អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន នៅថ្ងៃទី៨ ខែមីនា បានជំរុញឱ្យអង់គ្លេស់ និងអាស៊ាន ដំឡើងកម្រិតទំនាក់ទំនងទៅមុខបន្តទៀត ដើម្បីពង្រឹង និងធ្វើឱ្យស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី ដែលអាចធ្វើឱ្យលេចចេញជារូបរាងនូវចក្ខុវិស័យរួមលើភាពជឿនលឿន និងវិបុលភាព។
អាស៊ាន បានផ្តល់ឋានៈភាពជាដៃគូពិភាក្សាដល់អង់គ្លេស នៅក្នុងឆ្នាំ២០២១ ស្របពេលទំនាក់ទំនង និងពាណិជ្ជកម្មប្រទេសទាំងពីរ មានការអភិវឌ្ឍយ៉ាងខ្លាំង។ ដោយទំនាក់ទំនងប្រទេសទាំងពីរមានភាពល្អប្រសើរបែបនេះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ជំរុញឱ្យមានការអភិវឌ្ឍទៅមុខបន្ថែមទៀត។
«យើងគួរតែដំឡើងការអភិវឌ្ឍមួយនេះ ដើម្បីពង្រីក និងធ្វើឱ្យស៊ីជម្រៅនៅក្នុងទំនាក់ទំនងជាមួយអង់គ្លេស និងដើម្បីធ្វើឱ្យលេចជារូបរាងនូវចក្ខុវិស័យរួមសម្រាប់ភាពជឿនលឿន និងវិបុលភាព»។ អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវេទិកាធុរកិច្ចអាស៊ាន-អង់គ្លេសឆ្នាំ២០២៣ ដែលធ្វើឡើងនៅថ្ងៃទី៨ ខែមីនា។
ទន្ទឹមនេះ ប្រមុខអង្គការតំបន់ បានជំរុញឱ្យមានការរៀបចំច្រវាក់ផលិតកម្មសម្រាប់ការរក្សាទំនាក់ទំនង និងសកម្មភាពសម្របសម្រួលដ៏ល្អមួយ ដើម្បីដោះស្រាយបញ្ហាច្រវាក់ផលិតកម្ម ដែលកើតចេញពីភាពតានតឹងភូមិសាស្រ្តនយោបាយ ជម្លោះពាណិជ្ជកម្ម ក៏ដូចជាជំងឺឆ្លងសកល។
បន្ថែមពីនេះ លោកកៅ គឹមហួន ក៏បានលើកទឹកចិត្តឱ្យធុរកិច្ចអង់គ្លេសមានចក្ខុវិស័យរយៈពេលវែង សម្រាប់ការការវិនិយោគ និងពាណិជ្ជកម្មនៅក្នុងតំបន់មួយនេះ។ មិនតែប៉ុណ្ណោះ អគ្គលេខាធិការអាស៊ាន បានចាត់ទុកអង់គ្លេស ជាដៃគូយុទ្ធសាស្រ្តមួយ ក្នុងការជួយគាំទ្រអាស៊ាន និងធុរកិច្ចក្នុងតំបន់ តាមរយៈគំនិតបង្កើតថ្មី និងប្រព័ន្ធឌីជីថល។
ក្នុងវេទិកាដដែលនេះ លោក Nigel Huddleston សមាជិកសភាអង់គ្លេស ក៏បានអះអាងផងដែរថា កិច្ចការអាស៊ាន និងអង់គ្លេសក្នុងពេលនេះ គឺសំខាន់ជាងពេលណាទាំងអស់ ដោយសារពិភពលោកកំពុងប្រឈមបញ្ហាជាច្រើនដូចជា អតិផរណា, ពាណិជ្ជកម្មសេរីស្ថិតនៅក្រោមការគំរាមកំហែង និងច្រវាក់ផលិតកម្មភាពភាពយឺតយ៉ាវ។ មន្រ្តីអង់គ្លេសរូបនេះ ក៏បានរិះគន់សង្រ្គាមនៅអ៊ុយក្រែន ដែលបង្កដោយរុស្ស៊ីផងដែរ។
ចំណែករដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូណេស៊ីលោក Zulkifli Hasan បានយល់ថា អាស៊ាន បានដើរតួនាទីដ៏សំខាន់ និងផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជនទាំងក្នុងតំបន់ និងក្រៅតំបន់។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងអង់គ្លេស នៅក្នុងឆ្នាំ២០២១ មានទំហំប្រមាណ ៤៥ពាន់លានដុល្លារ ដោយកើនឡើង៣,៧ភាគរយ បើធៀបនឹងឆ្នាំ២០២០ ដែលមានទំហំប្រមាណ ៤៣,៣ពាន់លានដុល្លារ៕