អន្តរជាតិ
នាយករដ្ឋមន្ត្រី​ជប៉ុន​៖ ចំនួន​មនុស្ស​ចាស់​ច្រើន​មិនមែនជា​បញ្ហា តែ​ជាការ​លើកទឹកចិត្ត​
22, Sep 2016 , 10:40 am        
រូបភាព
​អ្នកណាៗ ក៏​ដឹងថា​ជប៉ុន គឺ​ប្រទេសមួយ​នៃ​ពិភពលោក​ដែល​កម្រិត​ប្រជាសាស្ត្រ​ទាប ពោលគឺ​មិនសូវមាន​កំណើនប្រជាជន​ប៉ុន្មាន​នោះទេ ខណៈ​អត្រា​មនុស្ស​ចាស់​កាន់តែ​កើន​ច្រើនឡើង​។ យ៉ាងណាក្ដី នាយករដ្ឋមន្ត្រី​ជប៉ុន​អះអាងថា ចំនួន​មនុស្ស​ចាស់​កាន់តែច្រើន មិនមែនជា​រឿង​គួរ​បារម្ភ​អ្វី​ឡើយ តែ​ជាការ​លើកទឹកចិត្ត​ដើម្បី​ជំរុញ​ផលិតកម្ម​តាមរយៈ​គំនិត​ច្នៃប្រឌិត ដូចជា​ការបង្កើត​មនុស្ស​យន្ត និង​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្មាន​ខ្សែ​ជាដើម​។



​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ មិនបាន​បង្ហាញ​ការភ័យព្រួយ​អ្វី​ឡើយ​ចំពោះ​របាយការណ៍​ថ្មី​ដែល​បង្ហាញថា ចំនួន​មនុស្ស​ចាស់​នៅ​ជប៉ុន​កើនឡើង​ច្រើន​ខ្លាំង​នោះ​។ លោកនាយក​រដ្ឋមន្ត្រី​អា​បេ​និយាយថា ការកើនឡើង​ចំនួន​មនុស្ស​ចាស់ជរា គឺ​ការជំរុញ​ចិត្ត​មួយ​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឲ្យ​កាន់តែ​ជឿនលឿន ដែល​ធ្វើ​ឲ្យ​ការរស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរឡើង​។​

​ថ្លែង​ទៅកាន់​កម្មវិធី​មួយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​២១ ខែកញ្ញា​នាយករដ្ឋមន្ត្រី​ជប៉ុន​និយាយថា លោក​មិន​បារម្ភ​ខ្លាំង​លើ​បញ្ហា​ប្រជាសាស្ត្រ​របស់​ជប៉ុន​ឡើយ ដ្បិត​ជប៉ុន​នៅតែមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ដដែល បើទោះជា​ចំនួន​ប្រជាជន​សកម្ម​ថយចុះ​ក៏ដោយ​។ លោក​បញ្ជាក់ថា ជប៉ុន​មាន​ប្រជាជន​ចាស់​ច្រើន​មែន និង​បាត់បង់​ប្រជាជន​សកម្ម​ច្រើន តែ​នេះ​ជាការ​លើកទឹកចិត្ត​ទៅវិញ​ទេ​។

​លោក​ពន្យល់ថា ដោយសារតែ​បញ្ហា​នេះ បាន​ជំរុញ​ចិត្ត​ជប៉ុន​ឲ្យ​ប្រឹង​ពង្រីក​សមត្ថភាព​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការបង្កើត​គ្រឿងយន្ត​ថ្មីៗ បច្ចេកវិទ្យា​Wireless ក៏ដូចជា​គ្រឿង​សិប្បនិម្មិត​ផ្សេងទៀត​ដែរ​។ ហើយ​លោក​ថែមទាំង​ចាត់ទុក​ប្រជាសាស្ត្រ​ជប៉ុន ជា​រង្វាន់​សម្រាប់​ប្រទេស​ទៅទៀត​។​

​ជាមួយគ្នានេះ រដ្ឋាភិបាល​លោក អា​បេ ក៏មាន​ផែនការ​បង្កើន​អត្រាកំណើត​ឲ្យ​ដល់​១.៨​ភាគរយ សំដៅ​បង្កើន​ចំនួន​វ័យក្មេង​ឲ្យ​កាន់តែច្រើន បើទោះជា​អត្រា​១.៨​ភាគរយ​នេះ នៅមានកម្រិត​ទាប​ក៏ដោយចុះ​។ ម្យ៉ាងទៀត រដ្ឋាភិបាល​ជប៉ុន ក៏​សម្លឹងមើល​ការជំរុញ​ឲ្យ​ស្ត្រី និង​ក្រុមមនុស្ស​ចាស់​ចូល​ជា​កម្លាំង​ពលកម្ម​វិញ​ផងដែរ ដ្បិត​ជប៉ុន​ក៏​មិន​ចង់​ទទួលយក​ជនបរទេស​ច្រើន មក​ធ្វើការ​ក្នុងប្រទេស​ខ្លួន​ដែរ​។

​យោងតាម​លទ្ធផល​ស្ទាបស្ទង់​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ជាតិ​ទទួលបន្ទុក​ប្រជាជន និង​របប​សន្តិសុខ​សង្គម ដែល​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Japan Times នៅ​សប្តាហ៍​មុននេះ ប្រជាជន​ជប៉ុន​ដែលមាន​អាយុ​៦៥​ឆ្នាំ​និង​ចាស់​ជាង​នេះ មាន​ដល់​ទៅ​៣៤.៦​លាន​នាក់ ដែល​ស្មើនឹង​២៧.៣​នៃ​ចំនួន​ប្រជាជន​សរុប​។ ចំនួន​ដ៏​ច្រើន​នៃ​ក្រុមមនុស្ស​ចាស់ បាន​បង្ក​ការព្រួយបារម្ភ​ចំពោះ​សេដ្ឋកិច្ច​ជប៉ុន ដែលមាន​កំណើន​យឺត ដោយសារតែ​ចំនួន​អត្រាកំណើត​មាន​តិច ដែល​នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​បរិមាណ​កម្លាំង​ពលកម្ម​ក្នុងប្រទេស​៕ 


Tag:
 ជប៉ុន​
 ​ ប្រជាសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com