ជាតិ
​ភាពខុសគ្នា​រវាង​តួនាទី​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​បក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​រដ្ឋសភា​
07, Dec 2016 , 10:19 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​ឯកឧត្តម កឹម សុខា ត្រូវបាន​រដ្ឋសភា​ប្រកាស​ទទួលស្គាល់​តំណែង​ចំនួន ២ នៅក្នុង​រដ្ឋសភា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ងឿងឆ្ងល់​ចំពោះ​ភាពខុសគ្នា​នៃ​តំណែង​ពីរ​នេះ​។  តំណែង​ចំនួន ២ ដែល​ឯកឧត្តម កឹម សុខា ទើប​ទទួលបាន គឺ​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា​ផង និង​តំណែង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋសភា​ផង​។​



​បើតាម​មាត្រា ៤៨ ថ្មី​(​បី​) នៃ​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច និង​តំណែង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល នៅ​រដ្ឋសភា មាន​លក្ខណៈ និង​លក្ខខណ្ឌ​ខុសគ្នា​។​

​ទី ១ តំណែង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច
​មាត្រា ៤៨ ថ្មី​(​បី​) ពន្យល់ថា តំណាងរាស្ត្រ​ដែល​ត្រូវ​កាន់​តួនាទី ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​បក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល គឺជា​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ចាប់ពី ៥ ភាគរយ​ឡើងទៅ ( ចាប់ពី ៤ អាសនៈ​ឡើងទៅ​) ។ ប្រធាន​ក្រុមតំណាងរាស្ត្រ​នេះ ត្រូវ​រៀបចំ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ តាម​គណបក្សនយោបាយ​នីមួយៗ ហើយ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ មាន​សមាសភាព​យ៉ាងច្រើន ៣  រូប ដោយ​ត្រូវមាន​ប្រធាន ១ រូប​។ ហើយ​បញ្ជីរាយនាម​របស់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ​ទាំង ៣ រូប ត្រូវ​ផ្ញើជូន​ប្រធានរដ្ឋសភា​។​

-​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល​
​ទី ១ ថ្នាក់ដឹកនាំ​ត្រូវធ្វើ​ការដឹកនាំ​តំណាងរាស្ត្រ​របស់​គណបក្ស ដើម្បី​ធ្វើ​ឲ្យ​ការងារ​ពាក់ព័ន្ធ​ទាំងឡាយ បាន​ប្រព្រឹត្តទៅ​ស្របតាម​កម្មវិធី​នយោបាយ និង​គោលការណ៍​នានា​របស់​គណបក្ស​។ ទី ២ ត្រូវ ធ្វើការ​សម្របសម្រួល​ជាមួយ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្សនយោបាយ ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ដើម្បី​ធ្វើ​ឲ្យ​ការងារ​ពាក់ព័ន្ធ​ទាំងឡាយ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ធានាបាន​នូវ​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាពលរដ្ឋ​។ ហើយ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ​បំពេញ​តួនាទី បាន​រលូន រដ្ឋ​សភាព​ជា​អ្នករៀបចំ​នូវ​មធ្យោបាយ​ជូន​ថ្នាក់ដឹកនាំ​ទាំងនោះ​។ នេះ​បើតាម​មាត្រា ៤៨ ថ្មី​(​បី​) ដដែល​។​

​ទី ២ តំណែង​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា
​តំណែង​នេះ សម្រាប់​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ចាប់ពី ២៥ ភាគរយ​ឡើងទៅ (​ចាប់ពី ២៨ អាសនៈ​ឡើងទៅ​)  ត្រូវ​ទទួលបាន​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច នៅ​រដ្ឋសភា​។ នេះ​បើតាម​មាត្រា ៤៨ ថ្មី​(​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​។ ត្រង់ចំណុច​នេះ មានន័យថា អ្នកតំណាងរាស្ត្រ​នោះ ទទួល​តំណែង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល​ផង ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​ក្រៅ​គណបក្សនយោបាយ​ផង​។​

-​ភារកិច្ច​របស់​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា
​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នេះ គជា​ជា​គូសន្ទនា​ជាមួយនឹង​ប្រមុខ​រាជរដ្ឋាភិបាល ទាក់ទង​ទៅនឹង​បញ្ហា​ប្រទេសជាតិ ហើយ​ប្រធាន​ក្រុម​មតិ​ភាគតិច មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​។​

​ជាការ​កត់សម្គាល់ បច្ចុប្បន្ន​នៅ​កម្ពុជា មាន​គណបក្សនយោបាយ​ចំនួន​តែ ២ ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា  គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។ បើ​ផ្អែក​តាម​ខ្លឹមសារ​នៃ​មាត្រា ៤៨ នេះ ប្រសិនបើ​នាពេល​គណបក្ស​អនាគត កម្ពុ​ជាមាន​គណបក្សនយោបាយ​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ចាប់ពី ៥ ភាគរយ​ឡើងទៅ ច្រើន​គណបក្ស នោះ​នៅក្នុង​រដ្ឋសភា នឹងមាន​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល​ច្រើន​។  ហើយ​នៅពេលដែល​កម្ពុ​ជាមាន​ប្រធាន​ក្រុមតំណាងរាស្ត្រ​បក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល​ច្រើន អ្នក​ទាំងនេះ ទំនង​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​តំណាងរាស្ត្រ​ប្រធាន​ក្រុម​មតិ​ភាគតិច​។ ជាពិសេស​ប្រធាន​ក្រុម​មតិ​ភាគតិច ជា​អ្នកយក​មតិ​របស់​ប្រធាន​ក្រុមតំណាងរាស្ត្រ​ក្រៅ​រដ្ឋាភិបាល ទៅ​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​៕


Tag:
 ​រដ្ឋសភា​
  មតិ​ភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com