ជាតិ
នយោបាយជាតិ
មន្ត្រីជាន់ខ្ពស់CNRP បដិសេធសេចក្តីប្រកាសព័ត៌មានដែលបង្ហោះលើបណ្តាញសង្គម
× ភ្លាមៗក្រោយពីមានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បង្ហោះសេចក្តីប្រកាសព័ត៌មានមួយដែលមានទម្រង់ដូចសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ដែលមានខ្លឹមសារចាត់ទុកករណីឯកឧត្តម កឹម សុខា ថាជារឿងបុគ្គល មិនពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិនោះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានចេញមុខបដិសេធនឹងសេចក្តីប្រកាសព័ត៌មាននោះ។
លោក ហូ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងប្រាប់សារព័ត៌មានថ្មីៗថា លោកមិនដឹងថា សេចក្តីប្រកាសព័ត៌មាន ដែលគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ អ្នកណាមួយ ឬក្រុមណាមួយជាអ្នកសរសេរនោះទេ។
សូមបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៦ ខែឧសភា ដែលមានស្លាកសញ្ញា និងត្រាគណបក្សសង្គ្រោះជាតិ មានទម្រង់ដូចជាសេចក្តីប្រកាសព័ត៌មានរបស់គណបក្សនេះ ដែលត្រូវគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងនោះក៏មានគណនីរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បង្ហោះផងដែរនោះ មានខ្លឹមសារបែបនេះថា៖ «គណបក្សសង្គ្រោះជាតិ សូមជម្រាប់ដល់អ្នកគាំទ្រទាំងអស់ថា ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី ២៦ ខែឧសភា គឺជាសកម្មភាពអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចលើករណីផ្ទាល់ខ្លួន ឯកឧត្តម កឹម សុខា ដែលមិនបានចូលតាមដីកាកោះហៅរបស់ស្ថាប័នតុលាការប៉ុណ្ណោះ»។
ខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានដែលគេបង្ហោះដដែលនោះ ក៏លើកឡើងថា គណបក្សសង្គ្រោះជាតិ ចាត់ទុកករណីនេះ ជាករណីផ្ទាល់ខ្លួនរបស់ឯកឧត្តម កឹម សុខា មិនពាក់ព័ន្ធនឹងកិច្ចការរបស់គណបក្សសង្គ្រោះជាតិនោះទេ ហើយគណបក្សបដិសេធមិនទទួលស្គាល់រាល់ការអំពាវនាវញុះញង់របស់ជនឆ្លៀតឱកាស ដែលចង់ឲ្យសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឡើងមកគាំទ្រករណីផ្ទាល់ខ្លួននេះ។ ជាងនេះសេចក្តីប្រកាសព័ត៌មាននោះ បានអំពាវនាវឲ្យអ្នកគាំទ្ររក្សាភាពស្ងប់ស្ងាត់ កុំធ្វើដំណើរមកភ្នំពេញ ដើម្បីគាំទ្ររឿងបុគ្គលឡើយ។
លោក ហូ វ៉ាន់ ឆ្លើយតបថា ជាជំហរគណបក្សសង្គ្រោះជាតិ គណបក្សនេះ មិនអាចសរសេរសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារដូចសេចក្តីប្រកាសព័ត៌មាន ដែលអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបង្ហោះនោះទេ។ លោកបញ្ជាក់យ៉ាងនេះថា៖« គណបក្សសង្គ្រោះជាតិ គ្មានជំហរក្នុងការសរសេរលិខិតបែបនេះទេ។ ហើយខ្ញុំយល់ថា គណបក្សសង្គ្រោះជាតិ ប្រហែលជាអាចនឹងចេញសេចក្តីថ្លែងការណ៍បដិសេធចំពោះសេចក្តីប្រកាសព័ត៌មាននោះ»៕
Tag:
CNRP
កឹម សុខា
ហូ វ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com