អន្តរជាតិ
ហ្វីលីពីន និងចិននឹងចុះកិច្ចព្រមព្រៀងបញ្ចៀសភាពតានតឹងនៅសមុទ្រចិនខាងត្បូង
30, Dec 2022 , 8:29 pm        
រូបភាព
ដោយ:
ហ្វីលីពីន និងចិន នឹងបង្កើតការទំនាក់ទំនងដោយផ្ទាល់រវាងក្រសួងការបរទេសរបស់ប្រទេសទាំងពីរដើម្បីបញ្ចៀសការគណនាខុស និងការយល់ច្រលំគ្នានៅតំបន់ជម្លោះរ៉ាំរ៉ៃនៅសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលក្រុងម៉ានីលលើកឡើងបែបនេះនៅថ្ងៃទី២៩ ខែធ្នូ ។


 
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ជាមួយប្រតិភូរបស់លោករួមមានអតីតប្រធានាធិបតី Gloria Arroyo, ទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំធុរកិច្ច នឹងធ្វើទស្សនកិច្ចនៅចិនពីថ្ងៃទី៣​ ខែមករា ដល់ថ្ងៃទី៥ ខែមករា។ អំឡុងទស្សនកិច្ចនោះ ប្រធានាធិបតីហ្វីលីពីន លោក Marcos នឹងជួបជាមួយសមភាគីចិន ស៊ី ជិនភីង​ ហើយកិច្ចព្រមព្រៀងទ្វេភាគីដល់ទៅ១៤ រំពឹងថានឹងត្រូវបានចុះហត្ថលេខា។ 
 
កិច្ចព្រមព្រៀងដើម្បីសម្រាលភាពតានតឹងដែលអាចនឹងកើតមានរវាងភាគីទាំងពីរនៅសមុទ្រចិនខាងត្បូងក៏នឹងត្រូវចុះហត្ថលេខានៅសប្តាហ៍ក្រោយដែរ។ 
 
«ដើម្បីបញ្ចៀសការគិតខុស និងការយល់ខុសលើគ្នានៅសមុទ្រហ្វីលីពីនខាងលិច ភាគីទាំងពីរឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងដោយផ្ទាល់រវាងក្រសួងការបរទេសប្រទេសទាំងពីរនៅកម្រិតផ្សេងៗ»។ លេខាធិការទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់ហ្វីលីពីន លោក Neal Imperial ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី២៩ ខែធ្នូ ដោយសំដៅលើសមុទ្រចិនខាងត្បូង។
 
បើតាមលោក Imperial កិច្ចព្រមព្រៀងនេះនឹងបង្កើតជានីតិវិធីទាក់ទងជាផ្លូវការរវាងប្រទេសទាំងពីរ នៅពេលជម្លោះកើតឡើង។ លោកបង្ហើបថា អំឡុងកិច្ចប្រជុំជាមួយលោក ស៊ី និងថ្នាក់ដឹកនាំផ្សេងទៀត លោក Marcos នឹងបន្តរក្សាអធិបតេយ្យភាពរបស់ប្រទេស ហើយប្រធានាធិបតីហ្វីលីពីនចង់ឱ្យសមុទ្រហ្វីលីពីខាងលិចស្ថិតក្នុងស្ថានភាពមួយប្រកបដោយស្ថិរភាព និងសន្តិភាព។ 
 
កន្លងមក លោក Marcos ទទូចថា នឹងមិនអនុញ្ញាតឱ្យចិនជាន់ឈ្លីលើសិទ្ធិដែនសមុទ្ររបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូងនោះទេ។ ក្រុងប៉េកាំងទាមទារស្ទើតែទាំងអស់នៃដែនទឹកនៅសមុទ្រចិនខាងត្បូងដែលជាន់ជាមួយនឹងការទាមទាររបស់ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ។ 
 
បន្ថែមពីលើការច្រានចោលសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តការក្រុងឡាអេដែលឱ្យហ្វីពីនឈ្នះក្តីចិនលើសំណុំរឿងដែនទឹកនៅសមុទ្រចិនខាងត្បូងកាលពីជាង៦ឆ្នាំមុន ចិនពង្រឹងជំហររបស់ខ្លួនដោយបន្តបង្កើតកោះសិប្បនិមិ្មតនៅប្រជុំកោះ Spratly។ 
 
តាមទូរទស្សន៍ Bloomberg ដែលទទួលបានពីរូបភាពផ្កាយរណបរបស់មន្រ្តីអាម៉េរិករាយការណ៍កាលពីសប្តាហ៍មុន ដីថ្មីរបស់ចិនត្រូវបានឃើញលេចឡើងនៅប្រជុំកោះ Eldad, Whitsun, Lankiam, កោះ Lankiam និងកោះ Sandy។ ប៉ុន្មានថ្ងៃក្រោយមក រដ្ឋាភិបាលក្រុងម៉ានីលដែលព្រួយបារម្ភយ៉ាងខ្លាំងពីរបាយការណ៍នោះបញ្ជាឱ្យយោធារបស់ខ្លួនពង្រឹងវត្តមាននៅតំបន់ទឹកនោះ៕
 
 
 
 
 

Tag:
 ចិន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com