ដោយ៖ ញឹក សំអូន
ភ្នំពេញ៖ សកម្មភាពក្មេងទំនើង នាពេលរាត្រី កំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ដល់ប្រជាពលរដ្ឋ និងសង្គម។ ក្រៅពីពួកគេ វាយ កាប់ចាក់គ្នាហើយ ក្មេងទាំងនោះ ក៏មានសកម្មភាពឆក់ ប្លន់ទ្រព្យសម្បត្តិ តាមរយៈរូបភាពបង្កជម្លោះ និងដេញវាយយកសម្ភារៈជាដើម។ សង្គមស៊ីវិល ជំរុញឱ្យរឹតបន្តឹងវិធានការលើក្រុមក្មេងទំនើងទាំងនោះ ខណៈអាជ្ញាធរ អះអាងថា ខ្លួនបានបង្ក្រាប និងទប់ស្កាត់ជាបន្តបន្ទាប់។
យុវជន សៀប សំណាង មានវ័យ ២១ឆ្នាំ ប្រកបរបរជាអ្នកដឹកជញ្ជូនម្ហូបអាហារឱ្យក្រុមហ៊ុនមួយ នៅក្នុងរាជធានីភ្នំពេញ ធ្លាប់ត្រូវបានក្រុមក្មេងទំនើង ឬក្មេងស្ទាវ វាយយកម៉ូតូ នៅម្ដុំមាត់ទន្លេចតុមុខ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង ១រំលងអធ្រាត្រថ្ងៃទី ២២ មីនា ឆ្នាំ២០២២។ យុវជន សៀប សំណាង បានទៅអង្គុយស្រូបយកខ្យលអាកាសមួយភ្លែត បន្ទាប់ពីដឹកអាហារឱ្យភ្ញៀវរួច ដែលឱកាសសម្រាប់ក្មេងទំនើងទាំងនោះ នាំគ្នាព្រួតវាយយកម៉ូតូរបស់ សំណាង ស្របពេលមនុស្សម្នា ចូលលង់លក់និទ្រា។
«ខ្ញុំដឹកអាហារឱ្យភ្ញៀវនៅម្ដុំផ្សារកណ្ដាល ហើយខ្ញុំក៏ទៅអង្គុយលេងនៅមាត់ទន្លេ ស្រាប់តែមានចោរ ៣នាក់បានដើរមកសំដៅខ្ញុំ សម្លុតយកសោម៉ូតូពីខ្ញុំ តែខ្ញុំអត់ឱ្យពួកវា ក៏ចាប់វាយខ្ញុំ រួចយកម៉ូតូខ្ញុំទៅបាត់»។ នេះជាការបញ្ជាក់របស់យុវជន សំណាង បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ ដោយបន្ថែមថា ម៉ូតូដែលជនសង្ស័យវាយយកនោះ ម៉ាក Honda Dream សេរីឆ្នាំ២០២២ ដោយមានដាក់ប្រព័ន្ធការពារ GPS។
សំណាង ក៏ធ្លាប់ដឹងពីមុនដែរថា នៅម្ដុំទីតាំង នៃប្លុកសង្កាត់ផ្សារកណ្តាលទី១ ក៏មានក្រុមអ្នកប្រើប្រាស់គ្រឿងញៀន និងសម្បូរទៅដោយក្រុមជនដៃដល់ ដែលបង្កករណីឆក់ ប្លន់ច្រើនមកហើយដែរ។ ប៉ុន្តែដោយសារថ្ងៃនោះ សំណាង ធ្វើការហត់អស់កម្លាំង ក៏ឈប់ម៉ូតូអង្គុយស្រូបយកខ្យល់អាកាសនៅមាត់ទន្លេចតុមុខ រំសាយអារម្មណ៍ហត់នឿយខ្លួន តែបែរជាជួបរឿងអកុសលទៅវិញ។
«ពួកគេនៅម្ដុំក្រោយផ្សារកណ្ដាល តែអត់មានសមត្ថកិច្ចចុះទៅស្រាវជ្រាវទេ។ នៅក្រោយផ្សារកណ្ដាលកន្លែងងងឹតហ្នឹង! និយាយទៅក្រោយផ្សារកណ្ដាល ឮគេល្បីថា ជនជាតិបរទេសដើរកាត់កន្លែងងងឹតហ្នឹង ដឹងតែពួកវាស្ទាក់យកលុយហើយ»។ លោក សំណាង បញ្ជាក់យ៉ាងដូច្នេះ។
ដោយសារនៅទីតាំងកើតហេតុងងឹតពេក ទើបលោក សំណាង មិនចាំមុខជនសង្ស័យ ប៉ុន្តែលោក អាចសន្និដ្ឋានពីភិនភាគពួកគេទាំងនោះបានខ្លះៗ ដោយជនសង្ស័យមានពាក់ម៉ាសពណ៌ខ្មៅ អាវខ្មៅ ហ៊ុមមុខជិតៗទាំងអស់គ្នា ចំនួន៣នាក់។
ជនសង្ស័យទាំងនោះ បានដើរទៅចង្អុលមុខ សម្លុតយកសោម៉ូតូ និងយកកាំបិតប័ុងតោ កាប់ចំកណ្ដាលក្បាលរបស់ សំណាង មួយកាំបិត។ បើតាម សំណាង ជនសង្ស័យប្រើខ្នងកាំបិត កាប់លើខ្លួន ទើបធ្វើរូបគេរងរបួសមិនធ្ងន់ធ្ងរ។
ក្រោយបាត់ម៉ូតូភ្លាម សៀប សំណាង ក៏បានដាក់ពាក្យបណ្ដឹងនៅខណ្ឌដូនពេញ ហើយសមត្ថកិច្ច បានប្រាប់ថា នឹងជូនដំណឹងឱ្យសំណាង វិញ ពេលរកឃើញម៉ូតូ។ ប៉ុន្តែយុវជន សំណាង មិនចាំយូរទេ ដោយលោកបានហៅបងប្អូន មិត្តភក្តិឱ្យជួយតាមរកម៉ូតូខ្លួន។ រយៈពេល ១យប់បប៉ុណ្ណោះ សំណាង បានរកឃើញម៉ូតូវិញ ដោយក្រុមជនសង្ស័យបានយកទៅលក់នៅផ្សារឃ្លាំងរំសេវ។ សំណាង អាចរកម៉ូតូខ្លួនឃើញនេះ ដោយសារមានប្រព័ន្ធ GPS។
ពេលទៅយកម៉ូតូពីទីតាំងក្រុមជនសង្ស័យលក់នោះ គឺមិនត្រូវបានបង់ប្រាក់នោះទេ ព្រោះ សំណាង បានហៅសមត្ថកិច្ចទៅជាមួយខ្លួន ទើបម្ចាស់ហាងមិនសួរដេញដោល និងរករឿងអ្វីឡើយ។ បើតាម សំណាង ក្រុមជនសង្ស័យគេចខ្លួនបាត់ សមត្ថកិច្ចឃាត់ខ្លួនមិនបាននោះទេ។
គួររឹតបន្តឹងវិធានការលើក្រុមក្មេងទំនើង
លោក យ៉ង គីមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ PDP បានសង្កេតឃើញពីវត្តមានក្មេងទំនើងច្រើន និងបានប្រព្រឹត្តអំពើខុសច្បាប់ នៅក្នុងសង្គមបច្ចុប្បន្ន។ បើតាមលោក គីមអេង សកម្មភាពទាំងអស់នោះ អាចទាក់ទងទៅនឹងការប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសង និងការប្រមូលផ្ដុំគ្នាបង្កើតជាក្រុមបងតូចបងធំ ដែលជាហេតុធ្វើឱ្យពួកគេឈានដល់ការឆក់ប្លន់។
លោក គីមអេង លើកឡើងបែបនេះ ហើយបន្តថា៖« រូបការឆក់ប្លន់មិនមែនមានតែយុវជនទេ មានទាំងមនុស្សចាស់ដែលជាគំរូមិនល្អនៅក្នុងសហគមន៍ ទើបក្មេងជំនាន់ក្រោយយកគំរូតាម»។
លោក យ៉ង គីមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ PDP។ រូបភាពយកពី PDP-Center
លោក គីមអេង កត់សម្គាល់ឃើញថា ភាគច្រើនសកម្មភាពក្មេងទំនើងបង្កទំនាស់ និងវាយយកម៉ូតូកើតឡើងនៅពេលយប់ ព្រោះវាជាឱកាសមួយសម្រាប់ប្រព្រឹត្តបទល្មើស។ បើតាមលោក គីមអេង សកម្មភាពក្មេងទំនើងទាំងនេះ កំពុងបង្កចលាចល ភាពអសន្តិសុខ និងអសីលធម៌សង្គម។
«រឿងនេះសំខាន់ណាស់ គឺតម្រូវឱ្យប៉ូលិស អាជ្ញាធរពាក់ព័ន្ធសហការគ្នាទប់ស្កាត់ធ្វើឱ្យបានសកម្មមែនទែន»។ នេះបើតាមលោក យ៉ង គីមអេង ដោយបន្ថែមថា សកម្មភាពក្មេងទំនើងទាំងនោះ នឹងធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម អសន្តិសុខ និងកេរ្តិ៍ឈ្មោះប្រទេសជាតិទៀតផង។ មួយវិញទៀត ភ្ញៀវទេសចរដែលចង់មកកម្សាន្តនៅកម្ពុជា ពួកគេក៏មានការព្រួយបារម្ភ និងភ័យខ្លាចដែរ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា អាជ្ញាធរមូលដ្ឋាន បានរៀបចំផែនការការងារច្បាស់លាស់ ក្នុងការចុះល្បាត និងទប់ស្កាត់ ហើយស្ថានភាពក្មេងទំនើង ឬក្មេងស្ទាវ គឺមានការថយចុះ។
លោកបន្តថា ជាធម្មតាទីក្រុងធំមួយ តែងតែមានក្មេងស្ទាវមិនអស់នោះទេ គ្រាន់តែបទល្មើសខ្លះ មានតិចតួចតាមតំបន់។ ជុំវិញការកំណត់មុខសញ្ញា និងទីតាំងដែលធ្លាប់កើតឡើងនេះ អាជ្ញាធរ ក៏បានរៀបចំកម្លាំងស៊ីវិល ដើម្បីតាមដាន និងបង្ក្រាបករណីបទល្មើសផ្សេងៗទៀតផងដែរ។ លោក សុខសីហា បញ្ជាក់បែបនេះ។
«ករណីក្មេងទំនើងវាយយកម៉ូតូ កើតមានក្នុងកម្រិតមួយតិចតួចតាមជាយក្រុងមួយចំនួន ហើយបើនៅតំបន់ក្នុងក្រុង ក៏កើតឡើងតិចតួចដែរ»។ នេះបើតាមលោក សុខសីហា។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
លោក សុខសីហា បានបន្ថែមថា ក្មេងទំនើងដែលប្រព្រឹត្តបទល្មើសទាំងនោះ ភាគច្រើនពួកគេអាយុចន្លោះពី ១៥ ទៅ ២០ឆ្នាំជាង។ ក្រុមក្មេងទំនើងទាំងនោះ ចាំមើលនៅកន្លែងចំណុចចន្លោះប្រហោងណាមួយ ទើបពួកគេធ្វើសកម្មភាព។ ប៉ុន្តែកន្លងមក ដោយសារមានការបង្កើនការយាមល្បាត និងសាមគ្គីគ្នារបស់កម្លាំងសមត្ថកិច្ច ទើបបទល្មើសជារួមមានការថយចុះច្រើន។
« អាជ្ញាធរមានវិធានការណ៍ក្នុងការទប់ស្កាត់ច្រើន ដោយរៀបចំកម្លាំងផ្លាស់វេនគ្នា ចុះល្បាត ២៤ម៉ោងលើក ២៤ម៉ោង និងបែងចែកតំបន់គ្នាចុះល្បាត។ កម្លាំងការិយាល័យជំនាញ ខណ្ឌ និងប៉ុស្តិ៍ បានចេញល្បាតជារៀងរាល់យប់ ដើម្បីរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ»។ នេះបើតាមលោក សុខសីហា។
រដ្ឋាភិបាលគួរតែមានវិធានការតឹងរឹង ជាពិសេសពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធ្វើយ៉ាងណាកុំឱ្យមានបងតូច -បងធំ ដែលជាហេតុបង្កអសន្តិសុខនៅក្នុងសហគមន៍មូលដ្ឋាន។
ដោយឡែកអាណាព្យាបាល ត្រូវចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំកូន និងណែនាំពួកគេឱ្យប្រព្រឹត្តអំពើល្អ។ ចំណែកសាលារៀនទាំងរដ្ឋ និងឯកជន ក៏ត្រូវដើរតួនាទីតាមដានសិស្ស កុំឱ្យពួកគេបង្កើតជាបងតូច-បងធំ និងត្រូវរាយការណ៍ពីសកម្មភាពមិនគប្បីរបស់ពួកគេ ទៅអាណាព្យាបាល និងអាជ្ញាធរ។ លោក យ៉ង គីមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព៕