ជាតិ
សម្តេច ហ៊ុន សែន៖ លោក ខឹម វាសនា អត់បានអំពាវនាវឲ្យមនុស្សផ្តួលរំលំរដ្ឋាភិបាលដូចអ្នកដទៃឡើយ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីពិធីបើកការដ្ឋានសម្ពោធស្ពានអាកាសពីរកន្លែងក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធនេះ បានលើកឡើងពីករណីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានតាំងខ្លួនជាព្រះព្រហ្ម។
សម្តេចបានបញ្ជាក់ថា ករណីលោក ខឹម វាសនា ដែលហ៊ានថែមទាំងជេរប្រមាថ សម្តេច នោះ គឺជាអន្ទាក់មួយ ដោយលោកមានបំណងឲ្យអាជ្ញាធរចាប់ខ្លួន នាថ្ងៃឱសានវាទនៃការជួបជុំ។ ការជួបជុំ នៅចម្ការរបស់លោក ខឹម វាសនា នៅជើងភ្នំគូលែននោះ គឺក្រោយមានការអំពាវនាវថា នឹងមានទឹកលិចពិភពលោក ហើយមានតែចម្ការលោកប៉ុណ្ណោះ ដែលអាចគេចផុត។
ប្រមុខរដ្ឋាភិបាល មិនហ៊ានសន្និដ្ឋានលើករណីស្មារតីរបស់លោក ខឹម វាសនា នោះឡើយ ដោយសារសម្តេចមិនមែនជាពេទ្យឆ្កួត ប៉ុន្តែសម្តេចមើលឃើញថា លោក ខឹម វាសនា អត់បានអំពាវនាវឲ្យមនុស្សផ្តួលរំលំរដ្ឋាភិបាលដូចអ្នកដទៃឡើយ។ ប្រធានគណបក្សរូបនេះ ក៏មិនបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបះបោរ កាត់ជំនួយនោះដែរ ត្រឹមតែអបិយជំនឿប៉ុណ្ណោះ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ក្រុមលោកខឹម វាសនា មិនមែនជាក្រុមជ្រុលនិយមនោះឡើយ គ្រាន់តែស្ថិតក្នុងក្របខណ្ឌអបិយជំនឿប៉ុណ្ណោះ។ សម្តេចក៏បានប្រតិកម្មផងដែរ ចំពោះការលើកឡើងមួយចំនួនថា សម្តេចជាអ្នកបង្កើតព្រឹត្តិការណ៍នេះឡើយ ដើម្បីបំបាត់ព័ត៌មានទាក់ទងនឹងទស្សនកិច្ចលោក ហ៊ុន ម៉ាណែត នៅវៀតណាម ឬករណីភ្នំតាម៉ៅ៕ © រក្សាសិទ្ធិដោយ thmeythmey.com