើហិង្សា​ទូទៅ សហភាព​អឺរ៉ុប​ប្ដេជ្ញា​ប្រឆាំងនឹង​ច្បាប់ ក៏ដូចជា​ការអនុវត្ត​ទាំងឡាយ ដែល​ដាក់​ការត្រួតពិនិត្យ​ទៅលើ​ការបោះពុម្ពផ្សាយ ជំរុញ​ឲ្យ​មាន​ស្វ័យ​ត្រួតពិនិត្យ​ទៅលើ​ការបោះពុម្ពផ្សាយ ឬ​ធ្វើ​ការពិន័យ​ផ្លូវច្បាប់ រួមទាំង​ការដាក់ទោស​ព្រហ្មទណ្ឌ ហិរញ្ញវត្ថុ និង​រដ្ឋបាល ក៏ដូចជា​ប្រយុទ្ធប្រឆាំង ចំពោះ​ការប្រើប្រាស់ ដោយ​មិន​ត្រឹមត្រូវ​នូវ​អំណាច​ទីផ្សារ ក៏ដូចជា​លក្ខខណ្ឌ​សេដ្ឋកិច្ច​មិនល្អ​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោកស្រី Federica Mogherini បានបញ្ចប់​សេចក្តីថ្លែងការណ៍​របស់ខ្លួន ដោយ​ឧទាន យ៉ាងខ្លី​ថា​៖«​នេះ​គឺជា​សិទ្ធិ​របស់​អ្នក​!»​។ ប៉ុន្តែ​មុននឹង​បញ្ចប់ សេចក្តីថ្លែងការណ៍ តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​រូបនេះ បាន​គូសបញ្ជាក់​ជាថ្មី ពី​ការប្ដេជ្ញាចិត្ត​របស់​សហ​ភាព​អឺរ៉ុប ក្នុងការ​លើកកម្ពស់ និង​គាំទ្រ​សេរីភាព​ក្នុងការ​បញ្ចេញមតិ ឲ្យ​ក្លាយជា​សិទ្ធិ ដែល​ទាំងអស់គ្នា​អាច​ប្រើប្រាស់​បាន​នៅ​គ្រប់​ទីកន្លែង ស្របតាម​គោលការណ៍​សមភាព មិន​រើសអើង និង​ភាពជា​សកល តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដោយ​គ្មាន​ព្រំដែន​៕


Tag:
 EU
  Federica Mogherini
 ​ សេរីភាព​សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com