អន្តរជាតិ
កូរ៉េខាងត្បូង និងកូរ៉េខាងជើង បញ្ជូនដ្រូនចូលដីគ្នាទៅវិញទៅមក
27, Dec 2022 , 9:29 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
យោធាកូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែធ្នូ បានអះអាងថា ដ្រូនកូរ៉េខាងជើងចំនួន ៥គ្រឿងបានហោះឆ្លងព្រំដែនអន្តរកូរ៉េ ដោយដ្រូនមួយគ្រឿង បានហោះពីលើក្រុងសេអ៊ូលភាគខាងជើង។ ជាការឆ្លើយតប កូរ៉េខាងត្បូង បានបញ្ជូនដ្រូនទៅក្នុងដីកូរ៉េខាងជើងវិញ។

 
តាមនាយសេនាធិការចម្រុះ(JCS) កូរ៉េខាងត្បូងបានចាប់សញ្ញាដ្រូននៅក្នុងតំបន់ព្រំដែនខេត្ត Gyeonggi នាវេលាម៉ោង ១០ និង២៥នាទីព្រឹក (ម៉ោងក្នុងស្រុក)។ ដ្រូនទាំងនោះមានទំហំទទឹងប្រមាណ ២ម៉ែត្រ ឬតូចជាងនេះ។ 
 
ដ្រូនទាំងនោះ បានហោះឆ្លងបន្ទាត់បែងចែកតំបន់យោធា (MDL) ដែលបែងចែកព្រំដែនអន្តរកូរ៉េ និងត្រូវបានចាប់សញ្ញានៅក្នុងក្រុង Gimpo, កោះ Ganghwa និងក្រុង Paju។ បញ្ហានេះ បានធ្វើឱ្យកូរ៉េខាងត្បូង ត្រូវផ្អាកការហោះហើរយន្តហោះស៊ីវិល ដើម្បីសុវត្ថិភាព។ នេះជាការហោះចូលក្នុងដីកូរ៉េខាងត្បូងជាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ 
 
ទន្ទឹមនេះ ដ្រូនមួយគ្រឿង បានហោះមកកាន់តំបន់ភាគជើងក្រុងសេអ៊ូល ខណៈដ្រូនរបស់កូរ៉េខាងជើងផ្សេងទៀត មានវត្តមាននៅកោះ Ganghwa។ 
 
ក្រោយមានហេតុការណ៍បែបនេះ​ កូរ៉េខាងត្បូង បានព្រមានយន្តហោះដ្រូនទាំងនោះ, បាញ់ព្រមាន និងថែមទាំងបញ្ជូនយន្តហោះចម្បាំង រួមទាំងឧទ្ធម្ភាគចក្រទៅរារាំងដ្រូនទាំងនោះ។ ប៉ុន្តែគ្មានការបញ្ជាក់ឡើយ ថាតើដ្រូនទាំងនោះមានបំពាក់អាវុធឬយ៉ាងណា។ 
 
 យោធាកូរ៉េខាងត្បូង បានបញ្ជាក់ថា ប្រតិបត្តិការប្រឆាំងដ្រូនទាំង៥មានរយៈពេលសរុប ៥ម៉ោង ខណៈដ្រូន ១គ្រឿង បានប្រតិបត្តិការរយៈពេល ៣ម៉ោង មុនហោះចូលដីកូរ៉េខាងជើងវិញ។ ចំណែកដ្រូនផ្សេងទៀត បានបាត់ពីរ៉ាដារបស់កូរ៉េខាងត្បូង។ 
 
ជាការឆ្លើយតប កូរ៉េខាងត្បូង បានបញ្ជូនដ្រូនរបស់ខ្លួនទៅតំបន់ព្រំដែនវិញ ដោយដ្រូនមួយចំនួន បានហោះចូលក្នុងដីកូរ៉េខាងជើង ដើម្បីឃ្លាំមើលស្ថានការណ៍ ក៏ដូចជាថតរូបបន្ទាយយោធារបស់កូរ៉េខាងជើងជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
សូមបញ្ជាក់ថា ការបញ្ជូនដ្រូនចូលក្នុងដីកូរ៉េខាងត្បូងនេះ ធ្វើឡើងក្រោយពេលកូរ៉េខាងជើងទើបតែបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លី និងមធ្យមទៅក្នុងសមុទ្រខាងកើត៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com