អន្តរជាតិ
លោកពូទីន លុបចោលជំនួបជាមួយអ្នកសារព័ត៌មានលើកដំបូង ក្នុងរយៈពេល ១០ឆ្នាំ
13, Dec 2022 , 9:59 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលុបចោលសន្និសីទសារព័ត៌មានមុនដំណាច់ឆ្នាំជាមួយអ្នកសារព័ត៌មានជាលើកដំបូង ក្នុងរយៈពេល ១០ឆ្នាំ។ នេះបើតាមការប្រកាសរបស់វិមានក្រេមឡាំង នៅថ្ងៃទី១២ ខែធ្នូ។ ការលុបចោលនេះ ធ្វើឡើងស្របពេលសង្រ្គាមនៅអ៊ុយក្រែន ជិតឈានចូលខែទី១០។

 
សង្រ្គាមនៅអ៊ុយក្រែន មិនទាន់ចប់ឡើយ ដោយរុស្ស៊ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែន​។ ក្នុងកាលៈទេសៈស្មុគស្មាញបែបនេះ វិមានក្រេមឡាំង បានប្រកាសថា វានឹងមិនមានសន្និសីទសារព័ត៌មានរវាងលោកវ្ល៉ាឌីមៀ ពូទីន ជាមួយអ្នកសារព័ត៌មាននៅមុនដំណាច់ឆ្នាំឡើយ។ នេះជាការលុបចោលលើកដំបូង បើគិតចាប់ពីលោកពូទីនចូលកាន់តំណែងចាប់ពីអំឡុងឆ្នាំ២០០០ មក។ 
 
«សម្រាប់សន្និសីទសារព័ត៌មានដ៏ធំ ពិតប្រាកដណាស់ វានឹងមិនកើតឡើងមុនឆ្នាំថ្មីឡើយ»។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែធ្នូ ដោយបន្តថា រុស្ស៊ីសង្ឃឹមថា លោកប្រធានាធិបតីនឹងស្វែងរកឱកាសមួយ ដើម្បីជជែកជាមួយអ្នកសារព័ត៌មាន។ 
 
ជារៀងរាល់ឆ្នាំ លោកពូទីនតែងមានជំនួបជាមួយអ្នកសារព័ត៌មាន ជាច្រើនម៉ោង ដើម្បីជជែកពីបញ្ហាក្នុងស្រុក ក៏ដូចជាគោលនយោបាយការបរទេស។ នៅឆ្នាំ២០២១ អ្នកសារព័ត៌មានក្នុងស្រុក និងបរទេសប្រមាណ ៥០០នាក់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ៕ 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com