សេដ្ឋកិច្ច
អន្តរជាតិ
ធនាគារ SIAM ៖ ប្រទេស CLMV មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងឆ្នាំ ២០២៣
05, Feb 2023 , 9:39 pm        
រូបភាព
បើតាមការព្យាកររបស់ធនាគារ SIAM កម្ពុជានឹងកំណើនសេដ្ឋកិច្ចប្រមាណ ៥,៥ភាគរយ ខណៈឡាវ និងមីយ៉ាន់ម៉ានឹងកើនឡើងក្នុងអត្រា ៣ភាគរយ ហើយវៀតណាមនឹងកើនឡើងខ្ពស់ជាងគេ ៦,២ភាគរយនៅឆ្នាំ ២០២៣។  តម្រូវការក្នុងស្រុក និងវិស័យទេសចរណ៍ជាកត្តាដ៏សំខាន់ នៃការជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ។

 
ធនាគារ Siam Commercial Bank (SCB) ដែលមានមូលដ្ឋាននៅប្រទេសថៃ បានចេញរបាយការណ៍ថ្មីមួយកាលពីថ្ងៃទី ១ ខែកុម្ភៈ ថា បណ្តាប្រទេស CLMV រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នឹងសម្រេចបាននូវកំណើនដ៏រឹងមាំនាពេលអនាគតដ៏ខ្លី។  ក្នុងនោះ SCB ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥,៥ភាគរយ ឡាវ និងមីយ៉ាន់ម៉ានឹងសម្រេច ៣ភាគរយ និងវៀតណាម ៦,២ភាគរយនៅឆ្នាំ ២០២៣។
 
បើតាមរបាយការណ៍ខាងលើ តម្រូវការក្នុងស្រុក និងវិស័យទេសចរណ៍នឹងក្លាយជាកត្តាជំរុញដ៏សំខាន់ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់បណ្តាប្រទេស CLMV ។ ប្រទេសវៀតណាមសម្រេចបានអត្រាខ្ពស់នៃភាពមានការងារធ្វើ កាលពីត្រីមាសទី៤ ឆ្នាំ២០២២ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ 
 
ទន្ទឹមនឹងនេះ វិស័យសេវាកម្មនឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃចំនួនភ្ញៀវទេសចរនៅឆ្នាំនេះ ជាពិសេសភ្ញៀវទេសចរចិន ដែលមានកំណើនប្រមាណ ៣០ទៅ៣៥ភាគរយនៃភ្ញៀវទេសចរបរទេសទាំងអស់ បើធៀបឆ្នាំ ២០១៩។ ថ្មីៗនេះរដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យមានដំណើរទេសចរណ៍បរទេសជាក្រុម មកកាន់ប្រទេសកម្ពុជា និងឡាវ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ហើយរំពឹងថានឹងកើនឡើងបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ។
 
ធនាគារ SCB ក៏បានលើកឡើងពីការធ្លាក់ចុះតម្រូវការបរទេស គួបផ្សំនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលអាចប៉ះពាល់ដល់ការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស (FDI) ដល់បណ្តាប្រទេស CLMV ។ ការបើកដំណើរការឡើងវិញនៃប្រទេសចិន អាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើការនាំចេញ និង FDI មួយផ្នែកផងដែរ។
 
ក្នុងបរិបទបែបនេះ ធនាគារ SCB រំពឹងថា ធនាគារកណ្តាលនៃប្រទេស CLMV ប្រហែលជានឹងអនុវត្តគោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងនៅឆ្នាំនេះ ហើយអាចទម្លាក់ភាពរឹតត្បិតមកវិញ បន្ទាប់ពីអតិផរណាមាននិន្នាការធ្លាក់ចុះ៕

Tag:
 CLMV
© រក្សាសិទ្ធិដោយ thmeythmey.com