អន្តរជាតិ
ឥណ្ឌូណេស៊ីកោះហៅមន្ត្រី UN ក្រោយការរិះគន់លើច្បាប់ហាមឃាត់ការរួមភេទក្រៅអាពាហ៍ពិពាហ៍
13, Dec 2022 , 12:19 pm        
រូបភាព
ក្រសួងការរបទេសឥណ្ឌូណេស៊ី បានកោះហៅមន្ត្រីអង្គការសហប្រជាជាតិ (UN) ប្រចាំទីក្រុងហ្សាការតាទៅសួរនាំ​ក្រោយអង្គការមួយនេះបានបង្ហាញកង្វល់ពីការរាម​កំហែងលើសេរីភាពជនស៊ីវិលក្រោម​ច្បាប់ហាមឃាត់​ការ​រួម​ភេទ​ក្រៅអាពាហ៍ពិពាហ៍។

 
សភាឥណ្ឌូណេស៊ីកាលពីសប្ដាហ៍មុន បានអនុម័តវិសោធនកម្មក្រមព្រហ្មទណ្ឌដែលនឹងហាមឃាត់ការរួ​មភេទក្រៅអាពាហ៍ពិពាហ៍ ការរួមរស់ជាមួយគ្នារវាងដៃគូមិនទាន់រៀបការ និងការ​កែប្រែ​ដ៏​ចម្រូង​ចម្រាសផ្សេងទៀត។ ឯ UN វិញ​ក៏រិះគន់កំណែទម្រង់នេះ និងព្រមានថា អាចបណ្តាល​ឱ្យ​មាន​ការ​ថយ​ចុះនៃសេរីភាពសារព័ត៌មាន ឯកជនភាព និងសិទ្ធិមនុស្ស​តាមលទ្ធិប្រជាធិបតេយ្យ។
 
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីលោក Teuku Faizasyah លើកឡើងថា ក្រសួងការ បរទេសបានកោះហៅអ្នកសម្របសម្រួល UN ប្រចាំនៅទីក្រុងហ្សាការតាជុំវិញការលើកឡើងខាងលើ ហើយស្នើឱ្យស្ថាប័នអន្តរជាតិមួយនេះប្រឹក្សាយោបល់​ជាមួយរដ្ឋាភិបាលជាមុនសិន មុននឹង​ផ្សព្វផ្សាយ​ការយល់ច្រឡំ។
 
«ពួកគេគួរតែមកពិគ្រោះដូចអ្នកតំណាងអន្តរជាតិដទៃទៀតដែរ។ យើងសង្ឃឹមថាពួកគេមិនប្រញាប់​ប្រញាល់បញ្ចេញទស្សនៈ នៅពេលដែលមិនមានព័ត៌មានគ្រប់គ្រាន់»។ លោក Teuku ក៏​បាន​បញ្ជាក់​បែបនេះ។ មន្ត្រី UN ដែលត្រូវបានកោះហៅ គឺលោកស្រី Valerie Julliand ។
 
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលបានប្រញាប់ប្រញាល់បន្ធូរបន្ថយកង្វល់ពីឥទ្ធិពលរបស់ច្បាប់ថ្មីលើអ្នកទេសចរណ៍ផង។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ឥណ្ឌូណេស៊ី Edward Omar Sharif Hiariej បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃដដែលថា ច្បាប់ខាងលើមិនរំខានដល់ផលប្រ​យោជន៍​របស់​អ្នក​វិនិយោគបរទេស ឬភ្ញៀវទេសចរ ហើយរដ្ឋាភិបាលនឹងចំណាយពេល៣ ឆ្នាំខាងមុខដើម្បីធានាការអនុវត្តច្បាប់៕
 

Tag:
 ឥណ្ឌូណេស៊ី
  UN
© រក្សាសិទ្ធិដោយ thmeythmey.com