អន្តរជាតិ
កូរ៉េខាងត្បូង៖ ប៉ូលិសម្នាក់ដែលកំពុងស្ថិតក្រោមការ​ស៊ើបអង្កេតលើឧបទ្ទវហេតុនៅ Itaewon ត្រូវប្រទះឃើញស្លាប់
11, Nov 2022 , 5:29 pm        
រូបភាព
អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃទី១១ ខែវិច្ឆិកាបានរាយការណ៍ថា មន្ត្រីប៉ូលិសម្នាក់ដែលកំពុងត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅ Itaewon ក្នុងទីក្រុងសេអ៊ូលដែលបានសម្លាប់មនុស្សជាង១៥០នាក់ បានស្លាប់នៅផ្ទះរបស់លោក។



មន្ត្រីនៅទីភ្នាក់ងារប៉ូលិសកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មន្ត្រីប៉ូលិសម្នាក់ដែលមានវ័យ៥៥ឆ្នាំត្រូវបានគេស្គាល់ត្រឹមតែនាមត្រកូល Jeong ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់លោកក្នុងទីក្រុងសអ៊ូល។ 
 
បន្ទាប់ពីករណី ឧបទ្ទវហេតុនៅ Itaewon ក្នុងពិធីបុណ្យ Halloween ដែលបានសម្លាប់មនុស្សជាង ១៥០ នាក់ លោក Jeong ដែលជាមន្ត្រីស៊ើបការណ៍ម្នាក់ធ្វើការនៅស្ថានីយ៍ប៉ូលិសក្នុងសង្កាត់ Itaewon ត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងនេះ។ 
 
បើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap លោក Jeong ត្រូវគេចោទប្រកាន់ពីបទបញ្ជាឱ្យបំផ្លាញរបាយការណ៍ស៊ើបការណ៍សម្ងាត់ ដែលបានព្រមានអំពីឧបទ្ទវហេតុដែលអាចកើតមានលើពិធីបុណ្យ Halloween នៅ Itaewon ។ ស្ថានីយ៍ប៉ូលិស Yongsan ដែលជាការិយាល័យរបស់លោក Jeong ផ្ទាល់ ជាគោលដៅមួយក្នុងចំណោមគោលដៅសំខាន់ៗផ្សេងទៀតដែលស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ។ 
 
កាលពីដើមខែនេះ ប៉ូលិសកូរ៉េខាងត្បូងដែលស៊ើបអង្កេតនៅតំបន់កើតហេតុ រកឃើញថា បណ្តាញទូរស័ព្ទទាន់ហេតុការណ៍នៅស្ថានីយ៍ប៉ូលិស Yongsan បានទទួលរបាយការណ៍ចំនួន១១ពីមនុស្សដែលបានចូលរួមក្នុងពិធីបុណ្យដែលមានការប្រមូលផ្ដុំមនុស្សច្រើនលើសកម្រិត។ យ៉ាងណាមិញ ប៉ូលិសក្នុងតំបន់មិនបានចាត់វិធានការណ៍ជាក់ស្តែងណាមួយឡើយ។ 
 
មន្ត្រីកំពូលមួយចំនួន រួមទាំងមេប៉ូលិស អភិបាលក្រុងសេអ៊ូល និងរដ្ឋមន្ត្រីមហាផ្ទៃបានចេញមុខសុំទោសជាសាធារណៈកាលពីសប្តាហ៍មុន ដោយទទួលស្គាល់ថា ពួកគេបានបរាជ័យក្នុងការទប់ស្កាត់គ្រោះមហន្តរាយដ៏អាក្រក់នេះ៕ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com