អន្តរជាតិ
លោក ហ្សេលេនស្គី ថាសង្គ្រាមជាមួយរុស្ស៊ីបង្កមហន្តរាយដល់បរិស្ថានរបស់អ៊ុយក្រែន
15, Dec 2022 , 10:29 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៤ ខែធ្នូ  លើកឡើងថា ការខូចខាតបរិស្ថានបណ្ដាលមកពីសង្គ្រាមរបស់រុស្ស៊ី នឹងប៉ះពាល់ដល់មនុស្សរាប់លាននាក់ ពិសេសប្រជាជនអ៊ុយក្រែនក្នុងពេលជាច្រើនឆ្នាំទៀត។ ថ្លែងទៅកាន់សភានូវែលសេឡង់ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានជំរុញឱ្យនូវែលសេឡង់ជួយដឹកនាំកិច្ចការនានាដើម្បីដោះស្រាយការខូចខាតបរិស្ថាន។



ថ្លែងទៅកាន់សភានូវែលសេឡង់តាមវីដេអូអនឡាញពីអ៊ុយក្រែន ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញពីផលប៉ះពាល់នៃសង្គ្រាមរបស់រុស្ស៊ីទៅលើបរិស្ថានអ៊ុយក្រែន ក៏ដូចជាពិភពលោកទាំងមូល។ លោក ហ្សេលេនស្គី អះអាងថា ការឈ្លានពានរបស់រុស្ស៊ីបានបំពុលដែនសមុទ្រ និងបំផ្លាញព្រៃឈើ៣លានហិកតា ព្រមទាំងប៉ះពាល់ដល់កន្លែងមានសារធាតុគីមីមួយចំនួនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងសត្វ។
 
«ទន្លេជាច្រើនត្រូវបានបំពុល អណ្តូងរ៉ែធ្យូងថ្មរាប់រយត្រូវបានជន់លិច សហគ្រាសរាប់សិបកន្លែងរួមទាំងរោងចក្រផ្ទុកសារធាតុគីមីត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី។ ទាំងអស់នេះនឹងមានឥទ្ធិពលផ្ទាល់ទៅលើមនុស្សរាប់លាននាក់»។ មេដឹកនាំអ៊ុយក្រែនលើកឡើងបែបនេះដោយសំដៅទៅលើការលេចធ្លាយសារធាតុគីមី ការបំផ្ទុះគ្រាប់បែក និងមីនជាដើមដែលសុទ្ធតែបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ 
 
លោក ហ្សេលេនស្គី អះអាងទៀតថា ធម្មជាតិដែលបានបំផ្លាញហើយ មិនអាចកសាងឡើងវិញបានទេ ដូចជីវិតដែលត្រូវបានសម្លាប់ហើយមិនអាចស្រោចស្រង់បានដែរ។ 
ជាមួយគ្នានេះ មេដឹកនាំអ៊ុយក្រែន បានជំរុញនូវែលហ្សេឡង់ឱ្យជួយដឹកនាំកិច្ចការនៅអង្គការសហប្រជាជាតិ និងនៅស្ថានប័នដទៃទៀតដើម្បីស្ដារសន្តិសុខបរិស្ថានរបស់ទីក្រុងកៀវ និងជួយក្នុងកិច្ចការបោសសម្អាតមីនជាដើម។ 
 
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន បានប្រកាសផ្តល់ជំនួយមនុស្សធម៌ជិត២លានដុល្លារទៅឱ្យអ៊ុយក្រែន ហើយបានប្រាប់ លោក ហ្សេលេនស្គី ថា សង្គ្រាមនៅអ៊ុយក្រែនមិនមែនជាសង្គ្រាមដែលត្រូវបំភ្លេចចោលឡើយ។ 
 
លោកស្រី អាឌើន ក៏បានអះអាងថា រដ្ឋាភិបាលទីក្រុងវែលីងតោនមិនមែនគាំទ្រទីក្រុងកៀវដោយសារបញ្ហាភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ឬទំនាក់ទំនងការទូតឡើយ តែវាដោយសារការពិចារណាហើយយល់ពីផលលំបាករបស់អ៊ុយក្រែន។ 
 
ចាប់តាំងពីសង្រ្គាមរុស្ស៊ីបានចាប់ផ្តើមក្នុងខែកុម្ភៈ នូវែលសេឡង់ បានគាំទ្រអ៊ុយក្រែនពេញទំហឹង ដោយចូលរួមដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរុស្ស៊ីពាក់ព័ន្ធសង្គ្រាមសរុបជាង១២០០ ហើយបានផ្តល់ជំនួយទៅឱ្យអ៊ុយក្រែនសរុបជិត៤០លានដុល្លារមកហើយ។
 
គួរបញ្ជាក់ថា វត្តមានប្រធានាធិបតីអ៊ុយក្រែនក្នុងសភានូវែលសេឡង់ ជារឿងកម្រមួយ។ អតីតមេដឹកនាំអូស្ត្រាលី លោកស្រី Julia Gillard ជាឥស្សរជនចុងក្រោយដែលថ្លែងទៅកាន់សភានូវែលសេឡង់កាលពីឆ្នាំ២០១១។ លោក ហ្សេលេស្គី ក៏បានថ្លែងទៅកាន់សភាអង់គ្លេស អាម៉េរិក និងអឺរ៉ុបផងដែរ ដើម្បីស្នើសុំជំនួយផ្សេងៗប្រឆាំងរុស្ស៊ី ក៏ដូចជាស្នើឱ្យមានតុលាការពិសេសកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី និងទាមទារសំណងជួសជុលការខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com