អន្តរជាតិ
អូ​បា​ម៉ា លា​អ្នកកាសែត​និង​ប្រាប់​ពួកគេ​ថា ប្រជាធិបតេយ្យ​អាមេរិក​ខ្វះ​ពួកគេ មិនបាន
19, Jan 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជួប​ផ្តែរ​ផ្តាំ​អ្នកសារព័ត៌មាន​ប្រចាំ​សេត​វិមាន​ដែល​ធ្លាប់​បំពេញការងារ​អស់​រយៈពេល ៨​ឆ្នាំកន្លងមក​ជា​លើកចុងក្រោយ​នៅ​ថ្ងៃ​ពុធ​ទី ១៨ មករា​។លោក​បាន​ថ្លែងអំណរគុណ និង​ប្រាប់​អ្នកសារព័ត៌មាន​ទាំងនោះ​ថា ពួកគេ​បានធ្វើ​ឲ្យ​គ្រប់យ៉ាង​ប្រសើរឡើង ហើយ​ប្រជាជន​និង​ប្រជាធិបតេយ្យ​អាមេរិក​មិនអាច​ខ្វះ​ពួកគេ​បានឡើយ​។ លោក​បាន​ទទូច​ឲ្យ​អ្នកសារព័ត៌មាន​បន្តធ្វើ​កិច្ចការ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជំរុញ​ឲ្យ​អាមេរិក​ដើរទៅ​មុខ​ហើយ​លោក​ធានាថា គ្រប់យ៉ាង​នឹង​ល្អប្រសើរ​នៅពេល​ខាងមុខ​។

 

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖





​ក្នុង​សន្និសីទ​សារព័ត៌មាន​ចុងក្រោយ​នៅ​ថ្ងៃ​ពុធ​ទី ១៨​មករា លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែងអំណរគុណ​ជ្រាលជ្រៅ​ដល់​រាល់​អ្នកសារព័ត៌មាន​ប្រចាំ​សេត​វិមាន​ដែល​បាន​បំពេញ​តួនាទី​របស់ខ្លួន​យ៉ាង​ល្អប្រសើរ​ក្នុងពេល​៨​ឆ្នាំ​មកនេះ ហើយ​លោក​ថែមទាំង​ឆ្លៀត​រិះគន់ ដូ​ណា​ល់ ត្រាំ ដោយ​ប្រយោល​ដែរ​។ លោក មិនអាច​ភ្លេចគុណ​បំណាច់​របស់​អ្នកសារព័ត៌មាន ដែល​បាន​បំពេញការងារ​ដោយ​មិន​ខ្លាច​នឿយហត់ អមដំណើរ​លោក​ទៅគ្រប់​ទីកន្លែង​លើ​ពិភពលោក និង​ប្រមូល​ព័ត៌មាន​ក៏ដូចជា​សរសេរ​ព័ត៌មាន​ល្អៗ​ច្រើនសន្ធឹក​គ្របដណ្តប់​ពី​តំបន់​អាស៊ី ដល់​អឺរ៉ុប​ដល់ អាមេរិក និង​ដល់​អាហ្វ្រិក​ថែមទៀត​។​

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគេ​មាន​សារៈសំខាន់​ជួយ​ផ្តល់ព័ត៌មាន និង​តម្រង់ផ្លូវ ដល់​ប្រជាធិបតេយ្យ​និង​ប្រជាជន​អាមេរិក​ថែមទៀត​ផង​។ បន្ថែម​ពីនេះ​ប្រធានាធិបតី​ខាងលើ​បាន​អំពាវនាវ​ឲ្យ​យ៉ាងទទូច​ឲ្យ​អ្នកសារព័ត៌មាន​បន្ត​ប្រឹងប្រែង​បំពេញ​បេសកម្ម​ពួកគេ​ដើម្បី​បម្រើ​ប្រយោជន៍​សង្គម អាមេរិក និង​ផ្លាស់ប្តូរ​សង្គម​ឲ្យ​ល្អប្រសើរ​។​

១.​អូ​បា​ម៉ា​៖ «​ប្រជាធិបតេយ្យ​ខ្វះ​អ្នកកាសែត​មិនបាន​ទេ​»

​គេ​មិនបាន​ដឹងថា សេរីភាព​សារព័ត៌​មាននៅ​សហរដ្ឋអាមេរិក​នឹង​ប្រែប្រួល​កម្រិតណា​ឡើយ ក្រោយ​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ចូលកាន់​តំណែង​ថ្ងៃ​សុក្រ​ទី ២០ មករា​នេះ​។ តែ​គ្រប់គ្នា​ហាក់​ជ្រួលច្របល់​ក្នុង​ចិត្តខ្លាំង​រួចទៅហើយ ព្រោះ​លោក ដូ​ណា​ល់ ត្រាំ ហាក់​ព្យាយាម​ចាត់ទុក​សារព័ត៌មាន​ជាស​ត្រូវ​តាំងពី​យូរ​មកហើយ​។​

​យ៉ាងណា​ក៏ដោយចុះ ប្រធានាធិបតី​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បានផ្តល់​សារ​លើកទឹកចិត្ត​ចុងក្រោយ​ឲ្យ​អ្នកសារព័ត៌មាន​ឲ្យ​ពួកគេ​ស្ងប់ចិត្ត និង ព្រមាន ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​ប្រយោល​ថា «​សង្គម​អាមេរិក​ខ្វះ​សេរីភាព​សារព័ត៌មាន​មិនបាន​ទេ​»​។​

​សារព័ត៌មាន​ជា​អំណាច​ទី​៤ នៅក្នុង​សង្គម​អាមេរិក ហើយ​វា​ក៏​ជា​ធាតុ​ផ្សំ​សំខាន់​ខ្វះ​មិន​បានដែរ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ​ដូច​អាមេរិក​នេះ​។ ដូច្នេះហើយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រាប់​អ្នកសារព័ត៌មាន​ដែលមាន​វត្តមាន​ក្នុង​បន្ទប់​សន្និសីទ​សេត​វិមាន​ត្រង់ៗ​ថា «​ប្រជាធិបតេយ្យ​អាមេរិក​ខ្វះ​អ្នកសារព័ត៌មាន​មិនបាន​ឡើយ​»​។​

​លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ក្នុង​សុន្ទរកថា​ផ្តាំផ្ញើ​ចុងក្រោយ ដើម្បី​និយាយ​ពី​ស្ថាន​ព​ភាព​ប្រជាធិបតេយ្យ​របស់​យើង​។ គេ​ដឹងថា ធាតុ​ផ្សំ​សំខាន់​ក្នុង​ប្រជាធិបតេយ្យ​គឺ សេរីភាព​សារព័ត៌មាន​។ ដូច្នេះ អាមេរិក​ត្រូវការ​អ្នក​ទាំងអស់គ្នា ហើយ​ប្រជាធិបតេយ្យ​របស់​យើង​ក៏​ត្រូវការ​អ្នក​ទាំងអស់គ្នា​»​។​

​បន្ទាប់ពី​លើកឡើង​ពី​សារៈសំខាន់​នៃ​សារព័ត៌មាន​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ លោក អូ​បា​ម៉ា បាន​ព្រលយ​ពាក្យ​ថា វា​មិនមែន​មានន័យថា លោក​ពេញចិត្ត​រាល់​រឿង​ដែល​អ្នកសារព័ត៌មាន​ស​រ​សេរ​នោះឡើយ​។ ប៉ុន្តែ កត្តា​សត្យានុម័ត​នោះ​គឺ ជា​មេដឹកនាំ​ត្រូវតែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកសារព័ត៌មាន​។ លោក​រម្លឹក​ផងដែរ​ថា មកដល់ពេលនេះ​លោក​ត្រូវ​ប្រឈមមុខ​ជាមួយ​សំណួរ​អ្នកសារព័ត៌មាន ១៦៥ ដង​ហើយ​ចាប់ពី​ពេល​លោក​ឡើងកាន់តំណែង​។​

«​វា​មិនមែន​មានន័យថា ខ្ញុំ​សប្បាយចិត្ត​ចំពោះ​រាល់​អត្ថបទ​ដែល​អ្នក​ទាំងអស់គ្នា​សរសេរ​ឡើយ​។ ប៉ុន្តែ​វា​ជា​ទំនាក់ទំនង​រវាង​ខ្ញុំ​និង​សារព័ត៌មាន​។ ជាធម្មតា ក្នុងនាម​ជា​អ្នកសារព័ត៌មាន អ្នក​ត្រូវមាន​មន្ទិលសង្ស័យ​ច្រើន ហើយ​អ្នក​ក៏ត្រូវ​សួរ​ខ្ញុំ​នូវ​សំណួរ​ពិបាកៗ​ដែរ​។  គ្មាន​ហេតុផល​ណា ដែល​អ្នកសារព័ត៌មាន​ចាំបាច់​ត្រូវ​និយាយ​ប​ញ្ជេ​រ តែ​អ្នក​ត្រូវ​សម្លឹងមើល​បុគ្គល​ដែលមាន​អំណាច​ដោយ​ប្រុងប្រយ័ត្ន​បំផុត​»​។​

២. អូ​បា​ម៉ា​៖ «​សំណាងល្អ​អ្នក​ទាំងអស់គ្នា​! គ្រប់យ៉ាង​នឹង​ប្រសើរឡើង​»

​ពេល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា  បញ្ចប់​សុន្ទរកថា សំឡេង​ទះដៃ​កងរំពង​បាន​បន្លឺឡើង ហើយ​លោក​បាន​ពោល​ទៅកាន់​អ្នក​សារ​ព័ត​មាន​ថា​៖ «​សំណាងល្អ​អ្នក​ទាំងអស់គ្នា​!»​។ បន្ទាប់មក​លោក​ក៏​បែរខ្នង​ដើរចេញ​ពី​វេទិកា​នៅក្នុង​បន្ទប់​សន្និសីទ​ព័ត៌មាន​នា​សេត​វិមាន​យ៉ាង​ស្ងៀមស្ងាត់​។ គេ​ដឹង​ច្បាស់​ថា នេះ​ជា​ពាក្យ​ផ្តាំផ្ញើ​ចុងក្រោយ មុនពេល​ដែល​លោក​ត្រូវ​ចាក​ចេញពី​សេត​វិមាន និង​ផ្ទេរអំណាច​ឲ្យ​អ្នកនយោបាយ​ដែល​យក​សារព័ត៌មាន​ជាស​ត្រូវ ដូ​ណា​ល់ ត្រាំ ។

​មុនពេល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជួប​ជាមួយ​អ្នកសារព័ត៌មាន​នេះ គេ​បានលឺ​ពាក្យ​ចរចា​អា​រ៉ា​ម​ថា​ក្រុមការងារ​លោក ដូ​ណា​ល់ ត្រាំ ត្រៀម បណ្តេញ​អ្នកកាសែត​ចេញពី​សេត​វិមាន នៅពេល​ខាងមុខ​។ ហើយ​លោក ដូ​ណា​ល់ ត្រាំ បាន​ហៅ​សារព័ត៌មាន CNN ជា​បណ្តាញ​ព័ត៌មាន​ក្លែងក្លាយ ថែម​ទៀតផង​។

​យ៉ាងណាមិញ ក្រោយ​មានប្រតិកម្ម​ពី​បណ្តា​ក្រុម​អ្នកសារព័ត៌មាន​ប្រចាំការ​នៅ​សេត​វិមាន មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋបាល​ថ្មី​របស់លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា លោក ដូ​ណា​ល់ ត្រាំ មិន​បណ្តេញ​អ្នកសារព័ត៌មាន​ចេញ​ទេ តែ​នឹង​ជ្រើសរើស​អ្នកសារព័ត៌មាន​ណា​ដែល​គួរ​ឲ្យ​ចូល​សេត​វិមាន​ប៉ុណ្ណោះ​។​

​បន្ថែម​ពី​ការ​ផ្តាំផ្ញើ​និង​ជូនពរ​មុន​បែក​គ្នា ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​បំផុត​រូបនេះ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាជន​អាមេរិក​ដែល​ភ័យ​រអា​ចំពោះ​ការឡើង​កាន់អំណាច​រប​ស់​ប្រធានាធិបតី​ថ្មី​នោះ​ស្ងប់ចិត្ត​។ លោក​និយាយ​យ៉ាងខ្លី​ថា ៖«​គ្រប់យ៉ាង​នឹង​ល្អប្រសើរ​ឡើង ព្រោះ​អាមេរិក​មាន​មនុស្ស​ល្អ​ច្រើនជាង​មនុស្ស​អាក្រក់​។ ហើយ​ខ្ញុំ​ជឿជាក់​លើ​សហរដ្ឋអាមេរិក​និង​ប្រជាជន​អាមេរិក​»៕


© រក្សាសិទ្ធិដោយ thmeythmey.com