ជាតិ
អន្តរជាតិ
អគ្គរាជទូតអង់គ្លេស Dominic Williams ចាត់ទុក​វិស័យ​អប់រំជាអាទិភាពក្នុងទំនាក់ទំនងកម្ពុជា-អង់គ្លេស
12, Dec 2022 , 10:22 am        
រូបភាព
អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា Dominic Williams ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ រូបថតដោយ ឈន សុផាត
អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា Dominic Williams ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ រូបថតដោយ ឈន សុផាត
 ភ្នំពេញ៖ អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams និយាយថា ការពង្រឹងវិស័យអប់រំ STEM និងកសិកម្ម អាចជួយកម្ពុជាអភិវឌ្ឍទៅមុខបាន ស្របពេលដែលកម្ពុជាប្រែខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក Williams ក៏បញ្ជាក់ថា អង់គ្លេសនឹងអាចសហការជាមួយកម្ពុជាលើវិស័យមានសក្តានុពលផ្សេងទៀតដូចជាសេវាកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រង ដែលជាវិស័យសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចព្រោះអង់គ្លេសមានបទពិសោធស្រាប់។

 
ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ មានន័យថា កម្ពុជាអាចបាត់បង់ការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មមិនខាន។ លោក Dominic Williams អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មើលឃើញពីបញ្ហាប្រឈមនេះសម្រាប់កម្ពុជា។ 
 
ជាដំណោះស្រាយ លោក Dominic លើកឡើងថា កម្ពុជាត្រូវវិនិយោគសេដ្ឋកិច្ចថ្មី ហើយប្រជាជនកម្ពុជាក៏ត្រូវមានចំណេះដឹងថ្មីដែរ។ ឆ្លើយនឹងសំណួរថា អង់គ្លេសអាចជួយកម្ពុជាបានរបៀបណា អគ្គរាជទូតអង់គ្លេសរូបនេះលើកឡើងថា អង់គ្លេសមានទាំងអាហារូបករណ៍ ជំនួយហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ និងស្ថាប័នឯកជន ដែលអាចជំរុញសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាលើវិស័យនានាដូចជាឧស្សាហកម្ម និងកសិកម្ម។
 
ចុះកម្ពុជាវិញគួរធ្វើអ្វីខ្លះ? ប្រេសិតអង់គ្លេសដដែល លើកឡើងពីភាពចាំបាច់ក្នុងការពង្រឹងវិស័យអប់រំ និងលើកបន្ថែមគុណភាពនៃផលិតផលកសិកម្មដែលលោកអះអាងថា ជាផលិតផលដែលមានគុណភាពល្អស្រេចហើយនោះ។ លោកទទួលស្គាល់ថា ប្រជាជនកម្ពុជាដែលលោកបានជួប មានសមត្ថភាពជាច្រើនរួចហើយ ប៉ុន្តែក្នុងបរិបទសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ត្រូវការជំនាញបច្ចេកទេសជាច្រើនទៀត។
 
«ខ្ញុំគិតថានៅកម្ពុជា គួរវិនិយោគលើការអប់រំផ្នែក STEM ការអប់រំបច្ចេកទេស។» លោក Dominic និយាយបែបនេះ មុនបន្តឆ្លើយទៀតថា កម្ពុជាក៏គួររកមធ្យោបាយដើម្បីបន្ថែមគុណតម្លៃលើផលិតផលកសិកម្មរបស់ខ្លួន។ លោកអះអាងថា ទោះបន្លែផ្លែឈើកម្ពុជាមានគុណភាពល្អហើយក្ដី កម្ពុជាមិនមានរោងចក្រកែច្នៃផលិតផលរបស់ខ្លួនឡើយ ដែលការណ៍នេះធ្វើឱ្យកម្ពុជាបាត់បង់ចំណូល។
 
«បើសិនកម្ពុជាមានសមត្ថភាព និងបច្ចេកទេសដើម្បីផលិត [កែច្នៃ] ផលិតផលចេញពីបន្លែផ្លែឈើ អាចលក់ទៅទីផ្សារពិភពលោកនូវតម្លៃខ្ពស់ជាង អ៊ីចឹងអាចមានប្រាក់ចំណូលខ្ពស់ជាងមុន។» នេះជាការយល់ឃើញរបស់លោក Dominic​ ក្នុងកិច្ចសម្ភាសនៅស្ថានទូតអង់គ្លេសក្នុងសង្កាត់ស្រះចក។
 
សេវាកម្មហិរញ្ញវត្ថុ កសិកម្ម ជាវិស័យមានសក្តានុពលក្នុងទំនាក់ទំនងទ្វេភាគី
 
នៅឆ្នាំ២០២៣ ទំនាក់ទំនងកម្ពុជា និងអង់គ្លេស ឈានដល់ឆ្នាំទី៧០ បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៣ មក។ លោក Dominic មើលឃើញពីទំនាក់ទំនងល្អរវាងប្រទេសទាំង២ ក្នុងពេល៧ទសវត្សរ៍មកនេះ ដោយអង់គ្លេសបានគាំទ្រកម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាព ផ្ដល់ហិរញ្ញវត្ថុដល់សក​ម្មភាពកម្ចាត់មីន និងការផ្ដល់ជំនួយសម្រាប់ដំណើរការតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាដើម។
 
«បច្ចប្បន្ននេះយើងមានទំនាក់ទំនងស៊ីជម្រៅ ហើយខ្ញុំគិតថា រដ្ឋាភិបាលប្រទេសទាំង២ ឱ្យអាទិភាពលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំង២។» អគ្គរាជទូតអង់គ្លេស បញ្ជាក់បែបនេះ មុនអរគុណកម្ពុជាដែលជួយអង់គ្លេសក្លាយជាដៃគូសន្ទនារបស់អាស៊ានក្នុងឆ្នាំ២០២១កន្លងទៅ។
 
ទំហំពាណិជ្ជកម្មទ្វេភាគី មានតម្លៃដល់ទៅ៨១១លានផោន (ជាង៩៩៤លានដុល្លារ) គិតត្រឹមក្នុងត្រីមាសទី៤ ឆ្នាំ២០២២។ ក្នុងនោះ អង់គ្លេសនាំចូលមកកម្ពុជាមានទំហំ១៧៤លានផោន (ជាង២១៣លានដុល្លារ) ហើយកម្ពុជានាំទៅអង់គ្លេសវិញមាន៦៣៧លានផោន (ជាង៧៨០លានដុល្លារ)។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសចេញខែវិច្ឆិកា។
 
ជុំវិញការជំរុញពាណិជ្ជកម្មទ្វេភាគី លោក Dominic មើលឃើញសក្ដានុពលក្នុងសេវាកម្មហិរញ្ញវត្ថុ វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងធានារ៉ាប់រង។ លោកអះអាងថា អង់គ្លេសមានក្រុមហ៊ុនធំ និងទពិសោធច្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញពិភពលោក ស្របពេលដែលកម្ពុជាត្រូវការការអភិវឌ្ឍវិស័យនេះដូចគ្នា។ 
 
លោកសង្កត់ធ្ងន់ទៀតថា៖«ខ្ញុំគិតថាមានឱកាសជាច្រើនក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ។ ចក្រភពអង់គ្លេសជាមហាអំណាចក្នុងពិភពលោកនៅលើសេវាកម្មហិរញ្ញវត្ថុ។ យើងមានទីផ្សារហិរញ្ញវត្ថុធំ ហើយបទពិសោធជាច្រើនក្នុងធានារ៉ាប់រង និងសេវាកម្មផ្សេងទៀត។ ហើយយើងអាចធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងវិស័យសេដ្ឋកិច្ចនេះក្នុងកម្ពុជា ពីព្រោះបច្ចុប្បន្ននេះ សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា អត់សូវអភិវឌ្ឍ។» 
 
លើសពីនេះ លោកក៏ចង់ឃើញកម្ពុជាមានសមត្ថភាពកែច្នៃផលិតផលឱ្យមានគុណតម្លៃខ្ពស់ដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប និងអាម៉េរិក ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម រថយន្តអគ្គិសនី និងគ្រឿងយន្តជាដើម។
 
វិស័យអប់រំ ជាអាទិភាពក្នុងអាណត្តិលោក Dominic 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក Dominic បានលើកឡើងជារឿយៗពីសារសំខាន់នៃវិស័យអប់រំក្នុងការអភវិឌ្ឍកម្ពុជា និងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ នៅពេលសួរថាអង់គ្លេសអាចជួយកម្ពុជាអ្វីខ្លះចំពោះវិស័យនេះ អគ្គរាជទូតអង់គ្លេសរូបនេះលើកឡើងច្បាស់ថាៗ វិស័យអប់រំជាអាទិភាពសំខាន់សម្រាប់លោកក្នុងការបំពេញបេសកកម្ម។
 
«ចក្រភពអង់គ្លេសមានកេរ្តិ៍ឈ្មោះល្បីក្នុងពិភពលោកក្នុងវិស័យអប់រំ។ យើងមានស្ថាប័នអប់រំជាច្រើនដែលមានគុណភាពល្អ។» លោក Dominic បន្តបែបនេះ រួចក៏បង្ហាញពីចំណុច៣ ដែលអង់គ្លេសអាចជួយកម្ពុជាលើផ្នែកអប់រំ។ 
 
បើតាមបេសកជនអង់គ្លេសរូបនេះ អង់គ្លេស មានអាហារូបករណ៍ជាច្រើនដូចជាអាហារូបករណ៍រដ្ឋ ​Chevening និងអាហារូបករណ៍របស់​ British Council ។ បន្ថែមពីលើនេះ រាល់សាកលវិទ្យាល័យអង់គ្លេស ក៏មានអាហារូបករណ៍ផ្ទាល់ខ្លួនសម្រាប់ផ្ដល់ឱ្យសិស្សនិស្សិតផ្សេង។ ចំណុចមួយទៀត ក្រៅពីអាហារូបករណ៍ទៅសិក្សាដល់អង់គ្លេស ស្ថាប័នអប់រំអង់គ្លេស ក៏ធ្វើប្រតិបត្តិការនៅកម្ពុជា ដែលផ្ដល់ឱកាសឱ្យយុវជនកម្ពុជាទទួលបានការអប់រំស្តង់ដាអង់គ្លេសដែរដូចជាសាលា The King's School, Canterbury និង Shrewsbury School ។
 
ចំណុចមួយទៀត ក្រុមហ៊ុនឯកជនអង់គ្លេស ក៏ផ្ដល់ផលិតផល និងសេវាកម្មផ្នែកអប់រំ។ បើតាមលោកអគ្គរាជទូត រដ្ឋាភិបាលកម្ពុជា អាចធ្វើការជាមួយបណ្ដាក្រុមហ៊ុនអង់គ្លេសដែលមានបទពិសោធដើម្បីពង្រឹងវិស័យនេះ។
 
ចង់ឱ្យប្រជាជនកម្ពុជាចងចាំជាអគ្គរាជទូតដែលស្រឡាញ់កម្ពុជា
 
ទើបថ្វាយសារតាំងនៅខែវិច្ឆិកា លោក Dominic ក៏បង្ហាញក្ដីស្រមៃនៅពេលលោកបញ្ចប់ការងារនេះទៅ។ លោកចង់ឱ្យប្រជាជនកម្ពុជាចងចាំលោកជាអគ្គរាជទូតដែលស្រឡាញ់កម្ពុជា ហើយដែលធ្វើការលើប្រធានបទដែលមានសារសំខាន់សម្រាប់ប្រជាជនកម្ពុជា។   
 
សម្រាប់ការបំពេញការងារនៅកម្ពុជាពេលនេះ លោកអគ្គរាជទូតនិយាយថា គោលដៅផ្ទាល់ទី១ របស់លោក គឺចង់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទាំង២ ព្រោះវានឹងផ្ដល់ការងារច្រើនជាងមុន និងមានប្រាក់ចំណូលច្រើនជាងមុនឱ្យប្រជាជនកម្ពុជា។ ឯទី២ គឺលោកចង់គាំទ្រសិទ្ធិប្រជាជនទាំងអស់ ពិសេសកុមារ ស្រ្តី អ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិភាគតិច និងជនពិការ។
 
«ចុងក្រោយ ខ្ញុំចង់បង្កើនកេរិ៍្តឈ្មោះចក្រភពអង់គ្លេសនៅកម្ពុជា និងកេរិ៍្តឈ្មោះកម្ពុជានៅចក្រភពអង់គ្លេសផងដែរ។» លោក Dominic Williams សង្កត់ធ្ងន់ពីបំណងដ៏ធំចុងក្រោយរបស់លោកបែបនេះ៕

Tag:
 អង់គ្លេស
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com