ប្រភេទនៃការឈឺចាប់អាចអោយអ្នកកំណត់បាននូវប្រភេទការព្យាបាលដែលអ្នកត្រូវការ ។វាពិតជាពិបាកកំណត់ថាតើអ្នកកំពុងតែមានការឈឺក្បាលប្រភេទណាមួយ។ ឈឺក្បាលមានប្រាំប្រភេទគឺការឈឺក្បាលតឹងណែន (tension), ឈឺក្បាលជាសំណុំ(cluster), ឈឺក្បាលមកពីស៊ីនូស (sinus), ការឈឺក្បាលលាប់ថ្នាំ (rebound), និង ប្រកាំង (migraine) ។-ការឈឺក្បាលតឹងណែន( Tension headaches)
វាជាប្រភេទនៃការឈឺក្បាលកើតឡើងញឹកញាប់បំផុត ដែលមានអារម្មណ៍ថាឈឺ និង កៀបជុំវិញក្បាល ជាពិសេសនៅខាងមុខ, ក្រោយក្បាល និង ក ។ វាមិនសូវឈឺខ្លាំងដូចរោគ ប្រកាំងទេ, មិនមានក្អួត និង កម្របញ្ឈប់អ្នកជំងឺពីសកម្មភាពប្រចាំថ្ងៃ ។ ត្រឹមតែថ្នាំ ដែលអាចប្រើបានដោយគ្មានវេជ្ជបញ្ជា ដូចជា អាស្ពីរីន (aspirin), អាសេតាមីណូហ្វែន acetaminophen (Tylenol), ឬ អ៊ីប៊ុយប្រូហ្វែន (ibuprofen) គឺវាគ្រប់គ្រាន់សំរាប់ព្យាបាល ការឈឺក្បាលប្រភេទនេះទៅហើយ ។ អ្នកជំនាញបានជឿជាក់ថា ការឈឺចាប់នេះអាច បណ្តាលមកពីការកន្ត្រាក់សាច់ដុំក និង ស្បែកក្បាល (រួមទាំងការឆ្លើយតបទៅនឹងភាព តានតឹង, ស្ត្រេស) និង ការផ្លាស់ប្តូរសារធាតុគីមីផ្សេងៗក្នុងខួរក្បាល ។
-ឈឺក្បាលជាសំណុំ(Cluster headaches)
វាជាប្រភេទនៃការឈឺក្បាល ដែលកើតមានជាក្រុមផ្ទួនៗ ឬ វដ្តនៃការឈឺចាប់ ។ វាកើតឡើងលើបុរសច្រើនជាងស្ត្រី ។ ការឈឺចាប់មានរយៈពេល ១ ឬ ២ ម៉ោង ហើយអាចកើតឡើងជាច្រើនដងក្នុងមួយថ្ងៃ ។ ការឈឺចាប់កើតឡើងភ្លាមៗ ខ្លាំងៗ ជាធម្មតាការឈឺក្បាលប្រភេទនេះកើតមានរួមជាមួយ ការហូរទឹកភ្នែក (watery eye) និង ការតឹងច្រមុះ (nasal congestion) ឬ ហៀរសំបោរ (runny nose) ។ អំឡុងពេលការយាយីនេះ, អ្នកជំងឺ មិនអាចសំរាក និង ទទួលបាននូវផាសុខភាព ដូចអ្នកដែលមានរោគប្រកាំងនោះទេ ។ មិនទាន់មានមូលហេតុណាមួយត្រូវបានរកឃើញច្បាស់លាស់នោះទេ, ប៉ុន្តែវាអាចមកពី មានការឈឺចាប់នេះបណ្តាលមកពីកត្តាហ្សេនេទិកមួយចំនួន (genetic component) ។ មិនមានការព្យាបាល! ប៉ុន្តែ ការប្រើថ្នាំមួយចំនួនអាចកាត់បន្ថយភាពញឹកញាប់ និង រយៈពេលនៃការរំខាន ។
-ការឈឺក្បាលដោយសារស៊ីនុស (Sinus headaches)
នៅពេលដែលរន្ធឆ្អឹង (sinus) រលាក ដោយសារឆ្លងមេរោគ វាធ្វើអោយឈឺចាប់ ។ ជាធម្មតា ការឈឺក្បាលប្រភេទនេះកើតមានរួមជាមួយនឹង គ្រុនក្តៅ (fever) ។ យើងអាចធ្វើរោគវិនិច្ឆ័យបានដោយការថត MRI ឬ CT scan (ដែលអាចស្គាល់ ឬ ដឹងពីបំលាស់ប្តូរកំរិតជាតិទឹក fluid levels) ។ ការឈឺក្បាលដោយសារតែការរលាកស៊ីនុសអាចត្រូវបានព្យាបាលដោយការប្រើថ្នាំ សំលាប់មេរោគ ប្រភេទអង់ទីប៊ីយោទិក( antibiotics), រួមជាមួយនឹងពពួកថ្នាំប្រឆាំងអ៊ីស្តាមីន (antihistamines) ឬ ថ្នាំបន្ឋូរការតឹងច្រមុះ (decongestants) ។
-ការឈឺក្បាលលាប់ដោយការប្រើថ្នាំម្តង (Rebound headaches)
ការប្រើថ្នាំបំបាត់ការឈឺក្បាលលើសកំរិត អាចធ្វើអោយការឈឺក្បាលរបស់អ្នកលាប់ឡើងវិញ ។ ថ្នាំទាំងនោះមានដូចជា ពពួកថ្នាំដែលមិនមានវេជ្ជបញ្ជា អាស្ពីរីន (aspirin), អាសេតាមីណូហ្វែន acetaminophen (Tylenol), ឬ អ៊ីប៊ុយប្រូហ្វែន (ibuprofen) ក៏ដូចជាថ្នាំដែលមានវេជ្ជបញ្ជាដទៃទៀតផងដែរ ។
គេបានឃើញអ្នកជំងឺជាច្រើនដែលឈឺក្បាលរាល់ថ្ងៃ ហើយប្រើប្រាស់ថ្នាំលើសកំរិត រួចក៏ឈឺឡើងវិញ។
“ពួកគេឈឺហើយឈឺទៀត មិនអាចបញ្ឈប់ការឈឺបាន ។ ពួកគេបន្តការប្រើប្រាស់ថ្នាំទៀត, ពួកគេនៅតែឈឺក្បាលថែមទៀត ដែលជាហេតុធ្វើអោយពួកគេអស់សង្ឃឹមជាខ្លាំង ។ ពេលនោះហើយដែលពួកគេទៅស្វែងរកអ្នកមានជំនាញខាងជំងឺឈឺក្បាល ដើម្បីត្រួតពិនិត្យសុខភាពឡើងវិញ” ។
ទ្រឹស្តីមួយបាននិយាយថា ការព្យាបាលដោយប្រើប្រាស់ថ្នាំច្រើនពេកអាចបណ្តាលអោយ ប្រព័ន្ធខួរក្បាលចុះខ្សោយហើយប្រការនេះក៏នាំអោយឈឺចាប់ជាងមុន ។ម្យ៉ាងទៀតការឈប់ប្រើថ្នាំក៏អាចធ្វើអោយមានការឈឺក្បាលដែរដោយសារតែជាតិថ្នាំនោះបានធ្លាក់ចុះនៅក្នុងឈាម។នេះគេហៅថាsymptoms of withdrawala។
-ការឈឺក្បាលប្រកាំង (ឈឺមួយចំហៀងក្បាល) Migraine headaches
ការឈឺក្បាលប្រកាំងចេញមកពីភាពមិនប្រក្រតីនៃប្រព័ន្ធប្រសាទ។ការឈឺក្បាលប្រកាំងនេះកំណត់លក្ខណៈវិនិច្ឆ័យមួយចំនួនដូចជា:
មានការឈឺចាប់៥ដងដូចគ្នានេះរួចមកហើយ
ឈឺម្តងៗមានរយ:ពេលពី៤ទៅ៧២ម៉ោង
មាន ២ ក្នុងចំណោមស្ថានភាពចំនួនបួនដូចតទៅនេះ: ១. ឈឺមួយចំហៀងក្បាល (one-sided pain), ២.ឈឺខ្ទោកៗ (throbbing pain), ៣.ឈឺពីតិចទៅខ្លាំង (moderate-to-severe pain), និង ៤.ការឈឺដែលរំខាន ហើយកាន់តែអាក្រក់ និង បង្អាក់សកម្មភាពប្រចាំថ្ងៃ ។
យ៉ាងហោចណាស់រួមដោយចង្អោរ (nausea),ឬ ក្អួត (vomiting) ។