អន្តរជាតិ
UN បណ្តេញអ៊ីរ៉ង់ចេញពីស្ថាប័នសិទ្ធិស្រ្តីជុំវិញការបង្រ្កាបលើបាតុករ
15, Dec 2022 , 6:19 pm        
រូបភាព
ដោយ:
អ៊ីរ៉ង់ នៅថ្ងៃទី១៤ ខែធ្នូ ត្រូវបានដកចេញពីស្ថាប័នសិទ្ធិស្រ្តីរបស់អង្គការសហប្រជាជាតិជុំវិញការបំពានសិទ្ធិស្រ្តី។ ចំណាត់ការនេះត្រូវបានបញ្ជូនដោយអាម៉េរិក ស្របពេលរដ្ឋាភិបាលអ៊ីរ៉ង់បន្តគាបសង្កត់លើបាតុករទូទាំងប្រទេស។

 
ជាមួយសំឡេងគាំទ្រ២៩ ប្រឆាំង៨ និងអនុបវាទ១៦ ក្រុមប្រឹក្សាសង្គម និងសេដ្ឋកិច្ចអង្គការសហប្រជាជាតិ (ECOSOC)ដែលមានសមាជិក ៥៤ អនុម័តសេចក្តីសម្រេចបណ្តេញអ៊ីរ៉ង់ចេញពីគណៈកម្មការស្តីពីស្ថានភាពស្រ្តី។ សេចក្តីម្រេចដែលព្រាងដោយអាម៉េរិកនេះចោទអ៊ីរ៉ង់ពីការបំពានសិទ្ធិស្រ្តីជាប្រព័ន្ធ។ 
 
«រដ្ឋសមាជិកអង្គការសហប្រជាជាតិទើបតែបោះឆ្នោតដកអ៊ីរ៉ង់ចេញពីគណៈកម្មាធិការស្តីពីស្ថានភាពស្រ្តី»។ អគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield សរសេរបែបនេះលើបណ្តាញសង្គម Twitter នៅថ្ងៃទី១៤ ខែធ្នូ ដោយបន្ថែមថា សកម្មជន និងស្រ្តីអ៊ីរ៉ង់អំពាវនាវឱ្យ UN ធ្វើរឿងនេះ ហើយថ្ងៃនេះ UN បានធ្វើរួចហើយ។
 
សេចក្តីសម្រេចនេះបញ្ជាក់ថា ការបង្រ្កាបរបស់អ៊ីរ៉ង់លើបាតុករបន្តប៉ះពាល់ដល់សិទ្ធិស្រ្តី និងកុមារីរួមមានសិទិ្ធក្នុងការបញ្ចេញមតិ។ យ៉ាងណាមិញ រដ្ឋាភិបាលអ៊ីរ៉ង់មិនពេញចិត្តនឹងសេចក្តីសម្រេចនេះ ហើយកន្លងមកព្រមទាំងព្រមានថា ចំណាត់ការនេះនឹងបង្កើតឱ្យមានគំរូមិនល្អឡើយ។
 
បង្កើតឡើងក្នុងឆ្នាំ១៩៤៦ គណៈកម្មាធិការស្តីពីស្ថានភាពស្រ្តីជាស្ថាប័នសិទ្ធិស្រ្តីដំបូងគេរបស់ UN ដែលមានសមាជិក៤៥ប្រទេស ហើយជួបប្រជុំនៅខែមីនា ជារៀងរាល់ឆ្នាំដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងសិទ្ធិអំណាចរបស់ស្រ្តី។
 
ប៉ុន្មានខែមកនេះ រដ្ឋាភិបាលអ៊ីរ៉ង់ប្រឈមនឹងការតវ៉ាប្រឆាំងដ៏ខ្លាំងក្លាមិនធ្លាប់មានដែលចូលរួមដោយប្រជាជនអ៊ីរ៉ង់គ្រប់វ័យជាតិសាសន៍ និងភេទ ក្រោយកញ្ញា Masha Amini ជនជាតិឃើដ-អ៊ីរ៉ង់ វ័យ២២ឆ្នាំស្លាប់ក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃទី១៦ ខែកញ្ញា។ កញ្ញា Masha Amini ត្រូវបានប៉ូលិសខាងសីលធម៌ចាប់ខ្លួនពីបទបំពានច្បាប់សម្លៀកបំពាក់សម្រាប់ស្រ្តីដោយពាក់ក្រមាលើក្បាល (Hijab)មិនបានត្រឹមត្រូវ។ 
 
រដ្ឋាភិបាលអ៊ីរ៉ង់ចាត់វិធានការយ៉ាងតឹងរ៉ឹងលើបាតុករ ហើយទើបតែកាត់ទោសប្រហារជីវិតបុរសទីពីរនៅដើមសប្តាហ៍នេះជុំវិញបទសម្លាប់កងកម្លាំងសន្តិសុខពីរនាក់។ អំឡុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងបាតុករនេះ ទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់បញ្ជាក់ថា ត្រឹមខែធ្នូមនុស្សយ៉ាងតិចណាស់ ៤៥៨ នាក់ត្រូវបានសម្លាប់ ខណៈរដ្ឋាភិបាលអ៊ីរ៉ង់ថាមានអ្នកស្លាប់តែប្រហែល២០០នាក់ប៉ុណ្ណោះ៕
 
 
 

Tag:
 អ៊ីរ៉ង់
  UN
© រក្សាសិទ្ធិដោយ thmeythmey.com