ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ធ្វើដូចម្តេចនៅពេលអ្នកចុករោយចង្កេះ?
× អ្វីទៅជាការចុករោយចង្កេះ?
ការចុករោយចង្កេះ(ការឈឺចាប់ខ្នងភាគខាងក្រោម)អាចធ្វើឲ្យមានឈឺគ្រប់កន្លែង ចាប់ពីឆ្អឹងជំនីររហូតមកដល់ជើង។ ខ្នងភាគខាងក្រោមតភ្ជាប់រាងកាយភាគខាងលើទៅនឹងរាងកាយភាគខាងក្រោម។ គឺជាទីប្រជុំទម្ងន់ភាគច្រើននៃរាងកាយ។ គឺដោយមានតួនាទីយ៉ាងដូច្នេះហើយទើបខ្នងភាគខាងក្រោមនេះងាយនឹងរងគ្រោះខ្លាំងណាស់ នៅពេលណាដែលអ្នកចាប់លើក ឈោងចាប់អ្វីមួយ ឬងាកបែរខ្លួន។មនុស្សស្ទើរតែទាំងអស់គ្នាសុទ្ធតែធ្លាប់មានការឈឺខ្នងម្តងមួយកាល នៅក្នុងមួយជីវិតរបស់ខ្លួន។ ដំណឹងល្អនោះគឺថា ជំងឺឈឺខ្នងភាគខាងក្រោមអាចនឹងបាត់ទៅវិញក្នុងពេលប៉ុន្មានសប្តាហ៍ក្រោយមក បន្ទាប់ពីបានធ្វើការព្យាបាលជាមូលដ្ឋានខ្លះដោយខ្លួនឯង។ ក៏ប៉ុន្តែ បើសិនជាអ្នកមានការឈឺចាប់ខ្លាំងហើយយូរជាច្រើនសប្តាហ៍ សូមទៅពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត។
តើអ្វីដែលជាមូលហេតុនៃការចុករោយចង្កេះ?
រោយចង្កេះឫការឈឺចាប់ខ្នងភាគខាងក្រោមច្រើនតែបណ្តាលមកពីការប្រើប្រាស់ច្រើនខ្លាំងពេក(overuse) ការប្រឹងប្រែងលើសកម្លាំង(strain) ឬដោយរបួស។ ឧទាហរណ៍ដូចជាគេច្រើនតែធ្វើឲ្យមានឈឺខ្នងនៅក្នុងពេលលេងកីឡា ឬធ្វើការក្នុងស្រែចម្ការ មានការប៉ះទង្គិច(រញ្ជួយ)ខ្លួននៅក្នុងគ្រោះថ្នាក់ចរាចរ ឬខំប្រឹងលើកអ្វីមួយដែលធ្ងន់ពេក។
ការដែលមានអាយុកាន់តែច្រើនក៏ធ្វើឲ្យមានឈឺខ្នងដែរ។ ឆ្អឹងនិងសាច់ដុំរបស់អ្នកបានបាត់បង់ភាពរឹងប៉ឹងអស់ហើយកាលណាអ្នកចាស់ទៅ ដែលជាហេតុធ្វើឲ្យការងាយរងរបួសកើនឡើង។ ថាសស្ពោតៗ(spongy discs)នៅចន្លោះឆ្អឹងខ្នង(vertebrae)អាចត្រូវបានសឹករិចរិល លែងជាទ្រនាប់(cushion)ល្អនៅចន្លោះឆ្អឹងតទៅទៀតហើយ។ ថាសមួយដែលប៉ោងលៀនចេញ(herniated disc) អាចសង្កត់មកលើសរសៃប្រសាទ ហើយធ្វើឲ្យមានការឈឺចាប់ឡើងបាន។
ចំពោះអ្នកខ្លះ ការឈឺចាប់ខ្នងភាគខាងក្រោមអាចជាលទ្ធផលនៃជម្ងឺសន្លាក់(arthritis) ការបាក់ឆ្អឹងខ្នង (compression fractures) ដោយសារឆ្អឹងពុក(osteoporosis) ឬដោយមកពីអ្នកមានបញ្ហាឆ្អឹងខ្នងតាំងពីពេលកើតមក។
ជារឿយៗ វេជ្ជបណ្ឌិតមិនបានដឹងអំពីមូលហេតុនៃការឈឺចាប់ខ្នងភាគខាងក្រោមទេ ក៏ប៉ុន្តែជម្ងឺនេះអាចនឹងទៅជាជម្ងឺរ៉ាំរ៉ៃមួយ បើសិនជាអ្នកមានស្ត្រេសឬមានការធ្លាក់ទឹកចិត្ត។
© រក្សាសិទ្ធិដោយ thmeythmey.com