ជាតិ
ឧកញ៉ា​ម្នាក់​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ក្រសួង​ដែនដី ហើយ​នឹងមាន​បន្តបន្ទាប់​ទៀត​
09, May 2016 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះឈ្មោះ​លោក​ឧកញ៉ា ឡោក ហ៊ួ​រ ចូលក្នុង​បញ្ជីខ្មៅ​ដោយ​រារាំង​មិន​ឲ្យ​មានការ​លក់ ទិញ ឬ​ផ្ទេរកម្មសិទ្ធិ​ទៅ​អ្នកដទៃ​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។​



​លោក ឡោក ហ៊ួ​រ ត្រូវបាន​ដាក់ចូល​ក្នុង​បញ្ជីខ្មៅ​ក្រសួង ក្រោយពេល​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមាន​រៀបចំ​ឈ្មោះ​បុគ្គល​រំលោភ​ដីធ្លី ពលរដ្ឋ ក្នុង​បញ្ជីខ្មៅ ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៦ ខែឧសភា កន្លងមក​។

​ក្រុមការងារ​ក្រសួង​ដែនដី បាន​ស្រង់​ប្រសាសន៍​លោក ជា សុផារ៉ា យ៉ាង​មុតមាំ​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​នឹងដាក់​បញ្ចូល​ក្នុង​បញ្ជី​ស្បែក​ខ្មៅ សម្រាប់​ការស្នើ​ចុះបញ្ជី ឬ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី និង​រាយការណ៍​ជូន​សម្តេច រាល់​បុគ្គល​ណា​ដែល​តែងតែមាន​ករណី​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ ទោះ​ឋានៈ​ធំ​ប៉ុណ្ណា​ក៏ដោយ​»​។​

​លោក សេង ឡូត បញ្ជាក់​យ៉ាងខ្លី​ថា​៖ «​រហូតមកទល់​ពេលនេះ​មានតែ​ឯកឧត្តម ឡោក ហ៊ួ​រ ម្នាក់​ទេ ដែល​ស្ថិតក្នុង​បញ្ជីខ្មៅ​។ ហើយ​ក្រសួង​នឹង​បន្ត​ចុះឈ្មោះ​បន្ថែមទៀត ប្រសិនបើ​បុគ្គល​ដទៃ​រំលោភបំពាន​ដីធ្លី​ពលរដ្ឋ​»​។​

​សាធារណជន​ភាគច្រើន បាន​គាំទ្រ​វិធានការ​លោក ជា សុផារ៉ា ស្របពេល​ពួកគេ​សង្កេតឃើញ និង​ជួបប្រទះ​ការរំលោភបំពាន​ពលរ​ដ្ឋ​ពី​សំណាក់​មន្ត្រី​មានអំណាច​មួយចំនួន​។ ទាំង​អ្នកវិភាគ និង​សាធារណជន កំពុង​តាមដាន​មើល​វិធានការ​នេះ ជឿជាក់ថា ក្រសួង​ចេញ​វិធានការ​នេះ ក្នុង​គោលបំណង​ស្តារ​មុខមាត់​រដ្ឋាភិបាល បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា​៕


Tag:
 ជា សុផារ៉ា​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com