អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉េរូ៖ យ៉ាងតិច២នាក់ស្លាប់ និង៤នាក់រងរបួសក្នុងបាតុកម្មទាមទារឱ្យបោះឆ្នោតរើសប្រធានាធិបតីថ្មី
12, Dec 2022 , 10:50 am        
រូបភាព
បាតុករនៅប៉េរូ ប៉ះទង្គិចជាមួយកម្លាំងសន្តិសុខក្នុងការតវ៉ាទាមទារឱ្យបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ រូបថត AFP
បាតុករនៅប៉េរូ ប៉ះទង្គិចជាមួយកម្លាំងសន្តិសុខក្នុងការតវ៉ាទាមទារឱ្យបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ រូបថត AFP
ដោយ:
នៅប៉េរូ មនុស្សវ័យជំទង់ពីរនាក់បាត់បង់ជីវិត ហើយបួននាក់រងរបួសនៅថ្ងៃទី១១ ខែធ្នូ អំឡុងបាតុកម្មទាមទារឱ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្រោយលោក លោក ប៉េដ្រូ កាស្ទីយ៉ូ ត្រូវបានទម្លាក់ចេញពីតំណែង។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរប៉េរូ។

 
​លោកស្រី ឌីណា បូលូយ៉ាត ស្បថចូលជាប្រធានាធិបតីប៉េរូថ្មីកាលពីសប្តាហ៍មុន បន្ទាប់ពី លោក ប៉េដ្រូ កាស្ទីយ៉ូ ត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែង ហើយត្រូវឃុំខ្លួនពីបទប៉ុនប៉ងរំលាយសភា។ 
 
បាតុករដែលភាគច្រើនជាអ្នកគាំទ្រលោក កាស្ទីយ៉ូ នៅថ្ងៃទី១១ ខែធ្នូ ចេញតវ៉ាតាមបណ្តាក្រុងជាច្រើនហើយទាមទារឱ្យរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ជាជាងអនុញ្ញាតឱ្យលោកស្រី បូលូយ៉ាត បន្តអាណត្តិលោក កាស្ទីយ៉ូ រហូតដល់ឆ្នាំ២០២៦។ បាតុករខ្លះអំពាវនាវឱ្យរំសាយសភាទៀតផង។ 
 
បើតាមមន្រ្តីប៉េរូទទួលបន្ទុកការស៊ើបអង្កេត និងទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ​ប្រាប់វិទ្យុក្នុងស្រុក RPP អ្នកមានវ័យ១៥ឆ្នាំម្នាក់ និង១៨ឆ្នាំម្នាក់បានបាត់បង់ជីវិតដែលអាចមកពីរងរបួសដោយសារគ្រាប់កាំភ្លើង អំឡុងការប៉ះទង្គិចគ្នាជាមួយប៉ូលិសក្នុងទីក្រុង Andahuaylas ក្នុងតំបន់ Apurimac ។
 
បន្ថែមពីលើនេះ អភិបាលតំបន់ Apurimac ប្រាប់ទូរទស្សន៍ Canal N ថា អំឡុងការប៉ះទង្គិចនៅថ្ងៃទី១១ ខែធ្នូ មនុស្ស៤នាក់បានរងរបួស ហើយកំពុងព្យាបាលនៅមជ្ឈមណ្ឌលសុខភាព។ បើនៅថ្ងៃទី១០ ខែធ្នូ វិញ ប្រជាជនស៊ីវិល១៦នាក់ និងប៉ូលិស៤នាក់រងរបួស។ 
 
បើតាមវិទ្យុ RPP ក្រុម​អ្នក​តវ៉ាបាន​បាញ់​កាំភ្លើង​ខ្លី និង​គប់​ដុំ​ថ្ម ខណៈ​ប៉ូលិស​ឆ្លើយ​តប​ដោយបាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។ ប៉ូលិសបង្រ្កាបបាតុកម្មត្រូវបានដាក់ពង្រាយនៅអាកាសយានដ្ឋាន Andahuaylas ដែលស្ថិតនៅតំបន់ស្រុកកំណត់របស់លោកស្រី បូលូតយ៉ាត ដែរដើម្បីទប់ស្កាត់ក្រុមបាតុកររាប់ពាន់នាក់៕
 

Tag:
 ប៉េរូ
© រក្សាសិទ្ធិដោយ thmeythmey.com