អន្តរជាតិ
នយោបាយអន្តរជាតិ
កាសែត New York Times៖ អាម៉េរិកជឿថា អ៊ុយក្រែននៅពីក្រោយការធ្វើឃាតកូនស្រីមនុស្សជំនិតលោក ពូទីន ទីតាំងកើតហេតុដែលសម្លាប់កូនស្រីមនុស្សជំនិតប្រធានាធិបតីរុស្ស៊ី។ រូបថត AP
× កាសែត The New York Times បានចេញរបាយការណ៍មួយនៅថ្ងៃទី៦ ខែតុលាដោយបង្ហាញពីការជឿជាក់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិកថា ផ្នែកមួយចំនួននៃរដ្ឋាភិបាលអ៊ុយក្រែនបានអនុញ្ញាតឱ្យមានការបំផ្ទុះគ្រាប់បែកលើឡានមួយនៅតំបន់ក្បែរក្រុងមូស្គូកាលពី ខែសីហាដែលបានសម្លាប់លោកស្រី Darya Dugina ដែលជាកូនស្រីរបស់មន្ត្រីជំនិតមេដឹកនាំស្ស៊ីលោក Alexander Dugin។
យោងតាមកាសែត The New York Times មន្ត្រីអាម៉េរិកបានអះអាងថា អ៊ុយក្រែនពិតជានៅ ពីក្រោយការសម្លាប់របស់លោកស្រី Dugina ក៏ប៉ុន្តែមន្ត្រីទាំងនោះមិនបានបង្ហាញលម្អិតថា ស្ថាប័នណាមួយនៃរដ្ឋាភិបាលអ៊ុយក្រែនដែលបានអនុញ្ញាតឱ្យមានបំផ្ទុះគ្រាប់បែកវាយប្រហារនោះឡើយ។ អាម៉េរិកបានបញ្ជាក់ថា ខ្លួនមិនមានជាប់ពាក់ព័ន្ធអ្វីចំពោះការវាយប្រហារនេះឡើយ ហើយក៏មិនដឹងជាមុនពីគម្រោងវាយប្រហារនោះផងដែរ។
ជុំវិញរបាយការណ៍នេះ អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov បានលើកឡើងនៅថ្ងៃ ដដែលថា វាមានសញ្ញាវិជ្ជមានដែលការអះអាងរបស់អាម៉េរិកគឺដូចនឹងអ្វីដែលបានរកឃើញដោយរុស្ស៊ីដែរនោះ។
«ខ្ញុំពិតជាចង់សង្ឃឹមថា នេះមិនមែនជាការប៉ុនប៉ងមួយរបស់អាម៉េរិកដើម្បីដកខ្លួនចេញពីការទទួលខុសត្រូវចំពោះការរៀបចំអំពើភេរវកម្មនាពេលអនាគតណាមួយដោយរបបអ៊ុយក្រែននោះឡើយ»។ លោក Peskov បានសង្កត់ធ្ងន់បែបនេះដោយចង់សំដៅលើការចូលដៃរបស់អាម៉េរិកជាមួយអ៊ុយក្រែន។
យ៉ាងណាមិញ អ៊ុយក្រែនបានច្រានចោលការចោទពីការទាក់ទងនឹងការវាយប្រហារលើលោកស្រី Dugina ។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកស្រី Dugina ក៏មិនមែនជាបុគ្គលមួយដែលស្ថិតក្រោមគម្រោងអ៊ុយក្រែន ឬជាគោលដៅវាយប្រហារនោះឡើយ៕
Tag:
អ៊ុយក្រែន
អាម៉េរិក
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com