អន្តរជាតិ
អង់គ្លេសនឹងចាក​ចេញពី​ទីផ្សារ​រួម​របស់​អឺរ៉ុប ដើម្បី​មាន​សិទ្ធិ​គ្រប់គ្រង​លំហូរ​ប្រជាជន​
18, Jan 2017 , 1:57 pm        
រូបភាព
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Theresa May
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Theresa May
​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស Theresa May បានដាក់​ចេញ​គោលការណ៍​ចាក​ចេញពី​សហភាព​អឺរ៉ុប​ឲ្យ​ដាច់ស្រឡះ និង​មិន​បន្ត​ស្ថិតនៅ​ផ្នែក​ណាមួយ​របស់​សហភាព​អឺរ៉ុប​ទៀតឡើយ សូម្បីតែ​ទីផ្សារ​រួម​របស់​អឺរ៉ុប​ក្ដី​។ លោកស្រី Theresa May ដែល​កាន់អំណាច​ក្រោយ​ប្រជាមតិ​ឆ្នាំ​២០១៦  ក៏បាន​សម្រេច​ទុក​ឲ្យ​សភា​អង់គ្លេស ទាំងពីរ​ជាន់ សម្រេចចិត្ត​ចុងក្រោយ​លើ​ការចាកចេញ​នេះដែរ​។



​ទីបំផុត​ចក្រភព​អង់គ្លេស សម្រេច​ជ្រើសរើស​ការចែក​ផ្លូវ​ដាច់ស្រឡះ​ពី​សហភាព​អឺរ៉ុប (Hard Brexit) ក្រោយ​ការរួមរស់​ជាមួយគ្នា​អស់​ពេល​ច្រើនជាង​៤​ទសវត្សរ៍​មកហើយ​នោះ​។ បន្ទាប់ពី​ការធ្វើប្រជាមតិ​ចាកចេញ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ខែមិថុនា ឆ្នាំ​២០១៦ ប្រជាជន​អង់គ្លេស​ជាច្រើន រួមទាំង​អ្នកនយោបាយ​ខ្លះ​នោះ បាន​លើកយក​លទ្ធភាព​ដែល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប តែ​បន្ត​ប្រើប្រាស់​ទីផ្សារ​រួមគ្នា​របស់​អឺរ៉ុប​ដូចដែល​ធ្លាប់ធ្វើ​កន្លងមក​។ ប៉ុន្តែ​លទ្ធភាព​នេះ ត្រូវបាន​ទាត់ចោល​ទៅហើយ​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May នៅ​ថ្ងៃទី​១៧ ខែមករា បានប្រកាសថា ចក្រភព​អង់គ្លេស នឹង​ចាក​ចេញពី​ទីផ្សារ​រួម​របស់​សហភាព​អឺរ៉ុប ដើម្បី​ខ្លួន​មានលទ្ធភាព​គ្រប់គ្រង​បញ្ហា​ជនអន្តោប្រវេសន៍​បាន​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ចក្រភព​អង់គ្លេស នឹង​ព្យាយាម​ចុះ​កិច្ចព្រមព្រៀង​ពន្ធគយ​ថ្មី​ជាមួយ​អឺរ៉ុប ដើម្បី​បើកផ្លូវ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃទៀត​លើ​ពិភពលោក រួមទាំង​សមាជិក​អឺរ៉ុប​ទាំងអស់ ដោយ​មិនចាំបាច់​ឆ្លងកាត់​បទបញ្ញត្តិ​របស់​សហភាព​អឺរ៉ុប​ឡើយ​។

​នាយករដ្ឋមន្ត្រី​រូបនេះ​បញ្ជាក់ថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ចាកចេញ​ឲ្យ​ដាច់ស្រេច និង​មិនត្រូវ​ជ្រើសរើស​ផ្លូវ​ដែល​នាំ​ឲ្យ​អង់គ្លេស​នៅ​បន្ត​ជា​ផ្នែក​ណាមួយ​របស់​អឺរ៉ុប​ឡើយ ព្រោះនេះ​មានន័យថា អង់គ្លេស​មិន​ចេញពី​សហភាព​អឺរ៉ុប​សោះ​។ សារព័ត៌មាន BBC ផ្សាយ​ថា តាម​ផែន​ការដែល​លោកស្រី​ប្រកាស អង់គ្លេស​នឹងមិន​ស្វែងរក​ការចូល​ជា​សមាជិក​នៃ​ផ្នែក​ណាមួយ​របស់​អឺរ៉ុប​ឡើយ តែ​ក៏​មិនមែន​អង់គ្លេស ផ្ដាច់ទំនាក់ទំនង​ទាំងស្រុង​ពី​រដ្ឋ​សមាជិក​អឺរ៉ុប​នោះដែរ​។​

​តាំងពីដើម​មក​នោះ បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​បានដាក់​លក្ខខណ្ឌ​ថា បើ​អង់គ្លេស​ចង់​បន្ត​ប្រើប្រាស់​ទីផ្សារ​រួម អង់គ្លេស​ត្រូវ​ទទួលយក​គោលការណ៍​ផ្លាស់​ទី​ដោយ​សេរី​។ ប៉ុន្តែ​គោលការណ៍​នេះហើយ ជា​មូលហេតុ​សំខាន់​ដែល​ប្រជាជន​អង់គ្លេស​សម្រេចចិត្ត​ចាកចេញ​។ ទាក់ទង​រឿងនេះ លោកស្រី Theresa May បាន​ប្រាប់​ទូត​បរទេស​ក្នុង​កម្មវិធី​ក្នុង​ក្រុង​ឡុង​ដ៍​ថា ការចាកចេញ​នេះ​មានន័យថា អង់គ្លេស​នឹង​គ្រប់គ្រង​លំហូរ​ប្រជាជន​ចូលមក​អង់គ្លេស​។​

​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប នឹងមាន​ពេល​ពីរ​ឆ្នាំ ដើម្បី​ចរចា​លក្ខខណ្ឌ​ទាំងឡាយ​ជុំវិញ​ការចាកចេញ​នេះ​។ លោកស្រី May បាន​សន្យា​ចាប់ផ្ដើម​អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon នៅ​ខែ​មិនា​នេះ ហើយ​យោងតាម​កាលបរិច្ឆេទ​នេះ អង់គ្លេស នឹង​ចាក​ចេញពី​អឺរ៉ុប​នៅត្រឹម​ខែមីនា ឆ្នាំ​២០១៩ ។ នាយករដ្ឋមន្ត្រី​អង់គ្លេស ក៏​ទុក​ឲ្យ​សភា ជា​អ្នកសម្រេច​លើ​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​ផងដែរ បើទោះជា​តុលាការ​កំពូល មិនទាន់​កាត់ក្ដី​ឲ្យ​ស្ថាប័ន​នេះមាន​សិទ្ធិ​កំណត់​ចុងក្រោយ​ក៏ដោយចុះ​។​

​ទាក់ទង​នឹង​ការចរចា​ចាកចេញ​នេះ លោកស្រី​នាយករដ្ឋមន្ត្រី May ក៏បាន​ព្រមាន​សហភាព​អឺរ៉ុប ដែល​ចង់​ពិន័យ​អង់គ្លេស​លើ​រឿង​ចាកចេញ​នេះដែរ​។ បន្ទាប់ពី​ការបោះឆ្នោត​ចាកចេញ មេដឹកនាំ​អឺរ៉ុប​ខ្លះ ចង់​ផ្ដល់​មេរៀន​ខ្លះ​ឲ្យ​អង់គ្លេស ជា​គម្រូ​សម្រាប់​ប្រទេស​ដទៃ​ដែល​ចង់​ចាកចេញ​ដែរ​។ លោកស្រី May គំរាម​វិញ​ថា ការដាក់ទណ្ឌកម្ម​លើ​អង់គ្លេស នឹងធ្វើ​ឲ្យ​អឺរ៉ុប​ផ្ទាល់​រង​ផលប៉ះពាល់ ហើយ​អង់គ្លេស សុខចិត្ត​ចាកចេញ​ទាំង​គ្មាន​កិច្ចព្រមព្រៀង ជាជាង​មាន​កិច្ចព្រមព្រៀង​ដែល​អាក្រក់​មកលើ​ខ្លួន​៕


Tag:
 Brexit
  Theresa May
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com