អន្តរជាតិ
លោក Jack Ma ៖ « បើមានជាតិក្រោយមែន ខ្ញុំនឹងមិនបើកក្រុមហ៊ុនធំដូចអាលីបាបាទេ »
×
« កំហុសដ៏ធំបំផុតរបស់ខ្ញុំ គឺបង្កើតក្រុមហ៊ុន អាលីបាបា » នេះគឺជាសម្តីរបស់លោកជេក ម៉ា ប្រធានក្រុមហ៊ុនអាលីបាបា ដែលជាក្រុមហ៊ុនពាណិជ្ជកម្មតាមអនឡាញដ៏ធំ និងជាមហាសេដ្ឋីទីពីរនៅប្រទេសចិន។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងវេទិកាសេដ្ឋកិច្ចមួយដែលត្រូវបានរៀបចំឡើងនៅប្រទេសរុស្ស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ។
ពាណិជ្ជករវ័យ ៥១ ឆ្នាំរូបនេះបានពន្យល់ថា កំហុសនេះកើតឡើងដោយសារតែលោកខិតខំធ្វើការពេក ដើម្បីឲ្យឆាប់បានចូលនិវត្តន៍ ព្រោះថាលោកមិនចង់ធ្វើការរហូតដល់ចាស់ទេ។ តែពេលនេះ ការខិតខំប្រឹងប្រែងរហូតក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិប្រមាណ ២៣,៧ ពាន់លានដុល្លារ បានធ្វើឲ្យលោកមិនសប្បាយចិត្ត និងសោកស្តាយយ៉ាងខ្លាំង។ លោកមានប្រសាសន៍ថា៖ « បើមានជាតិក្រោយមែន ខ្ញុំនឹងមិនបើកក្រុមហ៊ុនធំដូចអាលីបាបានេះទេ » « ខ្ញុំចង់ធ្វើជាខ្លួនខ្ញុំវិញ។ ខ្ញុំចង់ឆ្លៀតពេលក្នុងជីវិតដែលសេសសល់ ដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងនានាក្នុងពិភពលោក ដោយខ្ញុំមិនចាំបាច់ត្រូវនិយាយពីរឿងពាណិជ្ជកម្ម ហើយក៏មិនបាច់ធ្វើការដែរ » ។ លោកបានបន្តទៀតថា៖ « ខ្ញុំមិនគិតថា ពាណិជ្ជកម្មនេះនឹងផ្លាស់ប្តូរជីវិតរបស់ខ្ញុំទេ។ ដើមឡើយ ខ្ញុំគ្រាន់តែចង់បានក្រុមហ៊ុនតូចមួយប៉ុណ្ណោះ តែក្រុមហ៊ុននេះកាន់តែរីកធំឡើង ធ្វើឲ្យខ្ញុំមានការទទួលខុសត្រូវកាន់តែធំ និងក្តីកង្វល់កាន់តែច្រើនដែរ »។
បើតាមលោក Angus Deaton ម្ចាស់ពានរង្វាន់នូបែលផ្នែកសេដ្ឋកិច្ច អ្នកដែលមានប្រាក់ចំណូលប្រចាំឆ្នាំលើសពី ៧៥ ០០០ ដុល្លារឡើងទៅ ពុំមានសុខុមាលភាពផ្លូវចិត្តទេ។ ពួកគេគ្មានពេលវេលានៅជាមួយនឹងមនុស្សជាទីស្រឡាញ់របស់ខ្លួន មិនអាចចៀសផុតពីការឈឺចាប់ ជំងឺ និងគ្មានពេលវេលាដើម្បីលេងកម្សាន្តទេ៕
ប្រភព៖ BFMTV
© រក្សាសិទ្ធិដោយ thmeythmey.com