ជាតិ
អន្តរជាតិ
ហេតុអ្វី សេរីភាព​សារព័ត៌មាន​កម្ពុជា​ល្អ​ជាង រដ្ឋ​អាស៊ាន ៩ ផ្សេងទៀត​?
03, May 2016 , 10:39 pm        
រូបភាព
​យោងតាម​របាយការណ៍​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporter Without Border)  ឆ្នាំ ២០១៦  សេរីភាព​សារព័ត៌មាន​កម្ពុជា​ប្រសើរឡើង​ជាមុន​ពោលគឺ​ធ្លាក់ចុះ​លេខ​រៀង​ចំនួន ១១​លេខ ពោលគឺ​ពី​លេខ ១៣៩ នៅ​ឆ្នាំ​២០១៥ មក​ត្រឹម ១២៨​នៅក្នុង​ឆ្នាំ ២០១៦​នេះ​។ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស ៩​ផ្សេងទៀត​នៅ​អាស៊ាន បញ្ជាក់ថា សេរីភាព​សារព័ត៌មាន​កម្ពុ​ជាមាន​លក្ខណៈ​ប្រសើរ​ជាងគេ​។ នេះ​ក៏ដោយ​សារ​ថៃ​ស្ថិតក្រោម​របប​សឹក​, ហ្វីលីពីន​ជា​ប្រទេស គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកសារព័ត៌មាន​, ឥណ្ឌូនេស៊ី​នៅ​មិនទាន់​ផ្តល់​សិទ្ធិ​ឲ្យ​អ្នកសារព័ត៌មាន​បរទេស​ពេញលេញ​, សិង្ហ​បុរី​គ្រប់គ្រង​ស្ទើរ​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​, វៀតណាម និង​ឡាវ​ស្ថិតក្រោម​របប​សង្គមនិយម​, ប្រ៊ុយណេ​មាន​របបរាជានិយម​ផ្តាច់ការ​, មី​យ៉ាន់​ម៉ា​ទើប​ស្គាល់​ប្រជាធិបតេយ្យ​, ហើយ​ម៉ាឡេស៊ី​មាន​នាយករដ្ឋមន្ត្រី​ដែល​ស្អប់​សារព័ត៌មាន​ឯករាជ្យ​។​



​សេរីភាព​សារព័ត៌​មាននៅ​ស្ថិតក្រោម​ការគំរាមកំហែង​នៅឡើយ​នៅ​ទូទាំង​ពិភពលោក​។ ប្រទេស​ខ្លះ​ចាត់ទុក​សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាស​ត្រូវ​នៅឡើយ ហើយ​ខ្លះទៀត​មិន​ចង់​ឲ្យ​សារព័ត៌មាន​មាន​តួនាទី​ធំធេង​ពេក​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ប្រយោជន៍​ពួកគេ​។ ជា​ទ្រឹស្តី​សេរីភាព​សារព័ត៌មាន​ប្រសើរ ស្ថាន​សង្គម​ក៏​ប្រសើរ​ដែរ ហើយ​ផ្ទុយទៅវិញ កាលណា​បើ​សិទ្ធិសេរីភាព​សារព័ត៌មាន​ត្រូវគេ​រឹតត្បិត​ខ្លាំង​នោះ ស្ថានភាព​សង្គម​ក៏​ធ្លាក់ចុះ​និង​ប្រឈម​បញ្ហា​ច្រើន​ផងដែរ​។

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ ២០១៦ របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន ប្រទេស​ដែលមាន​សេរីភាព​សារព័ត៌មាន​ប្រសើរ​ភាគច្រើន​ស្ថិតនៅ​តំបន់​អឺរ៉ុប និង​អាមេរិក​។ ហើយ​ប្រទេស​ដែល​សម្បូរ​ការកៀបសង្កត់​និង​រំលោភ​សិទ្ធិសេរីភាព​សារព័ត៌មាន​ខ្លាំងជាងគេ​នោះ​គឺ​នៅ​អាហ្វ្រិក​និង​នៅ​អាស៊ី​តែម្តង​។  នេះ​ក៏ដោយ​សារ​តំបន់​ទាំងពីរ ប្រឈម​កង្វះ​ការលើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព​ជា​មូលដ្ឋាន និង​សម្បូរ​មេដឹកនាំ​កាន់អំណាច​យូរ​ឆ្នាំ​ផ្តាច់ការ​ផងដែរ​។​

​យ៉ាងណាមិញ ក្នុង​តំបន់​អាស៊ាន​វិញ ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​មិនទាន់​ប្រសើរឡើង​ឡើយ​។​បើ​យោងតាម​របាយការណ៍​ឆ្នាំ ២០១៦​នេះ ប្រទេស​អាស៊ាន​ភាគច្រើន​ស្ថិតក្នុង​ចន្លោះ​លេខ​រៀង​ពី ១៤០ ទៅ ១៦០ ក្នុងចំណោម​ប្រទេស​ទាំងអស់ ១៨០​។ តែ​រឿង​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​សេរីភាព​សារព័ត៌មាន​ប្រសើរ​ជាងគេ​ក្នុងចំណោម​រដ្ឋ​អាស៊ាន​ទាំង​១០​នោះ​។

-​កម្ពុជា​ធ្លាក់​ពី​លេខ ១៣៩ មក​ត្រឹម ១២៨
​បើតាម​របាយការណ៍​ឆ្នាំ ២០១៦ សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ស្ថិតក្នុង​លេខ​រៀង​ទី ១២៨ ដែល​វា​បានន័យថា ប្រទេស​កម្ពុជា​ធ្លាក់ចុះ​ចំនួន ១១​លេខ ពោលគឺ​ពី​លេខ ១៣៩ នៅ​ឆ្នាំ​២០១៥ មក​ត្រឹម លេខ​រៀង​ទី ១២៨ ប៉ុណ្ណោះ​នៅក្នុង​ឆ្នាំ ២០១៦​នេះ​។ ការប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ការចែករំលែក​ព័ត៌មាន​ទូទៅ​របស់​ប្រជាជន​កម្ពុជា​ទូទៅ​ហាក់បីដូច​ជាមាន​ភាពប្រសើ​រ​ឡើង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។  ប៉ុន្តែ​យ៉ាងណាក៏ដោយ​កម្ពុជា​នៅ​ប្រឈម​បញ្ហា​ច្រើន ហើយ​សេរីភាព​សារព័ត៌មាន​នេះ​ស្ថិតក្រោម​ការគំរាមកំហែង​នៅឡើយ​។​

​របាយការណ៍​ខាងលើ​បាន​អធិប្បាយ​ថា អ្នកសារព័ត៌មាន​នៅ​កម្ពុជា​រង​ការគំរាមកំហែង​បើសិន​ព្យាយាម​យក​ព័ត៌មាន​ទាក់ទិន​ការកាប់​ព្រៃ​ខុសច្បាប់​របស់​អ្នកមាន​លុយ​និង​មានអំណាច ការជួញដូរ​ធនធាន​ធម្មជាតិ ឬ​នេសាទ​សត្វ​ត្រី​ខុសច្បាប់​ជាដើម​។ ហើយ​ម្យ៉ាងទៀត អ្នកកាសែត​ប្រឈម​ការចោទប្រកាន់​ពីបទ​បរិហាកេរ្តិ៍ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណ​នៅតែ​ជា​បញ្ហា​ធំ​។ រឿង​អវិជ្ជមាន​មួយទៀត នាពេល​បច្ចុប្បន្ននេះ រដ្ឋាភិបាល​ក៏​នៅ​បន្ត​រៀបចំ​ជំរុញ​ឲ្យ​មានការ​អនុម័ត​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​អ៊ី​ន​ធឺ​ណែ​ត​ដើម្បី​រឹតត្បិត​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​នៅ​កម្ពុជា​។ នេះ​មានន័យថា រដ្ឋា​ភិ​បា​កម្ពុជា​ក្តី សង្គម​ស៊ីវិល​ក្តី និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្តី​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយ​ធ្វើយ៉ាងណា​លើកស្ទួយ​សេរីភាព​សារព័ត៌​មា​នេះ​ឲ្យ​កាន់តែ​ល្អប្រសើ​ជាង​មុន​ថែមទៀត​។

-​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ប្រសើរ​ជាង​រដ្ឋ​អាស៊ាន​ផ្សេងទៀត​
​ដូច​ការលើកឡើង​ខាងលើ​ស្រាប់ ប្រទេស ៩ ផ្សេងទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នោះ ស្ថិតក្នុង​លេខ​រៀង​ទាប​ជាង​កម្ពុជា​។ ដែល​វា​មានន័យថា​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ប្រសើរ​ជាង​ប្រទេស​ទាំងនោះ​។

១.​ឥណ្ឌូនេស៊ី​នៅ​រឹតត្បិត​សិទ្ធិ​អ្នកសារព័ត៌មាន​បរទេស​
​បើ​ក្រឡេកមើល​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​លេខ​រៀង​ទី​បី បន្ទាប់ពី​ឥណ្ឌា​និង​អាមេរិក​នោះ ស្ថិតនៅ​លេខ​រៀង​ទី ១៣០ ច្រើនជាង​កម្ពុជា ២ លេខ​។ ក្នុង​ឆ្នាំ ២០១៥ ឥណ្ឌូនេស៊ី​ត្រូវបាន​គេ​ចាត់​ចំណាត់ថ្នាក់​នៅ​លេខ​រៀង​ទី ១៣៨ ដែល​មានន័យថា សេរីភាព​សារព័ត៌មាន​ប្រទេស​នេះ​ប្រសើរឡើង​ដែរ ដោយ​ថយចុះ​លេខ​រៀង​ចំនួន ៨​លេខ​។  តាមពិតទៅ​ឥណ្ឌូនេស៊ី​ប្រឈម​បញ្ហា​ច្រើន ដោយសារ​រដ្ឋាភិបាល​ក្រុង​ហ្សា​កាតា​បន្ត​រឹតត្បិត​សេរីភាព​សារព័ត៌​មាននៅ​តំបន់ West Papua និង​បន្ត​ប្រើប្រាស់​ច្បាប់​ទិដ្ឋាការ​ដើម្បី​ប្រឆាំង​ក្រុម​អ្នកសារព័ត៌មាន​បរទេស​។

២.​ម៉ាឡេស៊ី​៖ សារព័ត៌មាន​សត្រូវ​មន្ត្រី​ពុករលួយ​
​ចំណែក​នៅ ម៉ាឡេស៊ី សេរីភាព​សារព័ត៌មាន​ក៏​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដែរ​។ បើតាម​របាយការណ៍​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន សេរីភាព​ម៉ាឡេស៊ី​ប្រសើ​ឡើងជា​មុន​បន្ត​ពោលគឺ​ធ្លាក់​ពី​លេខ​រៀង ១៤៧ មក​ត្រឹម ១៤៦ ។  បញ្ហា​ប្រឈម​ធំ​សម្រាប់​សេរីភាព​សារព័ត៌មាន​ម៉ាឡេស៊ី គឺ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ នៅ​បន្ត​អនុវត្ត​នយោបាយ​ប្រឆាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហើយ​បន្ត​ប្រើប្រាស់​តុលាការ​និង​ច្បាប់​ដើម្បី​កៀបសង្កត់​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​បកអាក្រាត​ពី​បញ្ហា​ពុករលួយ​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល​។

៣.​របប​សឹក​ថៃ ស្អប់​អ្នកកាសែត​
​បើ​មើល​ស្ថានភាព​ប្រទេស​ថៃ​វិញ​ម្តង គេ​ដឹង​ច្បាស់​ថា សេរីភាព​សារព័ត៌មាន​ប្រទេស​នេះ​កាន់តែ​អាក្រក់ ខ្លាំង​ពោលគឺ​កើន​ពី ១៣៤ ទៅដល់​លេខ​រៀង ១៣៦ ក្នុង​ឆ្នាំ ២០១៦ ។ នេះ​ក៏ដោយ​សារ​របប​សឹក​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នៅ​បន្ត​ដឹកនាំ​និង​គ្រប់គ្រង​ប្រទេស​។ ហើយ​សត្រូវ​របស់​រដ្ឋា​ភិ​បាល​នេះ​ជា​សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទាំង​។ អ្នកសារព័ត៌មាន​រិះគន់ ទិតៀន​រដ្ឋាភិបាល​ប្រឈមមុខ​ការចោទប្រកាន់​ផ្លូវច្បាប់ រង​ការ​ឃុំឃាំង​និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​តែម្តង​។  មួយវិញទៀត​ថៃ​នៅ​បន្ត​អនុវត្ត​ច្បាប់​ប្រឆាំង​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​។ 

៤. ឡាវ​និង​វៀតណាម​៖ រិះគន់​បក្ស​កុម្មុយនីស្ត​មានន័យថា​គំរាមកំហែង​សណ្តាប់ធ្នាប់​សាធារណ​
​ចំណែក ប្រទេស​ឡាវ និង​វៀតណាម ទោះជា​មិនចាំបាច់​រៀបរាប់​ច្រើន​ក៏​គេ​ដឹងថា សេរីភាព​សារព័ត៌មាន​ប្រទេស​ទាំងពីរ​នេះ​មិន​ដែរ​ប្រសើរឡើង​សោះឡើយ​។ វៀតណាម​ស្ថិតនៅ​លេខ​រៀង​ដដែល​គឺ ១៧៥ ខណៈដែល​ឡាវ​កើន​ពី​លេខ ១៧១ ឆ្នាំ ២០១៥ ទៅដល់ ១៧៣​ក្នុង​ឆ្នាំ ២០១៦​នេះ​។ បញ្ហា​ប្រឈម​ធំ​ក្នុងប្រទេស​ដើរ​តាម​របប​សង្គមនិយម​ទាំងពីរ​គឺ ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្តាច់មុខ ការត្រួតពិនិត្យ​ការផ្សព្វផ្សាយ​ព័ត៌មាន និង​ការដាក់ទោសទណ្ឌ​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​រិះគន់​ឬ​ទិតៀន​រដ្ឋាភិបាល​និង​បក្ស​កុម្មុយនីស្ត​ដោយ​ប្រើប្រាស់​ច្បាប់ព្រហ្មទណ្ឌ​និង​បទបញ្ញត្តិ​ផ្សេងទៀត​។ ហើយ​អ្នកសរសេរ​ប្លុក​ក៏​សុទ្ធតែ​ប្រឈម​ការកាត់ទោស​តាមច្បាប់​ដែរ​។ អាជ្ញាធរ​ចាត់ទុក​សេរីភាព​សារព័ត៌មាន​ជាស​ត្រូវ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ឬ​គំរាមកំហែង​សន្តិសុខ​ជាតិ​និង​សណ្តាប់ធ្នាប់​សាធារណ​។

៥. មី​យ៉ាន់​ម៉ា​៖ សេរីភាព​សារព័ត៌មាន និង​ជម្លោះសាសនា​
 ចំណែក មី​យ៉ាន់​ម៉ា ដែលជា​ប្រទេស​ប្រជាធិបតេយ្យ​ថ្មីថ្មោង​នោះ មាន​សេរីភាព​សារព័ត៌មាន​ល្អ​បន្តិច​ហើយ​។ យោងតាម​របាយការណ៍​សារព័ត៌មាន​គ្មាន​ព្រំដែន សេរីភាព​សារព័ត៌មាន មី​យ៉ាន់​ម៉ា ធ្លាក់​ពី​លេខ ១៤៤ មក​ត្រឹម ១៤៣ ក្នុងចំណោម​ប្រទេស ១៨០​នោះ​។ អាច​ថា វា​ប្រសើរឡើង​ក្រោយ​របប​សឹក​រលំរលាយ​ទៅ ហើយ​សេរីភាព​ក្នុង​សរសេរ​ព័ត៌មាន​នយោបាយ​មាន​ច្រើនជាង​មុន ហើយ​ការត្រួតពិនិត្យ​មុន​ផ្សព្វផ្សាយ​ឬ​បោះពុម្ពផ្សាយ​ក៏​ថមថយ​ជាង​មុន​ដែរ​។ ហើយ​ជ័យជម្នះ​បក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ចុងឆ្នាំ ២០១៥ និង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​កន្លងមកនេះ​បញ្ជាក់ថា មី​យ៉ាន់​ម៉ា នឹង​អាចធ្វើ​ឲ្យ​សេរីភាព​ព័ត៌មាន​ប្រសើរឡើង​ជាង​មុនពេល​ខាងមុខ​ទៀត​។ តែ​រឿង​ជម្លោះ រវាង​ក្រុម​ភាគច្រើន​កាន់សាសនា​ព្រះពុទ្ធ​និង​ក្រុម​ភាគតិច​កាន់សាសនា​ម៉ូ​ស្លី​ម​នោះ នៅតែ​ជា​រឿង​រសើប​ដែល​អ្នកសារព័ត៌មាន​ពិបាក​សរសេរ​និង​ផ្សព្វផ្សាយ​ផងដែរ​។​

៦. ហ្វីលីពីន​នៅ​ជា​ឋាននរក​សម្រាប់​អ្នកសារព័ត៌មាន​
​ហ្វីលីពីន​នៅតែ​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកកាសែត​ដដែល ទោះជា​ប្រទេស​នេះ​ដើរ​តាម​របប​ប្រជាធិបតេយ្យ​ពេញលេញ​ក្តី​។ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៦ នេះ​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ហ្វីលីពីន​ស្ថិតក្នុង​លេខ​រៀង​ទី ១៣៨ ដោយ​ធ្លាក់​មកពី​លេខ ១៤១ ក្នុង​ឆ្នាំ ២០១៥ ។  រឿង​អាក្រក់​បំផុត​នៅ​ហ្វីលីពីន គឺ ការសម្លាប់​រង្គាល​អ្នក​កាសែត​ដែល​ហ៊ាន​សើ​ប​អង្កេត​ឬ​សរសេរ​ព័ត៌មាន​ទាក់ទិន​បញ្ហា​ពុករលួយ​ឬ​អំពើ​ខុសច្បាប់​ផ្សេងទៀត​។ ដូច្នេះ ចង់​មិន​ចង់​អ្នកសារព័ត៌មាន​ភាគច្រើន​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​ក្រុមគ្រួសារ ហើយ​រង​សម្ពាធ​ខ្លាំង​ពី​ការងារ​។

៧.​សិង្ហ​បុរី​៖ សិទ្ធិសេរីភាព និង​សណ្តាប់ធ្នាប់​សង្គម​
​បើ​នៅ សិង្ហ​បុរី​វិញ សេរីភាព​សារព័ត៌មាន​ស្ថិតក្នុង​គ្រោះថ្នាក់​ខ្លាំង ហើយ​ឆ្នាំ​២០១៦​នេះ សិង្ហ​បុរី​ស្ថិតក្នុង​លេខ​រៀង​ទី ១៥៤ ពោលគឺ​កើន​ពី​លេខ​១៥៣​ក្នុង​ឆ្នាំ ២០១៥ ។ បញ្ហា​ដែល​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​សិង្ហ​បុរី​អាក្រក់​ខ្លាំង​ក៏​ដោយសារ​រដ្ឋាភិបាល​ជា​អ្នកគ្រប់គ្រង​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទៅ ហើយ​អ្វីដែល​សំខាន់​គឺ អាជ្ញាធរ​សិង្ហ​បុរី​ប្រើប្រាស់​ច្បាប់​ពាក់ព័ន្ធ​ដើម្បី​ប្រឆាំង​អ្នកកាសែត​ដែល​រិះគន់​រដ្ឋាភិបាល ហើយ​ម្យ៉ាងទៀត​រាល់​មាតិកា​ព័ត៌មាន​ត្រូវ​ឆ្លង​ការ​ការពិនិត្យ​ជាមុន​ពី​សំណាក់​អាជ្ញាធរ មុន​ចេញផ្សាយ​។ ក្រៅពីនេះ ក្រុម​អ្នកសរសេរ​ប្លុក​ក៏​រង​ការចោទប្រកាន់​តាមផ្លូវ​ច្បាប់​ពី​សំណាក់​រដ្ឋាភិបាល​ផងដែរ​។ តាមពិតទៅ តាំងពី​ជំនាន់​ស្ថាបនិក​សិង្ហ​បុរី​លោក លី ក្វាន់​យូ នៅ​កាន់អំណាច​ម្ល៉េះ សិង្ហ​បុរី​ចាត់ទុកថា ការផ្តល់​សិទ្ធិសេរីភាព​ឲ្យ​បុគ្គល​ច្រើនពេក​នឹងធ្វើ​ឲ្យ​សង្គម​អាប់អួរ​។​

​ប្រ៊ុយណេ​៖ ស្តេច​, សាសនា និង​នយោបាយ​
​ចុងក្រោយ​គឺ ប្រទេស​ប្រ៊ុយណេ​ដែលជា​ប្រទេស​បន្ត​ដើរ​តាម​របបរាជានិយម​ផ្តាច់ការ​។ នៅ​ប្រ៊ុយណេ​មានតែ​សារព័ត៌មាន​របស់​រដ្ឋ​ប៉ុណ្ណោះ ហើយ​អាជ្ញាធរ​ប្រ៊ុយណេ​ប្រើប្រាស់​អំណាច​ឥត​ស្ទាក់ស្ទើរ​ក្នុងការ​អន្តរាគមន៍​ក្នុង​វិស័យ​សារព័ត៌មាន​។ គ្មាន​អ្នកសារព័ត៌មាន​ណា​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ជាពិសេស​ព្រះមហាក្សត្រ​ឡើយ​។ ហើយ​ប្រទេស​នេះ​ក៏​ចាប់ផ្តើម អនុវត្ត​ច្បាប់​សាសនា​ថែមទៀត ដែល​វា​ធ្វើ​ឲ្យ​អ្នក​ដែល​រិះគន់​ស្តេច​ឬ​ក្រុមគ្រួសារ​រាជ្យ​វង្ស​ប្រ៊ុយណេ ប្រឈម​គ្រោះថ្នាក់​កាន់តែ​ធ្ងន់​៕ 


Tag:
 សេរីភាព​សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com