ពីនេះ ពីនោះ
សន្លឹម និង លន្លឹម មានន័យមិនសូវខុសគ្នាឡើយ
× សន្លឹម និង លន្លឹម សុទ្ធតែមានការពន្យល់ច្បាស់លាស់ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ដោយគ្រាន់តែពាក្យ សន្លឹម មានន័យទូលាយជាង លន្លឹម ប៉ុណ្ណោះ។
ជាគុណសព្ទ «សន្លឹម» មានន័យថា ដែលឆ្ងាយឃើញលន្លឹម, ឆ្ងាយសន្លឹម ។ សន្លឹមបាត់ត្រើយ ឆ្ងាយសន្លឹមមើលមិនឃើញត្រើយ ។ សន្លឹមបែកផ្សែង ឆ្ងាយសន្លឹមមើលទៅឃើញជាផ្សែង, វាលធំសន្លឹមបែកផ្សែង។
សម្រាប់ថ្នាក់ពាក្យ ជាករិយាសព្ទ និងកិរិយាវិសេសន៍វិញ ពាក្យ «សន្លឹម» មានន័យថា ចេះតែធ្មេចភ្នែកមិនបើក ដោយឈឺធ្ងន់។ ចេះតែសន្លឹម; ដេកសន្លឹម, ធ្មេចភ្នែកសន្លឹម ។
ចំណែកឯពាក្យ «លន្លឹម» វចនានុក្រម ពន្យល់ដោយខ្លីថា ឆ្ងាយឬខ្ពស់មើលទៅឃើញលឹមៗ។ ឆ្ងាយលន្លឹម, ខ្ពស់លន្លឹម។ វាក៏មានន័យដូច សន្លឹម ផងដែរ។
ពាក្យផ្សេងទៀតដែលមានអត្ថន័យប្រហាក់ប្រហែល សន្លឹម ឬ លន្លឹម មានដូចជា អន្តឺត (ដែលឆ្ងាយលន្លឹម), ត្រដឹម (ខ្ពស់ត្រដួចសន្លឹម), ស្រលូង (ជ្រៅសន្លឹមឬចោត), ត្រដួច (ដែលខ្ពស់ឆ្ងាយសន្លឹមទៅខាងលើ) ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com