អន្តរជាតិ
តៃវ៉ាន់៖ យន្តហោះចិន៧១គ្រឿងចូលតំបន់ការពារដែនអាកាសខ្លួនក្នុងពេល២៤ម៉ោងចុងក្រោយ
26, Dec 2022 , 9:29 pm        
រូបភាព
ដោយ:
យន្តហោះកងកម្លាំងអាកាសចិន៧១គ្រឿងរួមមានយន្តហោះចម្បាំង និងដ្រូន បានចូលតំបន់ការពារដែនអាកាសតៃវ៉ាន់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលតៃវ៉ាន់នៅថ្ងៃទី២៦ ខែធ្នូ។ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ក៏ប្រកាសជាថ្មីពីតម្រូវការបង្កើនសមត្ថភាពយោធាការពារកោះប្រកាន់ប្រជាធិបតេយ្យមួយនេះដែរ។

 
តាមរបាយការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃទី២៦ ខែធ្នូ ការលុកលុយរបស់ទ័ពអាកាសចិននេះរួមមានយន្តហោះចិន៤៣គ្រឿងឆ្លងកាត់ខ្សែបន្ទាត់ខណ្ឌចែកទឹកដីមិនផ្លូវការរវាងតៃវ៉ាន់ និងចិនដីគោក។ ក្រសួងការពារជាតិតៃវ៉ាន់បន្ថែមថា យន្តហោះចិនទាំងនោះភាគច្រើនជាយន្តហោះចម្បាំងដែលឆ្លងកាត់តំបន់រសើបនៅច្រកសមុទ្រតៃវ៉ាន់នេះមួយភ្លែតមុនហោះទៅចិនវិញ។
 
បើទោះមិនបង្កហានិភ័យដល់កោះមួយនេះ ទីភ្នាក់ងារព័ត៌មានតៃវ៉ាន់ CNA រាយការណ៍នៅថ្ងៃទី២៦ ខែធ្នូ ថា វាជាការលុកលុយរបស់កងកម្លាំងទ័ពអាកាសចិនដ៏ធំបំផុតមកទល់បច្ចុប្បន្នដែលបង្ហាញពីសម្ពាធកើនឡើងជាបន្តបន្ទាប់របស់ចិននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ 
 
ជុំវិញបញ្ហានេះ នាពិធីយោធាមួយនៅព្រឹកថ្ងៃដដែល ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បញ្ជាក់ជាថ្មីពីតម្រូវការបង្កើនសមត្ថភាពការពារជាតិសម្រាប់តៃវ៉ាន់ប្រឆាំងនឹងការពង្រីកនៃរបបផ្តាច់ការ។ 
 
«យើងត្រៀមខ្លួនបន្ថែមកាលណា ការប៉ុនប៉ងឈ្លានពានកាន់តែតិច។ យើងរួមរួបគ្នាកាន់តែខ្លាំងកាលណា តៃវ៉ាន់នឹងកាន់តែខ្លាំង និងមានសុវត្ថិភាព»។ ប្រធានាធិបតីតៃវ៉ាន់ លើកឡើងបែបនេះ។ 
 
មុននេះមួយថ្ងៃ ទីបញ្ជាការយោធាចិនភូមិភាគខាងកើត ប្រកាសថាយោធាខ្លួនបានធ្វើសមយុទ្ធបាញ់ប្រហារ និងល្បាតប្រុងជើងការប្រយុទ្ធនៅដែនសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ដើម្បីឆ្លើយតបទៅនឹងការបង្ករឿងរបស់អាម៉េរិក និងតៃវ៉ាន់។ ក្រុងតៃប៉ិប្រតិកម្មរឿងនេះថា ក្រុងប៉េកាំងកំពុងតែគំរាមប្រជាជនតៃវ៉ាន់ ហើយបំផ្លាញសន្តិសុខក្នុងតំបន់។
 
ចុងសប្តាហ៍មុន រដ្ឋាភិបាលលោក ចូ បៃឌិន ដែលតែងលក់អាវុធ និងផ្តល់ជំនួយយោធាដល់តៃវ៉ាន់ការពារខ្លួនពីចិន អនុម័តកញ្ចប់ថវិកាការពារជាតិសម្រាប់ឆ្នាំ២០២៣-២០២៧ ដែលក្នុងនោះមានជំនួយឥតសំណងសម្រាប់តៃវ៉ាន់១០ពាន់លានដុល្លារផងដែរ៕
 
 

Tag:
 ចិន
  តៃវ៉ាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com