អន្តរជាតិ
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 របស់រុស្ស៊ី ហោះល្បាតលើសមុទ្រជប៉ុន
15, Dec 2022 , 2:23 pm        
រូបភាព
ក្រសួងការពារជាតិរុស្ស៊ីលើកឡើងនៅថ្ងៃទី១៤ ខែធ្នូថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ខ្លួន Tu-95 ចំនួន២គ្រឿងបានល្បាតរយៈពេល៧ម៉ោងនៅសមុទ្រជប៉ុន។​ ក្រុងមូស្កូបញ្ជាក់ថា ការ​ល្បាត​នេះធ្វើឡើងស្របនឹងច្បាប់ដែនអាកាសអន្តរជាតិនិងជាផ្នែកមួយនៃការហោះហើរជាធម្មតា។

 
បើតាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពផ្ទុកគ្រាប់បែក​នុយ​ក្លេ​អ៊ែរ និងមីស៊ីលនុយក្លេអ៊ែរ ​ត្រូវបានដាក់ពង្រាយជាមួយយន្តហោះចម្បាំងរុស្ស៊ី SU-class នៅឯសមុទ្រ​ជប៉ុន។ 
 
ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា បេសកកម្មខាងលើបានអនុលោមតាមច្បា​ប់ដែន​អាកាស​អន្តរជាតិ និងជាផ្នែកមួយនៃការហោះហើរទៀងទាត់នៅដែនទឹកអព្យាក្រឹតមិនថានោះតំបន់អាកទិក, អាត្លង់ទិក​ខាងជើង, សមុទ្រខ្មៅ និងសមុទ្របាល់ទិកនិងមហាសមុទ្រប៉ាស៊ីហ្វិក។
 
ទោះបីជាជាប់គាំងក្នុងសង្រ្គាមរបស់នៅអ៊ុយក្រែនក្ដី រុស្ស៊ីបានប​ន្តហោះហើ​រយន្ត​ហោះទម្លាក់គ្រាប់បែក​ជាយុទ្ធសាស្ត្រជាប្រចាំដែលបង្ហាញពីភាពរឹងមាំដល់ប្រទេសជិតខាងរបស់ខ្លួននៅតំបន់ចុងបូព៌ា។ កាល​ពី​ខែ​មុន រុស្ស៊ី​បាន​ធ្វើ​ការ​ល្បាត​រួម គ្នាជាមួយសម្ព័ន្ធមិត្ត​ចិន​លើ​សមុទ្រ​ជប៉ុន និង​សមុទ្រ​ចិន​ខាង​កើត៕
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com