អន្តរជាតិ
តំណាងតាលីបង់ និងយោធាមីយ៉ាន់ម៉ា នៅតែមិនទាន់អនុញ្ញាតឱ្យចូល UN
15, Dec 2022 , 3:59 pm        
រូបភាព
 បានប្រកាសពន្យាពេលពិចារណាការទទួលស្គាល់ប្រេសិតថ្មីតំណាងប្រទេស២ដែលកំពុងមានវិវាទផ្ទៃក្នុងរួមមានអាហ្វហ្គានីស្ថាន និងមីយ៉ាន់ម៉ា។ នេះជាការពន្យាពេលលើកទី២ហើយ លើការតែងតាំងតំណាងរដ្ឋបាលតាលីបង់ និងរបបយោធាមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ (UN) ។ បញ្ហានេះ នឹងត្រូវលើកយកមកពិភាក្សាជាថ្មីនៅ៩ខែក្រោយ។



គណៈកម្មាធិការពិធីការរបស់ UN បានប្រជុំគ្នាថ្ងៃទី១២ ខែធ្នូ ហើយយល់ព្រមដោយគ្មានការបោះឆ្នោតលើការពន្យារពេលពិចារណាលើលិខិតទទួលស្គាល់ប្រេសិតតំណាងរបបយោធាមីយ៉ាន់ម៉ា និងក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានប្រចាំនៅ UN។ កិច្ចប្រជុំក៏បានព្រមព្រៀងលើកពេលពិចារណាលើលិខិតអ្នកតំណាងទាំងពីរទៅពិភាក្សាក្នុងសម័យប្រជុំទី៧៧ នាឆ្នាំក្រោយ។
 
នេះជាលើកទី២ ដែលបញ្ហាជុំវិញតំណាងមីយ៉ាន់ម៉ា និងអាហ្វហ្កានីស្ថានត្រូវពន្យារពេល ដោយលើកទី១ កើតនៅឆ្នាំ ២០២១។ រុស្ស៊ី ចិន និងអាម៉េរិក និងប្រទេសមួយចំនួនទៀត ជាសមាជិកគណៈកម្មាធិការនេះ។
 
ចាប់តាំងពីក្រុមតាលីបង់បានដណ្តើមអំណាចកាលពីពាក់កណ្តាលខែសីហាឆ្នាំ២០២១ ប្រេសិតតំណាងអាហ្វហ្កានីស្ថាន នៅតែជាលោក Ghulam Isaczai ដែលបានតែងតាំងដោយរដ្ឋាភិបាលចាស់។ ប៉ុន្តែក្រុមតាលីបង់ដែលគ្រប់គ្រងអំណាចបានបដិសេធមិនទទួលស្គាល់លោក Isaczai ជាអ្នកតំណាងនៅ​ UN ឡើយ ហើយស្នើឱ្យដាក់លោក Suhail Shaheen ជាអ្នកតំណាងប្រទេសជំនួសវិញ។ ក្រោយមក លោក Isaczai បានលាលែងពីតំណែងជាប្រេសិតនៅ UN ហើយតាំងពីពេលនោះមក UN បានពន្យារពេលសម្រេចចិត្តផ្តល់កៅអីឱ្យភាគីណាមួយរហូតមក។
 
ចំណែករបបយោធាមីយ៉ាន់ម៉ាវិញ ក៏មិនខុសគ្នាប៉ុន្មានពីក្រុមតាលីបង់ឡើយ។ ក្រោយបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីដើមឆ្នាំ២០២១ របបយោធាបានស្នើផ្លាស់ប្ដូរប្រេសិតតំណាងមីយ៉ាន់ម៉ាពីលោក Kyaw Moe Tun ដែលជាប្រេសិតតែងតាំងដោយរដ្ឋាភិបាលលោកស្រី ស៊ូជី មកដាក់លោក Aung Thurein វិញ។ 
 
ទោះយ៉ាងណា ឯកអគ្គរដ្ឋទូត Kyaw Moe Tun នៅតែជាតំណាងអចិន្ត្រៃយ៍របស់មីយ៉ាន់ម៉ាប្រចាំ UN រហូតដល់បច្ចុប្បន្ន ព្រោះលោកបដិសេធការលាលែង ហើយគណៈកម្មាធិការរបស់មហាសន្និបាត UN ក៏បដិសេធមិនទទួលសំណើតែងតាំងប្រេសិតថ្មីតំណាងរដ្ឋាភិបាលយោធាដែរ។ 
 
គួរបញ្ជាក់ថា គណៈកម្មាធិការបញ្ជាក់អត្តសញ្ញាណរបស់ UN ក៏បានលើកពេលពិចារណាចំពោះការតែងតាំងប្រេសិតតំណាង លីប៊ី ប្រចាំនៅ UN ដែរ៕ 
 

Tag:
 មីយ៉ា់ន់ម៉ា
  តាលីបង់
  UN
© រក្សាសិទ្ធិដោយ thmeythmey.com