ជាតិ
អន្តរជាតិ
មនុស្ស​ជាង៥ម៉ឺននាក់ ធ្វើបាតុកម្មនៅបែលហ្ស៊ិកប្រឆាំងនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
12, Dec 2022 , 8:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
បាតុករប្រមាណ៥ម៉ឺននាក់ បានដើរដង្ហែរក្បួនឆ្លងកាត់ទីក្រុងព្រុចសែលរបស់បែលហ្ស៊ិក នៅថ្ងៃទី២៣ ខែមករា ដើម្បីតវ៉ានឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល ខណៈរលកជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុងកំពុងវាយលុកខ្លាំង។​ ប៉ូលិសបែលហ្ស៊ិក ក៏បានប្រើប្រាស់កាណុងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករដែលគប់ដុំថ្មដែរ។



វីរុសបំប្លែងខ្លួនអូមីក្រុង កំពុងតែវាយលុកបណ្តាប្រទេសអឺរ៉ុបមួយចំនួនយ៉ាងធ្ងន់ធ្ងរដូចជា ​ហូឡង់ ​បារាំង ​អូទ្រីស​ និងបែលហ្ស៊ិកជាដើម ដែលបណ្តាលឱ្យរដ្ឋាភិបាលចាប់ផ្តើមអនុវត្តវិធានការទប់ស្កាត់ រហូតមានការតវ៉ាកើតឡើង។ នៅថ្ងៃទី២៣ខែមក បាតុកម្មនៅបែលហ្ស៊ិក​ បានកើតឡើង ដោយមនុស្សប្រមាណ៥ម៉ឺននាក់ បានដើរដង្ហែរក្បួនទូទាំងបែលហ្ស៊ិក ដែលជាការតវ៉ាទ្រង់ទ្រាយធំបំផុតក្នុងរយៈពេលប៉ុន្មានខែកន្លងនេះ។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP ការតវ៉ាទ្រង់ទ្រាយធំនេះ​ បាននាំ​​​ឱ្យមានការប៉ះទង្គិចនៅក្បែរទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប ដោយក្រុមប៉ូលិសបានប្រើប្រាស់កាណុងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរុញច្រានបាតុករដែលគប់ដុំថ្ម និងផាវ។ ក្រុមបាតុករដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ បានវាយកម្ទេចកញ្ចក់នៅច្រកចូលក្នុងការិយាល័យរបស់ទីភ្នាក់ងារគោលនយោបាយបរទេសរបស់សហភាពអឺរ៉ុបទៀតផង។
 
ជាមួយគ្នានេះ​ ក្រុមអ្នកតវ៉ា បានកាន់បដារិះគន់នាយករដ្ឋមន្រ្តីបែលហ្ស៊ិក Alexander De Croo និងការតម្រូវបង្ហាញលិខិតបញ្ជាក់លើការចាក់វ៉ាក់សាំង ឬបញ្ជាក់ពីតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ដែលត្រូវការសម្រាប់ចូលទៅកាន់កន្លែងជាច្រើន។
 
កាលពីថ្ងៃទី២១ ខែមករា ​លោក​ De Croo បានប្រកាសបន្ធូរបន្ថយវិធានការរឹតត្បិតដោយបានពន្យាម៉ោងបើកសម្រាប់ហាងស្រា និងភោជនីយដ្ឋាន។ ប៉ុន្តែលោក បានប្រកាសឱ្យប្រជាជនត្រូវតែទទួលការចាក់វ៉ាក់សាំងដូសជំរុញ ដោយមានគម្លាត៥ខែពីដូសទី២ ដើម្បីរក្សាសុពលភាពនៃកាតវ៉ាក់សាំងពួកគេដើម្បីចូលទៅកាន់ហាងស្រា រោងកុន សារមន្ទីរ ភោជនីយដ្ឋាន ឬកន្លែងសាធារណៈផ្សេងទៀត។ ការដាក់កំហិតនេះ ធ្វើឱ្យប្រជាជនបែលហ្ស៊ិកមិនសប្បាយចិត្ត ហើយចេញមកតវ៉ា​។
 
មេដឹកនាំបាតុកម្ម អំពាវនាវឱ្យប្រជាជនមកពីរដ្ឋសហភាពអឺរ៉ុបផ្សេងទៀតចូលរួមដែរ។ ក្នុងការតវ៉ាចុងសប្ដាហ៍មុននេះ គេឃើញមានទង់ជាតិបណ្តាប្រទេសអឺរ៉ុបដូចជាប៉ូឡូញ ហូឡង់ បារាំង និងរូម៉ានី។
 
បែលហ្ស៊ិក ​កំពុងទទួលរងការវាយលុកពីរលកទី៥ នៃការរីករាលដាលជំងឺកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី២៤ខែមករា បានកត់ត្រាករណីឆ្លងសរុបជាង ២លាននាក់ និងស្លាប់ជិត៣ម៉ឺននាក់។ ឯអត្រាអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញសរុបមានចំនួន ៨៩ភាគរយ និងដូសជំរុញមានចំនួន៦៧ភាគរយ៕
 

Tag:
 បែលហ្ស៊ិក
© រក្សាសិទ្ធិដោយ thmeythmey.com