ពីនេះ ពីនោះ
សុខភាព
ទឹកស្អាត គឺជាចំនុចស្នូលនៃការងើបឡើងវិញរបស់ពិភពលោកក្រោយ​ជំងឺរាតត្បាតបញ្ចប់
13, Dec 2021 , 8:29 am        
រូបភាព
រូបភាព៖  Cici Hung-Unsplash
រូបភាព៖ Cici Hung-Unsplash
ទឹកស្អាត គឺជាបញ្ហាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ដើម្បី​បញ្ឈប់ជំងឺរាតត្បាតថ្មី និងលើក​កម្ពស់សុខភាពមនុស្ស បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ ដើម្បីសម្រេចបាន​គោលដៅនេះ វាទាមទារឱ្យមានការចូលរួមយ៉ាងពេញទំហឹងពីសំណាក់ដៃគូសហការថ្នាក់​ជាតិ ក្នុងតំបន់ និងអន្តរជាតិ ក្រោមឆន្ទៈដោះស្រាយបញ្ហារួមគ្នាជាសកល។

 
ក្នុងបរិបទជំងឺកូវីដ-១៩ មនុស្សគ្រប់គ្នាសុទ្ធតែបានដឹងថា ទឹក មានសារសំខាន់ណាស់​ដើម្បីទប់នឹងការរីករាលដាលនៃជំងឺ តាមរយៈការលាងសម្អាតដៃ និងការប្រើប្រាស់ជា​ចាំបាច់ក្នុងវិស័យវេជ្ជសាស្ត្រ។ ទឹកស្អាតគឺជាបញ្ហាសំខាន់ ដែលត្រូវយកចិត្តទុកដាក់ ដើម្បី​បញ្ឈប់ជំងឺរាតត្បាតថ្មី និងលើក​កម្ពស់សុខភាពមនុស្សបន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។
 
យ៉ាងណាមិញ ទឹកស្អាតកំពុងខ្វះខាតពិសេសក្នុងប្រទេសក្រីក្រ ដែលប្រឈមខ្លាំង ដោយសារការ​ប្រែប្រួលអាកាសធាតុ។ ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យទឹកស្អាតបាត់​បង់ តាមរយៈ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងភ្លៀងធ្លាក់មិនទៀងទាត់។ ប្រទេសជាច្រើន​កំពុងជួបបញ្ហាកង្វះទឹកស្អាត ដែលនាំឱ្យកើនឡើងអសន្តិសុខស្បៀងអាហារ។ ពិភពលោក​ត្រូវការទឹកស្អាតជាចាំបាច់ដើម្បីសុខភាព ការអប់រំ ក្នុងវិស័យការងារ និងបរិស្ថានប្រកប​ដោយនិរន្តរភាព។
 
ទាក់ទឹននឹងបញ្ហានេះ ធនាគារពិភពលោក បានជួយប្រទេសនានា ក្នុងការស្វែងរក​ដំណោះស្រាយចំពោះបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ផ្នែកទឹកស្អាត​របស់ពួកគេ។ ធនាគារពិភពលោក បានបង្កើតក្របខ័ណ្ឌសម្រាប់គាំទ្រការអភិវឌ្ឍបែប​បៃតង ភាពធន់ និងការរួមបញ្ចូល ដែលជាយុទ្ធសាស្ត្រដោះស្រាយបញ្ហាកើត ក្រោយ​ជំងឺកូវីដ-១៩ និងបញ្ហាប្រឈមរយៈពេលវែង នៃការប្រែប្រួលអាកាស​ធាតុ។ នេះបើតាមការចុះផ្សាយលើវែបសាយរបស់ធនាគារពិភពលោក។
 
ស្របគ្នានេះ សមាគមន៍សន្តិសុខ និងអនាម័យទឹកជា​សកល (GWSP) បានដើរតួនាទី​ជាអ្នកគាំទ្របណ្តា​ប្រទេស ក្នុងការគ្រប់គ្រងទឹកស្អាត និងសម្រេចគោលដៅអភិវឌ្ឍប្រកប​ដោយនិរន្តរភាព។ សមាគមន៍នេះ ក៏បានបង្កើតគោលនយោបាយសន្ទនារបស់ធនាគារ​ពិភពលោក ជាមួយ​ប្រទេសនានា ផ្តល់ដំបូន្មាន និងបង្កើនការវិនិយោគ រួមទាំងបង្ហាញពីក្តីបារម្ភ​នៅលើឆាកអន្តរជាតិ។ ដើម្បីដោះស្រាយបញ្ហាទឹកស្អាត វាទាមទារឱ្យ​មនុស្ស​គ្រប់រូបចូលរួម និងដើរតួយ៉ាងសកម្ម ​ក្នុងការស្វែងរកដំណោះស្រាយរួម។
 
ការសម្រេចគោលដៅអភិវឌ្ឍប្រកប​ដោយនិរន្តរភាព ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍបែប​បៃតង ភាពធន់ និងការរួមបញ្ចូល គឺមិនងាយស្រួលនោះទេ ប៉ុន្តែបន្ទុកនឹងស្រាលជាង​មុន នៅពេលប្រទេសទាំងអស់ចូលរួមចែករំលែក។ ការដោះស្រាយបញ្ហាទឹកស្អាត នឹងធ្វើ​ទៅបានក្រោមកិច្ចសហការដ៏រឹងមាំជាមួយដៃគូនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ដោយ​ឆន្ទៈប្ដេជ្ញាចិត្តដោះស្រាយបញ្ហារួមគ្នាជាសកល ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្ស៕

Tag:
 ទឹកស្អាត
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com